
ជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតដែលបណ្តាញសារព័ត៌មានក្នុងស្រុកនានាបានចុះផ្សាយថា កោដ្ឋដាក់ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ ឬហៅថា ព្រះបរមសារីរិកធាតុ របស់ព្រះពុទ្ធព្រះបរមគ្រូនៃយើង និងមាសមួយចំនួនដែលតម្កល់ទុកនៅព្រះសក្យមុនីចេតិយនៃភ្នំព្រះរាជទ្រព្យ ឬហៅភ្នំឧដុង្គ ឋិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានបាត់កាលពីថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៣កន្លងមក ។
បញ្ហាដែលគួរ្ឲ្យចាប់អារម្មណ៍ថែមទៀតនោះ គឺខណៈដែលសមត្ថកិច្ចឃាត់ខ្លួនឆ្មាំយាមសក្យមុនីចេតិយភ្នំឧដុង្គចំនួន១៣នាក់ មកធ្វើការសាកសួរ ក្រុមឆ្មាំយាមព្រះបរមសារីរិកធាតុ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ប្រាក់ខែរបស់ពួកគាត់គឺទទួលបានតិចតួច និងបាត់អស់ជាច្រើនខែមិនទាន់បានបើក ។
អនុលោមតាមមាត្រា៤៣ វាក្យខណ្ឌទី៣ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា "ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ" គឺអ្នកលួចព្រះបរមសារីរិកធាតុ មានន័យស្មើនឹងការបំផ្លាញព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។
ដូច្នេះ ករណីបាត់ព្រះអដ្ឋិធាតុនៃព្រះសម្មាសម្ពុទ្ធ ឬហៅថា ព្រះបរមសារីរិកធាតុ គឺត្រូវតែវែកមុខរកឲ្យឃើញចោរថ្លើមខ្មៅបំផ្លាញព្រះ ពុទ្ធសាសនាពិតប្រាកដនាសម័យរាជាណាចក្រកម្ពុជាទី២នេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមានឲ្យបានធ្ងន់ធ្ងរបំផុត៕

Source from: www.dtn7.com























Loading...




Post a Comment