អង្គភាពប្រឆាំងអំពើពុករលួយ គួរតែពិនិត្យមើលភាពមានបាន របស់លោក វ៉ូ វណ្ណា ដែលមានជំនាញលួចបន្លំចំណូលពន្ធ ប្រចាំច្រកត្រពាំងផ្លុង
ខេត្តកំពង់ចាម៖ចាប់តាំងពីមានវិធានការណែនាំឲ្យជំនាញគយគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ពង្រឹងការប្រមូលចំណូលពន្ធឲ្យបាន១០០ភាគរយខេត្តកំពង់ចាម ៖ ចាប់តាំងពីមានវិធានការ ណែនាំឲ្យជំនាញគយ គ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ ពង្រឹងការប្រមូលចំណូលពន្ធ ឲ្យបាន ១០០ភាគរយ ដើម្បីយកមកបំពេញការខ្វះខាត នៃចំណូលថវិកាជាតិ គេសង្កេតឃើញក្រុមឈ្មួញ ដែលធ្លាប់នាំទំនិញ មកពីស្រុកយួនឆ្លងកាត់ ច្រកត្រពាំងផ្លុង នៅតែដំណើរការ យ៉ាងគគ្រឹកគគ្រេងដដែល ប៉ុន្តែចំណូលពន្ធហាក់ដូចជា មិនបានកើនឡើង គួរឲ្យកត់សម្គាល់នោះទេ អាចផ្តើមចេញពីគំនិតពុករលួយរបស់លោក វ៉ូ វណ្ណា ជាប្រធានការិយាល័យ គយនិងរដ្ឋាករ ប្រចាំច្រកអន្តរជាតិត្រពាំងផ្លុង នៃស្រុកពញាក្រែក ខេត្តកំពង់ចាម និងលោក កើត ដារ៉ាស៊ី ជាមេនគរបាល អន្តោប្រវេសន៍ នៅទីនោះ ដែលបានកាន់តំណែង ឡើងដុះស្លែទៅហើយ មិនដែលខ្វល់ខ្វាយ ពីការបង្ក្រាបអំពើរត់ពន្ធទំនិញ ខុសច្បាប់នោះទេ។
អគ្គនាយកគយនិងរដ្ឋាករ ធ្លាប់បានដាក់ចេញ នូវគោលការណ៍ប្តូរវេន សម្រាប់មន្ត្រីគយ ប្រចាំការតាមប៉ុស្តិ៍ និងច្រកអន្តរជាតិនានា ដែលមិនឲ្យលើសពី ២អាណត្តិនោះទេ ត្រូវចាប់ឆ្នោតផ្លាស់វេន ប៉ុន្តែសម្រាប់លោក វ៉ូ វណ្ណា បែរជាមានអំណាច កាន់តំណែងជាមេគយ ប្រចាំច្រកត្រពាំងផ្លុង ទីដែលមានការដឹកជញ្ជូន ទំនិញគេចពន្ធ មកពីស្រុកយួនយ៉ាងអនាធិបតេយ្យ និងការនាំចេញឈើខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង រាប់ទសវត្សរ៍មកហើយ ដែលភាសាសាមញ្ញ គេអាចនិយាយបានថា លោក វ៉ូ វណ្ណា បានធ្វើប្លង់រឹងកាន់តំណែង ជាមេគយច្រកត្រពាំងផ្លុង គ្មាននរណាអាចមក ដណ្តើមបានឡើយ។ លោក វ៉ូ វណ្ណា បានជួយសម្របសម្រួល ឲ្យក្រុមឈ្មួញទាំងតូចទាំងធំ នាំចូលទំនិញគ្រប់ប្រភេទ មកពីស្រុកយួនតាមតែអំពើចិត្ត មិនដែលខ្វល់ខ្វាយពីការ ខាតបង់ចំណូល ថវិកាជាតិនោះទេ។
ក្រុមឈ្មួញបានអនុវត្តន៍ តាមសេចក្តីណែនាំ ឬនីតិវិធីនៃការបង់លុយ តាមការតម្រូវរបស់លោក វ៉ូ វណ្ណា ហើយជាធម្មតាច្រកព្រំដែន អន្តរជាតិត្រពាំងផ្លុង មានសភាពស្ងប់ស្ងាត់នៅពេលថ្ងៃ គឺមានតែប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ព្រំដែន ហើយក៏មាន ការនាំទំនិញតាមម៉ូតូ ឬដឹកតាមរទេះ បន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែនៅពេលព្រះអាទិត្យ ចាប់ផ្តើមលិចផុតម៉ោងរដ្ឋបាល គេសង្កេតឃើញ រថយន្តយីឌុបទាំងខ្សែៗ របស់ឈ្មួញទាំងតូចទាំងធំ ធ្វើដំណើរឆ្លងកាត់ ច្រកព្រំដែនត្រពាំងផ្លុង យ៉ាងសុខស្រួល គ្មានការត្រួតពិនិត្យនោះទេ។ លោក វ៉ូ វណ្ណា បានចាត់តាំងមនុស្សជំនិតៗ របស់ខ្លួនឲ្យកាន់ការងារ ផ្នែកត្រួតពិនិត្យទំនិញ និងការបំពេញឯកសារ សម្រាប់បង់ពន្ធ ដែលមុនពេលមានការរឹតបន្តឹង គ្រឿងសំណង់ គ្រឿងអេឡិចត្រូនិក ថ្នាំពេទ្យ គ្រឿងចាប់ហួយ និងប្រភេទទំនិញវិនិយោគ ដែលពន្ធអាករជាបន្ទុករបស់រដ្ឋ ត្រូវបាននាំចូល យ៉ាងអនាធិបតេយ្យ ដែលប្រភេទទំនិញខ្លះ បង់ពន្ធមិនដល់ ១៥ភាគរយផងទេ។
រហូតមកដល់ពេលដែល អគ្គនាយកគយនិងរដ្ឋាករ បានណែនាំឲ្យជំនាញគយ នៅតាមច្រកព្រំដែនទាំងអស់ ពង្រឹងការប្រមូលចំណូលពន្ធ ក៏លោក វ៉ូ វណ្ណា នៅតែមានឱកាសឃុបឃិត ជាមួយក្រុមឈ្មួញរកស៊ី នាំចូលទំនិញបង់ពន្ធមិនគ្រប់ យ៉ាងអនាធិបតេយ្យដដែល ។ លោក វ៉ូ វណ្ណា ក៏បានចាត់តាំងមន្ត្រី ឲ្យចុះទៅកាន់បារ៉ាស់ ឈរជើងជាមួយមន្ត្រីនគរបាល អន្តោប្រវេសន៍ រប់លោក កើត ដារ៉ាស៊ី ចាំកោសរូសបង្ខំឲ្យ ប្រជាពលរដ្ឋបង់លុយ សម្រាប់ការឆ្លងដែនទៅកាន់ស្រុកយួន ឬការទិញទំនិញបន្តិចបន្តួច ដាក់តាមខ្លួនចូលមក ក្នុងប្រទេសកម្ពុជាវិញ ដោយគ្មានការយោគយល់អ្វីឡើយ។ ដោយឡែកការនាំចេញ ឈើខុសច្បាប់តាមច្រករបៀងក្បែរៗនោះ ក៏ស្ថិតក្នុងភូមិសាស្ត្រ គ្រប់គ្រងរបស់លោក វ៉ូ វណ្ណា កំពុងដំណើរការ ដោយសុខស្រួល ក៏ព្រោះតែលោក វ៉ូ វណ្ណា គឺជាអ្នកបោះមេ ប្រចាំច្រកព្រំដែនត្រពាំងផ្លុង។
គេចង់ឃើញ អគ្គនាយកគយនិងរដ្ឋាករ ធ្វើការផ្លាស់ប្តូរតំណែងលោក វ៉ូ វណ្ណា ចេញពីច្រកព្រំដែនត្រពាំងផ្លុង ហើយដាក់ជំនួស ដោយមន្ត្រីគយ ដែលស្អាតស្អំ ទើបគេសង្ឃឹមទុកថា អាចនឹងជួយ ឲ្យមានកំណើនចំណូលថវិកាជាតិ ទៅតាមការរឹតបន្តឹង របស់ថ្នាក់លើ។ ក្នុងអំណាចជាមេគយ ប្រចាំច្រកត្រពាំងផ្លុង ជាច្រើនអាណត្តិកន្លងមកនេះ លោក វ៉ូ វណ្ណា អាចប្រមូលលុយ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងរំភើយ ដោយសារតែគំនិតស្រេកឃ្លាន អំពើពុករលួយ មិនក្រែងញញើត ពីច្បាប់ទម្លាប់។ បញ្ហាទាំងនេះ ទាមទារឲ្យលោក ឱម យ៉ិនទៀង ពិនិត្យមើលភាពមានបាន របស់លោក វ៉ូ វណ្ណា ឡើងវិញផង ព្រោះថាបើគិតពីប្រាក់ខែ ដ៏តិចតួចក្នុងនាមជាមេគយ ប្រចាំច្រកត្រពាំងផ្លុង បូករួមជាមួយប្រាក់លើកទឹកចិត្ត ឬប្រាក់អប្បហារផ្សេងៗ ច្បាស់ណាស់ដែលថា លោក វ៉ូ វណ្ណា មិនអាចមានទ្រព្យសម្បត្តិហូរហៀរបែបនេះទេ៕
Source from: watphnom-news.com























Loading...




Post a Comment