
បន្ទាប់ពីមានការសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិរួចមក ឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្សប្រឆាំងដ៏ធំមួយនេះ បានប្រកាសកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ម្សិលមិញ តាមបណ្តាញសង្គម Facebook ថា គណបក្សសង្គ្រោះជាតិនឹងធ្វើបាតុកម្មរៀងរាល់ថ្ងៃ "ឥតឈប់" ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញនៅឆ្នាំ២០១៤ខាងមុខ ដែលការសម្រេចចិត្តលម្អិតរបស់គណបក្ស នឹងប្រកាសឲ្យដឹងបន្ថែមនៅក្នុងឱកាសប្រារព្ធធ្វើមហាបាតុកម្មនៅថ្ងៃស្អែកទី១៥ ខែធ្នូ ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ ។
ការប្រកាសរបស់គណបក្សសង្គ្រោះជាតិបែបនេះ គឺទទួលបានការអបអរសាទរយ៉ាងខ្លាំងពីស្រទាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ហើយក៏ជាការវិវឌ្ឍថ្មីទាក់ទងនឹងជំហរធ្វើបាតុកម្មរបស់គណបក្សប្រឆាំងដែរ ពីព្រោះមហាបាតុកម្មលើកមុនៗរបស់គណបក្សសង្គ្រោះជាតិ ត្រឹមទាមទារឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យ ស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតប៉ុណ្ណោះ ប៉ុន្តែលើកនេះ គឺទាមទារឲ្យមានការបោះឆ្នោតសាជាថ្មីឡើងវិញតែម្តង ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា ប្រសិនបើគណបក្សនយោបាយធំៗទាំង២ដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភានាសម័យបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ឯកភាពគ្នាឲ្យមានការរៀបចំបោះឆ្នោតជ្រើសទាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញនៅពេលខាងមុខនោះ គឺឯកឧត្តម សម រង្ស៊ី ក្នុងនាមជាប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាព នឹងអាចមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រឲ្យគេបោះឆ្នោតពេញលេញហើយ ពីព្រោះកាលពីថ្ងៃបោះឆ្នោតលើកមុន "ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣" ឯកឧត្តម សម រង្ស៊ី មិនមានឱកាសបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតជាអ្នកតំណាងរាស្ត្រទេ រហូតធ្វើឲ្យឯកឧត្តម សម រង្ស៊ី បានបញ្ជាក់រួចហើយថា "អ្នកឈ្នះខ្ញុំ គឺឈ្នះខ្យល់ ហើយការបោះឆ្នោតនេះ ជាការបោះឆ្នោតឥតន័យ" ។
មជ្ឈដ្ឋានអ្នកវិភាគនយោបាយនិងកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ចាប់តាំងពីមានការបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ អស់រយៈពេលជាង២០ឆ្នាំមក ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្របានប្រព្រឹត្តទៅចំនួន៥លើករួចហើយ តែរាល់ការបោះឆ្នោតម្តងៗ ខាងភាគីអ្នកចាញ់ឆ្នោតតែងតែ "ឡាំប៉ា" មិនទទួលស្គាល់លទ្ធផលឆ្នោតជានិច្ច ហើយមានពេលខ្លះបានធ្វើឲ្យជាប់គាំងខាងនយោបាយក្រោយការបោះឆ្នោតទៀតផង ។ ដោយឡែក ចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥កន្លងទៅនេះ គឺខាងគណបក្សសង្គ្រោះជាតិបានតវ៉ាចាប់តាំងពីថ្ងៃប្រកាសលទ្ធផលឆ្នោតបណ្តោះអាសន្ន ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត "គ.ជ.ប" មកម្ល៉េះ ដោយទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីឲ្យគណបក្សឈ្នះឆ្នោតបានឈ្នះដោយថ្លៃថ្នូរ កុំឲ្យឈ្នះតាមរយៈការលួចបន្លំ និងប្លន់សន្លឹកឆ្នោត រីឯគណបក្សចាញ់ឆ្នោតបានចាញ់ដោយអស់ចិត្ត ។ ដូច្នេះ ខាងគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សនយោបាយអះអាងថាបានឈ្នះឆ្នោត គួរតែពិចារណាទៅលើសំណើរបស់គណបក្សសង្គ្រោះជាតិ ដើម្បីតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនផង ដើម្បីលុបបំបាត់វប្បធម៌ "ឡាំប៉ា" ផង និងដើម្បីកុំឲ្យពាក្យចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជាថា បានឈ្នះឆ្នោតដោយការលួចបន្លំ និងប្លន់សន្លឹកឆ្នោតក្លាយជាការពិតផង ។
ទោះយ៉ាងណា គេមិនទាន់បានដឹងអំពីជំហររបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយកាន់កាប់អំណាច និងអះអាងថា ជាអ្នកឈ្នះឆ្នោត ហើយបានរៀបចំបង្កើតក្បាលម៉ាស៊ីនរដ្ឋសភាឯកបក្ស និងរាជរដ្ឋាភិបាលស្រេចបាច់នោះនៅឡើយ ។ លើសពីនេះ គេត្រូវគិតដែរថា តើ"គ.ជ.ប"ត្រូវកែទម្រង់តាមរបៀបណា ? ថវិកាសម្រាប់ចំណាយលើការបោះឆ្នោតសាជាថ្មីនោះបានមកពីណា ? ប្រព័ន្ធការបោះឆ្នោត ជាពិសេសច្បាប់-លិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការបោះឆ្នោត តើត្រូវកែសម្រួលយ៉ាងដូចម្តេច ដើម្បីធានាការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ត្រឹមត្រូវ ? ៕

Source from: www.dtn7.com























Loading...




Post a Comment