 
ខេត្តព្រះសីហនុ ៖ ចាប់តាំងពីអង្គភាពប្រឆាំង អំពើពុករលួយបានចាប់ ឃាត់ខ្លួនលោក ភី រិទ្ធ ជាអនុប្រធានពន្ធដារ ខេត្តព្រះសីហនុ គេសង្កេតឃើញមន្ត្រីជាច្រើនទៀត មិនសូវទៅបម្រើការងារនោះទេ ដែលទំនងជាមានការភ័យខ្លាចនិងបាក់ស្បាតចំពោះ ចំណាត់ការរបស់លោក ឱម យ៉ិនទៀង ហើយភ្លាមៗនោះក៏មានការ ដកតំណែងលោក ខៀន សង្ហារ ជាប្រធានសាខាពន្ធដារខេត្តព្រះសីហនុ យ៉ាងតក់ក្រហល់ មិនដឹងជាមានអាថ៌កំបាំងអ្វីទេ នាំឲ្យធ្វើឲ្យគ្រប់ៗគ្នាមានចម្ងល់ យ៉ាងខ្លាំងថា តើលោក ខៀន សង្ហារ មានជាប់ពាក់ព័ន្ធ ជាមួយលោក ភី រិទ្ធ ដែលជាមនុស្សជំនិតរបស់គាត់ ក្នុងកម្រិតណានោះទេ សម្រាប់សំណុំរឿងពុករលួយ គួរឲ្យភ្ញាក់ផ្អើលនោះ។
មន្ត្រីមួយចំនួនបានលើកឡើងថា ការចាប់ឃាត់ខ្លួនលោក ភី រិទ្ធ អតីតអនុប្រធាន សាខាពន្ធដារខេត្តព្រះសីហនុ ជាមនុស្សជំនិតរបស់លោក ខៀន សង្ហារ នោះគឺទាក់ទិននឹងសំណុំរឿងពុករលួយដ៏ធំមួយ ដែលអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានអញ្ជើញលោក ភី រិទ្ធ មកឆ្លើយបំភ្លឺប៉ុន្មានលើក រួចមកហើយ។ គេដឹងថាអ្វីដែលលោក ភី រិទ្ធ បានធ្វើកើតឡើង ដោយសារតែមានការចាត់តាំង ឬការឆ្លងយោបល់ពីលោក ខៀន សង្ហារ ដែលជាមេកើយ ទើបអាចទៅរួច ហើយករណីដែលលោក ភី រិទ្ធ ជាប់ទាក់ទិនជាមួយ អំពើពុករលួយគឺគាត់ បានឆ្លើយបំភ្លឺទៅតាមដំណើររឿង ដែលមានទាក់ទិនយ៉ាងវែងអន្លាយ ដូចសម្លកំពឹស ជាមួយប្រធានពន្ធដារ ខេត្តព្រះសីហនុ គឺលោក ខៀន សង្ហារ។
មានការបញ្ជាក់ផងដែរថា ការបង់ពន្ធអចលនទ្រព្យ សម្រាប់ការផ្ទេរកម្មសិទ្ធិ លើទីតាំងដីធំៗ បង្កើតឲ្យមានអំពើពុករលួយ យ៉ាងស៊ីជម្រៅក្នុងអង្គភាព ពន្ធដារខេត្តព្រះសីហនុ ហើយគេមិនទាន់គិតដល់ អំពើពុករលួយនៃការ ប្រមូលពន្ធប៉ាតង់ ពន្ធរបបពិត និងពន្ធប្រាក់ចំណេញ ដែលកើតឡើង ក្រោមរូបភាពមិនប្រក្រតី ជាលេសដែលមន្ត្រីពន្ធដារពុករលួយ ដូចជាលោក ភី រិទ្ធ ជាដើមប្រមូលយកទៅ ច្រកហោប៉ៅធ្វើមាន ធ្វើបានផ្ទាល់ខ្លួន។ លោក ខៀន សង្ហារ គឺជាអ្នកផ្តើមឲ្យមានអំពើពុករលួយ និងបិទភ្នែកឲ្យមន្ត្រីក្រោមឱវាទ ធ្វើអ្វីៗតាមតែអំពើចិត្ត ផ្គើនទៅនឹងគោលការណ៍កែទម្រង់ របស់អង្គភាពប្រឆាំងអំពើពុករលួយ ហើយសូម្បីតែលោក គង់ វិបុល ជាអគ្គនាយកពន្ធដារ ក៏មិនដែលឮមាត់ឮកពីបញ្ហានេះ មិនដឹងជា មានទំនាក់ទំនងអ្វីជាសម្ងាត់ឡើយ។
នៅពេលដែលមិនទាន់ មានការឆ្លើយបំភ្លឺឲ្យបានច្បាស់លាស់ អំពីរឿងរ៉ាវពុករលួយដ៏ធំបំផុត នៅក្នុងអង្គភាពពន្ធដារ ខេត្តព្រះសីហនុ ច្បាស់ណាស់ដែលថា ប្រជាពលរដ្ឋមួយចំនួនមើលឃើញពីការ ជាប់ពាក់ព័ន្ធយ៉ាងវែងអន្លាយ របស់លោក ខៀន សង្ហារ ដែលបង្កើតឲ្យមានភាពមិនប្រក្រតី នៃការប្រមូលពន្ធដារគ្រប់ប្រភេទ។ យ៉ាងណាក៏ដោយ មានព័ត៌មានល្ហិចល្ហៀងមួយចំនួន បានបង្ហើបឲ្យដឹងថា លោក ភី រិទ្ធ ដែលកំពុងជាប់ឃុំ ក្នុងរឿងពុករលួយមានអ្នកជួយរត់ការខ្វែងដៃខ្វែងជើង ដើម្បីធានាឲ្យនៅក្រៅឃុំ ព្រោះការទុកឲ្យលោក ភី រិទ្ធ ជាប់ក្នុងពន្ធនាគារតែម្នាក់ឯង អាចនាំឲ្យមានការបែកធ្លាយ រឿងអាស្រូវកាន់តែច្រើនថែមទៀត ហើយគេមានគម្រោងបញ្ចប់ សំណុំរឿងត្រឹមតែបញ្ហាតូចមួយ ដោយទុកឲ្យលោក ភី រិទ្ធ ទទួលខុសត្រូវតែម្នាក់ឯង។
បើតាមការសង្កេតជារួម នៅក្នុងប្រទេសកម្ពុជា ក្រុមមន្ត្រីដែលត្រូវបាន ដកតំណែងយ៉ាងតក់ក្រហល់ ច្បាស់ជាមានបញ្ហាអ្វីមួយហើយ ដូចជាក្នុងអង្គភាពពន្ធដារ ខេត្តព្រះសីហនុ មានការចាប់ឃាត់ខ្លួន អនុប្រធានពន្ធដារ ដែលល្បីខាងប្រព្រឹត្ត អំពើពុករលួយ យូរយារណាស់មកហើយ ក៏ស្រាប់តែមានការផ្លាស់ប្តូរ តំណែងលោក ខៀន សង្ហារ យ៉ាងតក់ក្រហល់ទៅទៀត ដែលនាំឲ្យ គ្រប់ៗគ្នាសង្ស័យថា លោក ខៀន សង្ហារ ទំនងជាមានជាប់ពាក់ព័ន្ធ ជាមួយសំណុំរឿងពុករលួយ របស់លោក ភី រិទ្ធ ផងដែរហើយមើលទៅ។ យ៉ាងណាក៏ដោយ មន្ត្រីពន្ធដារមួយចំនួនបានទាញអារម្មណ៍ ឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ពិនិត្យមើលឡើងវិញផងពីមន្ត្រីពន្ធដារធំៗ ដែលពុករលួយជាចំហ ដូចជាប្រធាននាយកដ្ឋាន ប្រមូលពន្ធតាមរបបពិត និងនាយកដ្ឋានប្រមូលពន្ធតាមក្រុមហ៊ុន សហគ្រាស។
មានការបញ្ជាក់ផងដែរថា មន្ត្រីធំៗទាំងនេះ បានឃុបឃិតប្រព្រឹត្តអំពើពុករលួយ បំបាត់ចំណូលពន្ធដារ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងមួយឆ្នាំៗ ហើយប្រសិនបើមាន វិធានការជាក់ស្តែងក្នុងការ លុបបំបាត់អំពើពុករលួយ ក្នុងជួរមន្ត្រីធំៗពិតជា អាចធ្វើឲ្យមន្ត្រីតូចតាច ខ្លាចរអាមិនហ៊ានប្រព្រឹត្តអំពើពុករលួយទេ ដូច្នេះការបោសសម្អាត អំពើពុករលួយគួរធ្វើ ពីលើមកក្រោម ពីមន្ត្រីធំៗ មកមន្ត្រីតូចៗ។ គេកំពុងតាមដាន យ៉ាងយកចិត្តទុកដាក់ថា តើនឹងមានវិធានការ ស៊ើបអង្កេតពីអំពើពុករលួយ របស់មន្ត្រីពន្ធដារធំៗ ក្នុងនាយកដ្ឋានប្រមូលពន្ធ តាមរបបពិត និងនាយកដ្ឋានប្រមូលពន្ធ តាមក្រុមហ៊ុនសហគ្រាស ឬក៏អត់ទន្ទឹមពេលដែល មានសេចក្តីរាយការណ៍ថា អំពើពុករលួយនៅទីនោះ បានក្លាយជារឿងគួរឲ្យភ័យខ្លាច៕
 	
 	 
Source from: watphnom-news.com
 



 




















 Loading...
  Loading...





Post a Comment