
Post, Like, Comment និង Share គឺជាភាសា និងអក្សរដែលអ្នកមាន Account Facebook ប្រើប្រាស់ក្នុងគេហទំព័របណ្តាញសង្គមដ៏ពេញនិយមមួយនេះនៅកម្ពុជា ។
ភាពពេញនិយមរបស់គេហទំព័របណ្តាញសង្គម Facebook នៅកម្ពុជា ធ្វើឲ្យគេហទំព័រព័ត៌មាននៅកម្ពុជាសឹងតែទាំងអស់ត្រូវការ Facebook ដើម្បី Share ចែករំលែកនូវព័ត៌មានរបស់ខ្លួន តាមរយៈការបង្កើនចំនួនអ្នក Like Fan Page ដែលខ្លួនបង្កើតនៅក្នុង Facebook រហូតមានគេហទំព័រព័ត៌មានមួយចំនួនបានចំណាយលុយជាប្រចាំ ដើម្បីឲ្យក្រុមហ៊ុន Facebook ជួយ Promote Page ឲ្យខ្លួនឲ្យបានច្រើនពីអ្នកលេង Facebook ។ លើសពីនេះ សូម្បីតែសិល្បៈការិនីខ្លះក៏បានប្រើប្រាស់ចំនួន Like Fan Page របស់ខ្លួនក្នុងគេហទំព័រ Facebook ដើម្បីធ្វើជាការវាស់ស្ទង់កម្រិតប្រជាប្រិយភាពរបស់ខ្លួនទៀតផង ។
ជាមួយនឹងគ្មានការសុំអាជ្ញាប័ណ្ណអនុញ្ញាតពីក្រសួងព័ត៌មានដូចគេហទំព័រនានាដែលចេញផ្សាយនៅកម្ពុជា និងគ្មានការត្រួតពិនិត្យពីសំណាក់រាជរដ្ឋាភិបាលទៀតផងនោះ ធ្វើឲ្យគេហទំព័របណ្តាញសង្គម Facebook នៅកម្ពុជាក្លាយជាជង្រុក ឬសម្បុកព័ត៌មានលឿនរហ័ស ទាំងរូបភាព ទាំងអក្សរ និងប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ដ្បិត Account មកពីគ្រប់និន្នាការនយោបាយ គ្រប់ពូជសាសន៍ គ្រប់ពណ៌សម្បុរ គ្រប់ឋានៈ សុទ្ធតែអាចលេង Facebook បានទាំងអស់ ដោយគ្មានចំណាយអ្វីច្រើនក្រៅពីសេវា Internet ។
ទន្ទឹមនឹងនេះដែរ គេហទំព័របណ្តាញសង្គម Facebook នៅកម្ពុជាបច្ចុប្បន្ន ត្រូវបានមជ្ឈដ្ឋានទូទៅកត់សម្គាល់ឃើញថា បានដើរតួនាទីហួសពីព្រំដែនព័ត៌មាន និងការបញ្ចេញមតិ សិទ្ធិសេរីភាព តាមបែបប្រជាធិបតេយ្យ និងថ្លៃថ្នូរសម្រាប់ជាតិ ព្រមទាំងបង្កើនចំណេះដឹងដល់យុវជន បែរជាធ្លាក់ចូលទៅរកព័ត៌មានតាមបែបអនាធិបតេយ្យទៅវិញ ។
ព័ស្តុតាងបានបង្ហាញថា ពាក្យជេរប្រទេច រូបភាពអាសអាភាស រូបភាពកាត់ត ប្រមាថទៅលើអង្គព្រះមហាក្សត្រ ប្រមាថទៅលើថ្នាក់ដឹកនាំគណបក្សនយោបាយធំៗទាំង២ ដែលមានអាសនៈនៅក្នុងរដ្ឋសភា "ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី" ពាក្យអសុរោះគ្រប់បែបយ៉ាង "អា មឹង…" ព័ត៌មានបំផ្លើសខុសពីការពិតទាំងស្រុង ធ្វើឲ្យមានការភ័ន្តច្រឡំ "ឧទាហរណ៍ Post នូវព័ត៌មានថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ទទួលមរណភាព, ឯកឧត្តម សម រង្ស៊ី គ្រោះថ្នាក់ចរាចរណ៍, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលមរណភាព…" ព័ត៌មានមានលក្ខណៈជាការគំរាមកំហែង "Post នូវរូបកាំភ្លើង និងប្រើពាក្យពេចន៍គំរាមដល់ថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ"…។ល។ ដែលរូបភាព និងព័ត៌មានបែបនេះមិនមែនជាព័ត៌មាន និងរូបភាពសំដៅដល់ការរិះគន់ដើម្បីស្ថាបនានោះទេ ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជា មានការចាប់អារម្មណ៍ថា ក្រៅពីផលវិជ្ជមានដោយសារការលេង Facebook គឺចំពោះផលអវិជ្ជមានជាច្រើនផ្សេងទៀតគ្មានការទទួលខុសត្រូវឡើយនៅក្នុង Facebook ព្រោះគេហទំព័រ Facebook គ្មានកម្រិតនៃការទទួលខុសត្រូវចំពោះមុខច្បាប់ច្បាស់លាស់ម្យ៉ាង និងម្យ៉ាងទៀត Account Facebook ខ្លះ ឬក៏ច្រើនផង ជាប្រភេទ Account ក្លែងក្លាយ អាចយកមកប្រើប្រាស់ដើម្បី Post នូវព័ត៌មាន ឬរូបភាពមិនត្រឹមត្រូវ ឬមិនគប្បី ហើយអាចលុបចោលវិញបានភ្លាមៗ ដែលសូម្បីតែសិស្សសាលាថ្នាក់អនុវិទ្យាល័យក៏អាចមាន Account លេង Facebook បានដែរ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា សង្គមជាតិទាំងមូលនឹងគ្មានកិត្យានុភាព ឬកិត្តិយសបន្តិចណាឡើយ ប្រសិនបើភាសា និងរូបភាពប្រមាថ ពាក្យអសុរោះកើតមានចំពោះថ្នាក់ដឹកនាំប្រទេស ទាំងប្រភពមកពីគណបក្សប្រឆាំង ទាំងប្រភពមកពីគណបក្សកាន់អំណាច ព្រមទាំងព័ត៌មានមិនពិតផ្សេងៗទៀត ចេះតែបន្តកើតមាននៅលើគេហទំព័រមួយដែលកំពុងទទួលបាននូវការពេញនិយមនៅកម្ពុជា គឺ Facebook ដូចពាក្យដែលគេហៅថា "Facebook ជាជង្រុកព័ត៌មានបែបប្រជាធិបតេយ្យផង និងបែបអនាធិបតេយ្យផង" ។
គេហទំព័រសារព័ត៌មានដើមត្នោត ដែលមាន Page មួយនៅក្នុងបណ្តាញសង្គម Facebook ដែរនោះ យល់ឃើញថា បណ្តាអ្នកមាន Account Facebook ទាំងអស់ គួរតែចាប់យកឱកាសល្អ និងផលប្រយោជន៍រៀងៗខ្លួនពីគេហទំព័រ Facebook ដើម្បីទទួលបាន និងចែករំលែកនូវព័ត៌មានគ្រប់យ៉ាងនាំមកនូវជាគុណប្រយោជន៍សម្រាប់ជាតិ និងសម្រាប់ខ្លួនយើងម្នាក់ៗក្នុងនាមជាប្រជាជាតិមួយរស់នៅក្នុងសង្គមស៊ីវិល័យ និងប្រជាធិបតេយ្យពិតប្រាកដ ៕
នេះជាព័ត៌មានមិនពិតនិងជារូបភាពមិនសមរម្យកើតមាននៅលើបណ្តាញសង្គម Facebook



Source from: www.dtn7.com























Loading...




Post a Comment