
ប្រភពព័ត៌មានពីគេហទំព័រ The Nation របស់ថៃ ដែលបានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិគម្រប់ឆ្នាំទី៦៥នេះ បានឲ្យដឹងថា លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា ជានាយករដ្ឋមន្ត្រី «ចាំផ្ទះ» បានឆ្លើយទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានសួរថា ករណីមេដឹកនាំក្រុមបាតុករទាមទារឲ្យត្រកូល ស៊ី ណាវ៉ាត្រា ចាកចេញពីប្រទេសថៃនោះ តើលោកជំទាវយល់យ៉ាងណា? ទាំងក្តុកក្តួលក្នុងអារម្មណ៍ និងសម្រក់ទឹកភ្នែកថា «នាងខ្ញុំមិនដឹងថាតើត្រូវថយក្រោយដល់កម្រិតណានោះទេ គឺសុំត្រឹមភាពយុត្តិធម៌តែប៉ុណ្ណោះ ក្នុងនាមជាពលរដ្ឋថៃ គឺចង់រស់នៅលើទឹកដីថៃ»។
សូមបញ្ជាក់ជូនថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ភូមិបុល អាបឌុលយ៉ាដេត ទ្រង់បានឡាយព្រះហស្តលេខាកាលពីរាត្រីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញនេះ រាជានុញ្ញាតឲ្យរំលាយរដ្ឋសភាតាមសំណើរបស់លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃនិងឲ្យមានការរៀបចំបោះឆ្នោតសាជាថ្មីឡើងវិញនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខ ។
កាលពីវេលាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ដោយពិនិត្យឃើញថា ស្ថានការណ៍នយោបាយប្រទេសថៃកាន់តែអាក្រក់ទៅៗ នាំឲ្យលោកជំទាវ ប្រកាសសម្រេចរំលាយរដ្ឋសភា ដើម្បីបញ្ចប់ការធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលនិងប្រគល់សិទ្ធិអំណាចជូនប្រជារាស្ត្រវិញតាមរយៈការបោះឆ្នោតសាជាថ្មីឡើងវិញ ។ ដូច្នេះ លោកជំទាវនាយករដ្ឋមន្ត្រីថៃ រូបនេះ បានក្លាយជានាយករដ្ឋមន្ត្រី «ចាំផ្ទះ»។
ប្រភពពីគណបក្សភឿថៃបានឲ្យដឹងថា លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា និងបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សដដែល នាពេលខាងមុខ ហើយគណបក្សនយោបាយនេះ ក៏បានអំពាវនាវឲ្យបណ្តាគណបក្សនយោបាយនានាដែលចង់ចូលរួមការបោះឆ្នោត ជាពិសេសគណបក្សប្រជាធិបតេយ្យរបស់លោក អាប់ភីស៊ីត វេចាជីវ៉ា ធ្វើការចូលរួមបោះឆ្នោតបញ្ឈប់នូវសកម្មភាពតវ៉ាតាមផ្លូវសាធារណៈបង្កឲ្យប៉ះពាល់ដល់ប្រទេសជាតិនិងប្រជារាស្ត្រ ។
គេមិនទាន់ដឹងច្បាស់អំពីជំហររបស់ក្រុមបាតុករប្រឆាំងរាជរដ្ឋាភិបាលដឹកនាំដោយលោក ស៊ូថេប សងស៊ូបាង នោះទេ ខណៈក្រុមបាតុករមិនទាន់បញ្ឈប់សកម្មភាពធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលនៅឡើយបន្ទាប់ពីព្រះមហាក្សត្រថៃរាជានុញ្ញាតឲ្យរំលាយរដ្ឋសភាធ្វើការបោះឆ្នោតសាជាថ្មីឡើងវិញនេះ ពីព្រោះមេបាតុករស៊ូថេប តែងបានអះអាងថា ការរំលាយរដ្ឋសភាមិនមែនជាគោលដៅចុងក្រោយរបស់ខ្លួនទេ៕


Source from: www.dtn7.com























Loading...




Post a Comment