
ឈើប្រណីតប្រភេទឈើគ្រញូង ត្រូវបានកាប់បំផ្លាញអស់ពីក្នុងព្រៃនៃព្រះរាជាណាចក្រកម្ពុជាទី២ច្រើនឆ្នាំមកហើយៗការធ្វើចរាចរណ៍ឈើគ្រញូងដែលមានតម្លៃខ្ពស់នៅលើទីផ្សារនាំចេញទៅស្រុកយួននិងស្រុកចិនបច្ចុប្បន្ននេះ គឺជាឈើចាស់សល់ពីការកាប់បំផ្លាញ និងជាឈើនាំមកពីប្រទេសថៃ និងប្រទេសឡាវ ដោយឆ្លងកាត់ប្រទេសកម្ពុជាដើម្បីនាំចេញឆ្ពោះទៅកាន់ប្រទេសវៀតណាមបន្តទៀតប៉ុណ្ណោះ ។
ឈ្មួញធំៗ និងមន្ត្រីពុករលួយមួយចំនួន ទទួលបានផលកាក់កបសម្បើមណាស់ពីការធ្វើចរាចរណ៍ឈើគ្រញូងនេះ ប៉ុន្តែព្រៃឈើខ្មែរ និងអ្នកដឹកជញ្ជូនឈើគ្រញូងតូចតាចប្រចាំថ្ងៃទទួលផលវិនាសកម្មទៅវិញ ដោយអ្នកដឹកជញ្ជូនឈើគ្រញូងតូចតាចទាំងនោះប្រឈមនឹងហានិភ័យខ្ពស់បំផុត ក្នុងការបើករថយន្តដឹកឈើរត់គេចពីការតាមប្រមាញ់ចាប់ និងយកលុយរបស់សមត្ថកិច្ចគ្រប់គោលដៅ រហូតធ្វើឲ្យអ្នកខ្លះស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ក៏មាន ។
រាជរដ្ឋាភិបាលនីតិកាលទី៤នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្លាប់បានចេញបទបញ្ជាមួយលេខ០២បប ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបការកាប់ ការដឹកជញ្ជូន ការប្រមូល ការស្តុកទុក និងការនាំចេញឈើគ្រញូង ដោយដាក់ចេញនូវវិធានការចំនួន៩ចំណុច ក្នុងនោះក៏បានបង្គាប់បញ្ជាឲ្យសមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ សហការចាត់វិធានការឲ្យបានម៉ឺងម៉ាត់ក្នុងការស្រាវជ្រាវបង្ក្រាបមេខ្លោងប្រមូលទិញ ខ្សែបណ្តាញប្រមូលទិញឈើគ្រញូង ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន ។ លើសពីនេះ រាជរដ្ឋាភិបាលក៏បានបញ្ជាក់ទៀតថា ក្នុងដំណើរការស្រាវជ្រាវ ប្រសិនរកឃើញអ្នកការពារ ឬអ្នកនៅពីក្រោយសកម្មភាពចរាចរណ៍ឈើគ្រញូងនេះ ហើយមានការលំបាកក្នុងការចាត់វិធានការ ត្រូវធ្វើរបាយការណ៍ដោយផ្ទាល់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការដោយមិនមានការយោគយល់ និងលើកលែងឡើយ ។
តាមការកត់សម្គាល់ជាក់ស្តែង ទោះបីមានបទបញ្ជារបស់រាជរដ្ឋាភិបាល ដឹកនាំដោយបុរសខ្លាំងជានាយករដ្ឋមន្ត្រីបែបនេះក្តី គឺបានបង្ហាញឲ្យឃើញថា បទល្មើសចរាចរណ៍ឈើគ្រញូងនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា មិនមានការថមថយចុះទេ ហើយបែរជាមានសន្ទុះកើនឡើងខ្លាំងថែមទៀត ដោយសារក្រុមឈ្មួញដឹកជញ្ជូន និងម្រមូលទិញឈើគ្រញូង បានចំណាយប្រាក់សូកប៉ាន់ឲ្យទៅមន្ត្រីមានសមត្ថកិច្ចជាកូនចៅរបស់បុរសខ្លាំង ចាប់ពីបណ្តាខេត្តជាប់ព្រំដែនថៃមកដល់រាជធានីភ្នំពេញ មានចំនួន១៦គោលដៅ នឹងត្រូវចំណាយទឹកប្រាក់អស់ចំនួនប្រមាណ៧.០០០ដុល្លារអាមេរិក សម្រាប់រថយន្តតូច១គ្រឿង និងក្នុងការដឹកជញ្ជូនមួយជើង ។
ព័ស្តុតាងបានបង្ហាញថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ឈើគ្រញូងចំនួន៤៨ដុំ ស្មើនឹងទម្ងន់ជាង១តោន ចរាចរណ៍ចេញពីខេត្តសៀមរាប ឆ្ពោះមកខេត្តបន្ទាយមានជ័យ ដោយរថយន្តទំនើបម៉ាក Lexus RX330 ពណ៌សមួយគ្រឿង ត្រូវសមត្ថកចិ្ចបង្ក្រាបបាន ។ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ឈើគ្រញូង៩៦ដុំស្មើនឹងទម្ងន់ជាង៣តោនចរាចរណ៍លើទឹកដីខេត្តសៀមរាប ដោយរថយន្តទំនើបចំនួន២គ្រឿង គឺម៉ាកហាយឡិនឌ័រ ពណ៌ខ្មៅ១គ្រឿង និងម៉ាកកាមរីបាឡែន ពណ៌ស មួយគ្រឿង ។ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ មានរថយន្តកាមរីបាឡែន ពណ៌ស្កររមួយគ្រឿង ដឹកឈើគ្រញូងទម្ងន់ជិត១តោន ត្រូវសមត្ថកិច្ចបង្ក្រាបនៅស្រុកវ៉ារិន ខេត្តសៀមរាប ។ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ រថយន្តកាមរីបាឡែន ពណ៌ស្ករមួយគ្រឿង ដឹកឈើគ្រញូងចំនួន១០៩ដុំ ស្មើនឹងទម្ងន់ជិត២តោន ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បន្ទាប់ពីម្ចាស់រថយន្តដឹកឈើគ្រញូងល្មើសច្បាប់នេះ បើកបុកក្បាលស្ពានលើផ្លូវលេខ៦៨B ទៅមុខលែងរួច ។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣នេះ រថយន្តកាមរី ពណ៌ស ពាក់ស្លាកលេខសៀមរាប 2A-3378 មួយគ្រឿងដឹកឈើគ្រញូងចំនួន៤១ដុំ ស្មើនឹងទម្ងន់១៧៥គីឡូក្រាម ត្រូវសមត្ថកិច្ចចាប់បាននៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើគ្រញូងតាមរថយន្តទំនើបៗចេញពីស្រុកអន្លង់វែង មកកាន់ខេត្តេសៀមរាបតាមផ្លូវលេខ៦៧ ក្នុងមួយយប់ៗមិនតិចជាង២០គ្រឿងទៅ៣០គ្រឿងឡើយ ហើយសមត្ថកិច្ចធ្វើការបង្ក្រាបបានក្នុងកម្រិតតិចតួច ដើម្បីបង្ហាញស្នាដែថតដាក់ទូរទស្សន៍ និងសារព័ត៌មានបង្អួតថ្នាក់លើ ។
ក្រៅពីការបង្ក្រាបបទល្មើសឈើគ្រញូងដោយត្រឹមចាប់បានឈើ និងរថយន្តល្មើសខ្លះៗនោះ គឺគ្មានឈ្មួញធំៗ ឬមន្ត្រីពាក់ព័ន្ធណាមួយត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ឡើយ ហើយមានករណីខ្លះសមត្ដកិច្ចបានលួចរំដោះរថយន្តជាមធ្យោបាយប្រព្រឹត្តបទល្មើស ជាថ្នូរនឹងការទទួលលុយថែមទៀត ។
យោងតាមសកម្មភាពដឹកជញ្ជូនឈើគ្រញូងសឹងរាល់ថ្ងៃបែបនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា កណ្តាបដៃដែករបស់បុរសខ្លាំង គឹបាននិងកំពុងចាញ់បទល្មើសឈើគ្រញូងហើយ ដោយសារតែអំពើពុករលួយជាប្រព័ន្ធពីលើដល់ក្រោម គ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ ៕


Source from: www.dtn7.com























Loading...




Post a Comment