
កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា "ម.ស.ម.ក" ដែលមានលោក អ៊ូ វីរៈ ជាប្រធាន បានចេញលិខិតចំហរបស់ខ្លួនមួយ ជូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដោយសម្តែងនូវការខកចិត្តទៅនឹងពាក្យសម្តីរបស់ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ហៅជនអន្តោប្រវេសន៍វៀតណាមថា "យួន" ដោយ "ម.ស.ម.ក" ចាត់ទុកពាក្យសម្តីនេះថា ជាពាក្យសម្តីរើសអើងចំពោះជនជាតិវៀតណាម-សញ្ជាតិកម្ពុជា ក៏ដូចជាការរើសអើងលើជនជាតិវៀតណាមដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ។
លើសពីនេះ "ម.ស.ម.ក" បានសម្តែងនូវការខកចិត្តមួយទៀតទៅនឹងពាក្យសម្តីរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលប្រើពាក្យពេចន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន "អន់ជាងស្ត្រី" ខណៈដែលសុន្ទរកថារបស់ឯកឧត្តម សម រង្ស៊ី បានលើកឡើងអំពីការប្រៀបធៀបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីណាវ៉ាត្រា ដោយ "ម.ស.ម.ក" ចាត់ទុកថា ជាពាក្យសម្តីរើសអើងប្រឆាំងនឹងស្ត្រី ហើយ "ម.ស.ម.ក" ចង់ឲ្យមានការអភ័យទោសជាសាធារណៈចំពោះការណ៍ដែលបានពោលពាក្យសម្តីដែលមានចរិតលក្ខណៈរើសអើងនេះ ។
ក្រោយការចេញលិខិតចំហរបស់ "ម.ស.ម.ក" រួចមក ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សចំណុះទីស្តីការគណៈរដ្ឋមន្ត្រី បាន Post នូវអត្ថបទមួយក្នុង Status របស់ឯកឧត្តមថា "សូមអរគុណប្អូនប្រុស អ៊ូ វីរៈ ដែលផ្តល់យុត្តិធម៌ដល់ជនជាតិវៀតណាម ហើយខ្ញុំគាំទ្រទាមទារយ៉ាងទទូចឲ្យឯកឧត្តម សម រង្ស៊ី ព្រមទាំងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិផងដែរ ដែលតែងតែប្រើពាក្យយួនហៅជនជាតិវៀតណាម បង្ហាញការរើសអើងពូជសាសន៍ ធ្វើការសុំទោសជាបន្ទាន់ និងជាសាធារណៈ ដើម្បីរក្សាចំណងសាមគ្គីភាពវៀតណាម-កម្ពុជាឲ្យបានឋិតថេរ និងរក្សាកិត្តិយសជាតិលើឆាកអន្តរជាតិ ។" ។
"សេចក្តីខកចិត្ត"របស់លោក អ៊ូ វីរៈ ជាមេសិទ្ធិមនុស្សនៅក្នុងខ្លឹមសារលិខិតចំហរបស់លោក និងការ Post អត្ថបទបន្ទររបស់ឯកឧត្តម ផៃ ស៊ីផាន ដែលគាំទ្រលិខិតចំហរបស់លោក អ៊ូ វីរៈ នោះ បាននាំឲ្យមានការវែកញែកផង និងរិះគន់ផង យ៉ាងគគ្រឹកគគ្រេងពេញក្នុងបណ្តាញសង្គម Facebook ដែលគេហទំព័រសារព័ត៌មានដើមត្នោតមិនបាច់ធ្វើការអត្ថាធិប្បាយអ្វីបន្ថែមទេ គឺសូមដកស្រង់ខ្លឹមសារទាំងឡាយរបស់អ្នកលេង Facebook មកចុះផ្សាយជូនប្រិយមិត្តអ្នកអានពិចារណា ដូចជូនភ្ជាប់មកជាមួយនេះ ៕


Source from: www.dtn7.com























Loading...




Post a Comment