ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលបានចុះ អនុវត្តន៍ដីកាឃាត់ខ្លួនបុរស ២នាក់ជា មន្ត្រីបរិស្ថានប្រចាំទីស្នាក់ការ មជ្ឈមណ្ឌលគ្រប់គ្រង តំបន់ស្នូល ព្រែកទាល់ ពីបទបាញ់គំរាមមន្ត្រីជលផល តាមដីកាឲ្យចូលខ្លួន លេខ៣៣ និង៣៤ អ.កចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ចេញដោយលោក តូច សុភក្តី ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តបាត់ដំបង ប្រព្រឹត្តកាលពី ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ នៅចំណុចឡូត៌២ តំបន់ស្នូលព្រែកទាល់ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានកសាង សំណុំរឿងបញ្ជូន ជនសង្ស័យទាំង ២នាក់នេះ ទៅកាន់តុលាការ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ដើម្បីចាត់ការតាមនិតិវិធី។ ថាបុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ គឹម ចាន់ថេង អាយុ ៤៧ឆ្នាំ ជាអ្នកបាញ់ រស់នៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងឈ្មោះ ឡុង ឃន អាយុ ៤៧ឆ្នាំ ជាអ្នកបញ្ជា រស់នៅភូមិ.ឃុំមុខរា ស្រុករុក្ខគីរីខេត្តបាត់ដំបងុ ទាំង ២នាក់នេះជាមន្ត្រី ជាប់កិច្ចសន្យា របស់ក្រសួងបរិស្ថាន ។
បុរសសង្ស័យមិនបានចូលខ្លួន តាមដីកាបង្គាប់ឲ្យចូលខ្លួនលេខ ៣៣និង៣៤អ.ក ចុះថ្ងៃ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ ចេញដោយលោក តូច សុភក្តី ព្រះរាជអាជ្ញារងចំនួន ២ដង ទើបមន្ត្រីនគរបាល អនុវត្តដីកា នៃស្នងការដ្ឋាន នគរបាលខេត្ត បានសហការជាមួយមន្ត្រី នគរបាលស្រុកឯកភ្នំ ចុះអនុវត្តដីកា ចាប់ខ្លួនមន្ត្រីបរិស្ថានទាំង ២នាក់នេះតែម្តង។ ជនជាប់ចោទទាំង ២នាក់ បាននិយាយថា នៅថ្ងៃកើតហេតុទី១ ខែឧសភា ឆ្នាំ២០១៣ មាន មនុស្ស ៣នាក់ បានជិះកាណូត ចូលតំបន់ហាមឃាត់ ក្នុងអតីតឡូត៍លេខ២ តំបន់អភិរក្ស ដោយមិនបាន ជូនដំណឹងមុន។
ពេលនោះពួកគេកំពុងប្រចាំការ បានបាញ់កាំភ្លើង ទៅលើ ១គ្រាប់ ដើម្បីស្ទាក់សួរនាំ ក្រោយមកទើបដឹងថា អ្នកជិះកាណូតទាំង ៣នាក់នោះជា លោក ជួង សុភា នាយខណ្ឌរដ្ឋបាល ជលផលបាត់ដំបង ហើយក៏សុំទោសគាត់ភ្លាមៗដែរ។ លុះដល់ថ្ងៃទី៨ ខែធ្នូនេះ ស្រាប់តែមាន នគរបាលបានយកដីកា បញ្ជាឲ្យនាំខ្លួនពួកគេទាំង ២នាក់ បញ្ជូនមកតុលាការតែម្តង ដោយអះអាងថា ពួកខ្លួនមិនបានចូលខ្លួន តាមដីការចំនួន ២លើក ។
បើតាមរបាយការណ៍ របស់កម្លាំងអាវុធហត្ថ ស្នាក់ការសន្តិសុខ៥០៨ ប្រចាំទិសព្រែកទាល់ ស្រុកឯកភ្នំ បានឲ្យដឹងថា បទល្មើសនេសាទ ឆក់ត្រីខុសច្បាប់ ជាច្រើនករណី បានកើតឡើង ពេញបន្ទុកដោយសារតែ មន្ត្រីបរិស្ថានគ្រប់គ្រងការពារ តំបន់ស្នូលព្រែកទាល់ ជាអ្នកបើកភ្លើងខៀវ ឲ្យជនល្មើស ចូលឆក់ត្រី កន្លងមក។ បើតាមរបាយការណ៍ នាយខណ្ឌជលផល កាលពេលកើតហេតុបានចោទថា ក្រុមមន្ត្រីបរិស្ថានធ្វើការបាញ់ គំរាមកំហែងមន្ត្រីជំនាញ និងផ្តល់ជាសញ្ញាអោយ អ្នកប្រព្រឹត្តបទល្មើនេសាទដឹងថា មានអ្នកបង្ក្រាបដ៏ទៃ ចូលមកដល់ដែននេសាទហើយ ដូច្នេះត្រូវលាក់វត្ថុតាង បទល្មើសអោយអស់៕
0
Source from: watphnom-news.com
Post a Comment