
បុរសវ័យជិត៣០ឆ្នាំម្នាក់ដែលគ្រោងនឹងចូលរោងការធ្វើជាកូនកម្លោះនៅខែមករា ឆ្នាំ២០១៣ខាងមុខ ត្រូវបានជួបរឿងអកុសលដោយរថយន្តធុនធំដឹកគ្រឿងសំណង់មួយគ្រឿងរបស់ក្រុមហ៊ុនសាច់ញាត់លោកឧកញ៉ា ឡុង ម៉េង បុកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១៤និង២០នាទីរសៀល ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញនេះ នៅលើកំណាត់មហាវិថីសេនាប្រមុខ គីម អ៊ីលស៊ុង ទល់មុខវិទ្យាស្ថានសុខភាពជាតិសាធារណៈ ខាងជើងផ្សារ៧មករា ឋិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ខណ្ឌទួលគោក បានឲ្យដឹងថា បុរសជាជនរងគ្រោះដែលត្រូវរថយន្តធុនធំបុកស្លាប់នោះ មានឈ្មោះ ថៃ ភក្តី អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៤B សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈដែលជនរងគ្រោះជិះម៉ូតូធំម៉ាក PULSAR ពាក់ស្លាកលេខភ្នំពេញ 3P-6014 ដើរចែកធៀបការ ។ រីឯអ្នកបើកបររថយន្តបង្កម៉ាកនីសាន់ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3A-1574 នោះមានឈ្មោះ នន់ ណាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីបើករថយន្តរត់គេចបានចម្ងាយជាង១០០ម៉ែត្រពីកន្លែងកើតហេតុ ។
ប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តធុនធំដឹកគ្រឿងសំណង់ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ស្លាប់បាត់បង់ជីវិតយុវជនជិតចូលរោងការនោះ គឺជារថយន្តរបស់ក្រុមហ៊ុនលក់គ្រឿងសំណង់យីហោ នី ហេង ឋិតនៅក្បែរវត្តមហាមន្ត្រី សង្កាត់អូរឡាំពិក និងមានដាក់សញ្ញាសម្គាល់ "LM" ដែលគេស្គាល់ថា ជាក្រុមហ៊ុនសាច់ញាតិរបស់លោកឧកញ៉ា ឡុង ម៉េង ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទដ៏មានឥទ្ធិពល ។
បច្ចុប្បន្ននេះ រថយន្តនិងទោចក្រយានយន្តត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ហើយអ្នកបើកបររថយន្តបង្កក៏ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕

Source from: www.dtn7.com























Loading...




Post a Comment