ខេត្តបាត់ដំបង ៖ ដោយសារតូចចិត្ត ប្រពន្ធរត់ចោលអស់ជាង ២ឆ្នាំ បុរសវ័យចំណាស់ម្នាក់ ដែលមានជំងឺសសៃប្រសាទ បានយកខ្សែគោចងក ដាច់ធ្លាក់ពីលើធ្នឹមមកលើដី ក្បែរក្បាលគ្រែដេកស្លាប់នៅក្នុងផ្ទះ ត្រូវបានកូនប្រទះឃើញក្រោយពេលត្រឡប់ពីស្រែវិញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ នៅក្នុងផ្ទះស្ថិតក្នុងភូមិបាលស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
បុរសវ័យចំណាស់ដែលចងក សម្លាប់ខ្លួនមានឈ្មោះ ឆោម សិទ្ធ អាយុ ៦៩ឆ្នាំមានជំងឺសសៃប្រសាទ រស់នៅជាមួយកូនប្រុសឈ្មោះ យ៉ន តារាទន់ អាយុ ១៧ឆ្នាំ កំពុងសិក្សាមានទីលំនៅ ក្នុងភូមិកើតហេតុខាងលើ ហើយសមត្ថកិច្ចបានរកឃើញ វត្ថុតាងមានខ្សែគោ តូចផុយប្រវែងជាង ១ម៉ែត្រជាប់កសាកសពផងដែរ។ កូនប្រុសជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ពេលដែលខ្លួនឡើងពីស្រែ ត្រឡប់ចូលផ្ទះនៅម៉ោង ១១យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ បើកទ្វារផ្ទះភ្លាម ស្រាប់តែឃើញសពឪពុក ដេកដួលនៅក្បាលគ្រែ ដោយមានចំណងខ្សែគោរុំកប្រវែងជាង ១ម៉ែត្រហើយបានរាយការណ៍ ជូនសមត្ថកិច្ចតែម្តង។
កូនប្រុសជនរងគ្រោះ បានបន្តទៀតថា ក្រោយពីម្តាយរត់ចោលប្រហែល ២ឆ្នាំ ឪពុកក៏មានជំងឺសន្លប់ម្តង ហើយ ខ្លួនបាននាំទៅព្យាបាលទើបដឹងថា ឪពុកមានជំងឺសសៃប្រសាទ ហើយគ្រូពេទ្យបានឲ្យថ្នាំយកមកលេបនៅផ្ទះ។ ពេលអស់ថ្នាំ ខ្លួនមិនបានទៅរក ឲ្យគាត់ពិសារទៀតទេ ហើយគាត់តែងតែ និយាយម្នាក់ឯងថា ខ្លាចគេមកចាប់គាត់ ព្រោះខ្លួនមានទោស។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ពិតជាបានយកខ្សែគោ ចងកនឹងធ្នឹមផ្ទះសម្លាប់ខ្លួនមែន តែដោយខ្សែគោនោះ វាផុយទើបដាច់ធ្លាក់មកដី ដោយមិនដឹងថា ចងកពីពេលណាទេ ព្រោះនៅព្រឹកថ្ងៃទី១៣ ខែធ្នូ មានធុំក្លិនស្អុយខ្លាំងណាស់៕
Source from: watphnom-news.com























Loading...




Post a Comment