ក្រុងប៉ោយប៉ែត៖ក្រុមមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធបានជជែកដេញដោលគ្នាតាមហាងកាហ្វេអំពីបញ្ហាសំណង់ខុសច្បាប់ដែលកំពុងរីកដុះដាលយ៉ាងអនាធិបតេយ្យក្រុងប៉ោយប៉ែត ៖ ក្រុមមន្ត្រីនិងសមត្ថកិច្ចពាក់ព័ន្ធ បានជជែកដេញដោលគ្នា តាមហាងកាហ្វេ អំពីបញ្ហាសំណង់ខុសច្បាប់ ដែលកំពុងរីកដុះដាល យ៉ាងអនាធិបតេយ្យ នៅលើទឹកដីជាយដែន ក្រុងប៉ោយប៉ែត ស្រាប់តែមានការទម្លាយឲ្យដឹងថា ភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែង ស្ថិតនៅខាងត្បូងផ្សារអគ្គថ្មី ដែលជាកម្មសិទ្ធិ របស់លោក ប្រាក់ ប៉ូលី ជាប្រធានការិយាល័យភូមិបាល និងសុរិយោដី ក្រុងប៉ោយប៉ែត ដែលបានសាងសង់ រួចរាល់ជាស្ថាពរហើយនោះ ក៏មិនមានការសុំច្បាប់ទម្លាប់ ឲ្យបានត្រឹមត្រូវនោះដែរ ហើយទំនងជាមិនមាន ការបង់ពន្ធជូនរដ្ឋ តាមគោលការណ៍នោះទេ។
បញ្ហានេះនាំឲ្យគ្រប់ៗគ្នាចំអកថា សូម្បីតែភូមិគ្រឹះរបស់ ប្រធានការិយាល័យ ភូមិបាលនិងសុរិយោដី ក្រុងប៉ោយប៉ែត គ្មានច្បាប់ទម្លាប់ហើយនោះ តើលោក ប្រាក់ ប៉ូលី អាចទៅហាមឃាត់ ឬបង្ក្រាបសំណង់ខុសច្បាប់ របស់នរណាបានទៅ ម្ល៉ោះហើយបានជាសំណង់ ខុសច្បាប់គ្រប់ប្រភេទ ចេះតែរីករាលដាលគួរឲ្យ ព្រួយបារម្ភបំផុត។ ក្រុមអ្នកសារព័ត៌មាន បានទៅជួបសួរនាំលោក ប្រាក់ ប៉ូលី អំពីបញ្ហាសំណង់ខុសច្បាប់ ដែលកំពុងកើតឡើង យ៉ាងអនាធិបតេយ្យនៅ ទូទាំងក្រុងប៉ោយប៉ែត ហើយគាត់បានអះអាងថា សំណង់មួយចំនួន នៅក្រុងប៉ោយប៉ែត គាត់ទទួលស្គាល់ថា មិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ហើយសំណង់ខ្លះ ដែលប៉ះពាល់ដល់ចំណីផ្លូវជាតិ និងដីរថភ្លើងនោះ ខាងមន្ត្រីជំនាញបានឲ្យម្ចាស់សំណង់ទាំងនោះ មកចុះកិច្ចសន្យារួចរាល់អស់ហើយ។
ដែលក្នុងព្រមព្រៀងគ្នានោះ បានបញ្ជាក់យ៉ាងច្បាស់ថា បើថ្ងៃណារដ្ឋត្រូវការដី សម្រាប់ការអភិវឌ្ឍអ្វីនោះ ត្រូវវាយសំណង់នោះចោលវិញ ដោយមិនអាចទាមទារ សំណងអ្វីឡើយ។ ការបំភ្លឺរបស់លោក ប្រាក់ ប៉ូលី ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន គិតឃើញថា គាត់មិនបានអនុវត្តន៍ការងារ ឲ្យបានត្រឹមត្រូវតាមតួនាទី ដែលថ្នាក់លើបានផ្តល់ឲ្យនោះទេ ព្រោះតាមគោលការណ៍ច្បាប់ សំណង់ខុសច្បាប់សង់ ដែលត្រូវបានលើដីចំណីផ្លូវ ឬដីបំរុងទុកសម្រាប់អភិវឌ្ឍន៍ គឺជំនាញសំណង់ របស់លោក ប្រាក់ ប៉ូលី ត្រូវចាត់វិធានការហាមឃាត់ ឲ្យបានទាន់ពេលវេលា មិនមែនជាការណែនាំ ឲ្យចុះកិច្ចសន្យាជាថ្នូរនៃការ ទទួលយកលាភសក្ការៈ មកច្រកហោប៉ៅតាមរបៀប ពុករលួយនោះទេ។
នៅពេលមានការជជីកសួរនាំ អំពីភូមិគ្រឹះដ៏ធំស្កឹមស្កៃ នៅក្បែរផ្សារអគ្គថ្មី លោក ប្រាក់ ប៉ូលី ក៏បានបញ្ជាក់ប្រាប់ អ្នកកាសែតទៀតថា សំណង់របស់គាត់ មានច្បាប់ឬគ្មានច្បាប់នោះ គ្មានបញ្ហានោះទេ កុំឲ្យតែសំណង់នោះ សាងសង់ឡើងខុសបច្ចេកទេស ទៅបានហើយ។ យ៉ាងណាក៏ដោយលោក លី សារី ជាប្រធានមន្ទីរនគរូបនីយកម្ម ដែនដីនិងសំណង់ ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សំណង់ដែលសាងសង់ឡើង ក្រោមពី ៥០០ម៉ែត្រការ៉េ ប្រជាពលរដ្ឋអាចសុំច្បាប់ សាងសង់ត្រឹមការិយាល័យ ភូមិបាលក្រុងប៉ោយប៉ែត តែបើលើសពីចំនួននេះ ត្រូវសុំច្បាប់អនុញ្ញាតដល់មន្ទីរ ហើយលោក លី សារី ក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ចំពោះបញ្ហាភូមិគ្រឹះ របស់លោក ប្រាក់ ប៉ូលី ជាប្រធានភូមិបាល ក្រុងប៉ោយប៉ែតដ៏ធំស្កឹមស្កៃនោះ ក៏គ្មានច្បាប់ទម្លាប់ដែរ។
ដោយត្អូញត្អែរអំពីបញ្ហា អនាធិបតេយ្យជាច្រើន ដែលកំពុងកើតមាននៅលើ ទឹកដីក្រុងប៉ោយប៉ែត លោក លី សារី បានលើកឡើងទៀតថា បញ្ហាសំណង់នៅក្នុង ក្រុងប៉ោយប៉ែតនេះ ពិតជារីកដុះដាលច្រើនស្អេកស្កះ គួរឲ្យកត់សម្គាល់ ហើយសំណង់ជាច្រើន ត្រូវបានគេសាងសង់ឡើង ខុសលក្ខណៈបច្ចេកទេស មិនបានសុំច្បាប់ឲ្យត្រឹមត្រូវ នាំឲ្យខាតបង់ចំណូលថវិកាជាតិ រាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ព្រោះជាគោលការណ៍ ម្ចាស់សំណង់ធំត្រូវសុំច្បាប់សាងសង់ និងត្រូវបង់ពន្ធជូនរដ្ឋ ទៅតាមតម្លៃដែលបានកំណត់ ប៉ុន្តែករណីដែលមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ឃុបឃិតឲ្យមានការសាងសង់ ដោយខុសច្បាប់នាំឲ្យ បាត់បង់ចំណូលពន្ធ ដោយប្រាក់ទាំងនោះ ត្រូវបានបង្វែរចូលហៅប៉ៅ ជនពុករលួយមួយក្តាប់តូច យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងរំភើយ។
អ្នកមានលុយនិងមានអំណាច នៅទូទាំងក្រុងប៉ោយប៉ែត បាននិយាយតាមស្ថានភាពពិតជាក់ស្តែងថា ឲ្យតែមានលុយបង់ឲ្យ ជំនាញសុរិយោដីរបស់លោក ប្រាក់ ប៉ូលី និងមន្ត្រីសំណង់នៅ សាលាក្រុងប៉ោយប៉ែត ជាដៃឆ្វេង ដៃស្តាំរបស់លោក ង៉ោ ម៉េងជ្រួន ទោះជាសង់លើផ្ទះលើ ដីចំណីផ្លូវជាតិលេខ៥ ផ្លូវរថភ្លើងគ្មានច្បាប់ទម្លាប់ គឺសង់ប៉ុន្មានជាន់ក៏បានដែរ ហើយយ៉ាងច្រើនគេហៅ ទៅធ្វើកិច្ចសន្យាមិនឲ្យទារសំណង ពេលណាមួយដែលរដ្ឋត្រូវការ វាយសំណង់ទាំងនោះចោល។ យ៉ាងណាក៏ដោយ មានការកោតសរសើរចំពោះ ការអភិវឌ្ឍន៍ជីវភាពថ្មីរបស់លោក ប្រាក់ ប៉ូលី ដែលបច្ចុប្បន្ននេះ នរណាក៏ដឹងដែរថា លោក ប្រាក់ ប៉ូលី គឺជាមហាសេដ្ឋីវ័យក្មេង គ្រាន់តែឋានៈជាប្រធាន ការិយាល័យភូមិបាល និងសំណង់ប្រចាំ ក្រុងប៉ោយប៉ែតសោះ ភាពមានបានរបស់គាត់មិនចាញ់ឧកញ៉ា ឬរដ្ឋមន្ត្រីមួយចំនួននោះទេ៕
Source from: watphnom-news.com























Loading...




Post a Comment