ខេត្តកណ្ដាល៖ម៉ូតូពីរគ្រឿងបានបោលបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យយុវជន៣នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនៅលើស្ពានថ្មក្រុងតាខ្មៅខេត្តកណ្ដាល ៖ ម៉ូតូពីរគ្រឿងបានបោលបុកគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យយុវជន ៣នាក់បានរងរបួសធ្ងន់ សន្លប់ស្តូកស្តឹងនៅលើ ស្ពានថ្មក្រុងតាខ្មៅ ហើយត្រូវបានរថយន្ត របស់ស្នងការនគរបាលខេត្តកណ្តាល ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ កាលពីវេលាម៉ោង ០០និង១០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣។
ប៉ូលិសចរាចរក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ពុំមានលិខិតស្នាម សម្គាល់ពីអត្តសញ្ញាណឡើយ ហើយពួកគេរងរបួសជាទម្ងន់ សន្លប់ស្តូកស្តឹង។ មុនដំបូងគេឃើញម៉ូតូមួយគ្រឿង ម៉ាកស៊ីតធី សេ១០០កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ៤៩៣៩ ក្រ.ច ជិះឌុបគ្នាបីនាក់ ធ្វើដំណើរលើកំណាត់ ផ្លូវជាតិលេខ២ ពីទិសខាងត្បូងទៅជើង ដោយបញ្ច្រាសស្លាកសញ្ញា។
ស្រាប់តែ ម៉ូតូស៊ីធីសេ១០០ ពណ៌ក្រហមដូចគ្នាដែរ ពាក់ស្លាកលេខ ទ ៥៩៤៦ ភព បើកបរដោយបុរសម្នាក់ មកពីទិសខាងជើងទៅត្បូង ក៏បុកគ្នាយ៉ាងពេញទំហឹង ត្រង់កណ្តាលស្ពានតែម្តង បណ្តាលឲ្យមនុស្សចំនួនបួននាក់ រងរបួសក្នុងនោះ មាន ៣នាក់របួសធ្ងន់សន្លប់ស្តូកស្តឹង ឯម្នាក់ទៀត រងរបួសស្រាល។ បន្ទាប់មកឃើញ រថយន្តសង្គ្រោះ របស់ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល មកដឹកជញ្ជូនទៅកាន់ មន្ទីរពេទ្យរាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរ បង្កឡើងដោយម៉ូតូ និងម៉ូតូបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ៣នាក់នេះ មូលហេតុមកពី អ្នកបើកបរម៉ូតូស៊ីធីសេ១០០ កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ ៤៩៣៩ ក្រច មិនគោរព ស្លាកសញ្ញាហាមឃាត់ ហើយបើកបរក្នុង ស្ថានភាពស្រវឹងទៀតផង។ ជនរងគ្រោះទាំង ៣នាក់រហូតមកដល់ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣នេះ ស្ថានភាពរបួសនៅតែ ធ្ងន់ធ្ងរមិនទាន់ដឹងខ្លួននៅឡើយ។
ប៉ូលិសក៏បានអំពាវនាវ ដល់ក្រុមគ្រួសារដែលបាន បាត់សាច់ញាតិ ហើយជិះម៉ូតូ ដូចភិនភាគខាងលើ សូមមកទំនាក់ទំនង នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការដោះស្រាយ ទៅតាមនីតិវិធីច្បាប់៕
Source from: watphnom-news.com
























Loading...




Post a Comment