ព័ស្តុតាងបង្ហាញថា បុរសខ្លាំងដែលអួតក្អេងក្អាងជាអ្នកការពាររដ្ឋធម្មនុញ្ញនិងគោរពច្បាប់ គឺជាអ្នករំលោភរដ្ឋធម្មនុញ្ញ និងបំពានច្បាប់យ៉ាងគឃ្លើន

ក្នុងនាមជាអ្នកកាន់កាប់អំណាច គ្រប់គ្រង និងដឹកនាំប្រទេសជាង២០ឆ្នាំ នាសម័យព្រះរាជាណាចក្រកម្ពុជាទី២នេះ (ធ្វើនាយករដ្ឋមន្ត្រីជិត៣០ឆ្នាំ បើគិតចាប់ពីរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា) សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង តែងបានអះអាងទាំងអំនួតថា ការពារ និងគោរពរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងច្បាប់ទាំងឡាយយ៉ាងមាំទាំណាស់ រហូតដល់មានពេលខ្លះបុរសខ្លាំងបានព្រមានទុកជាមុនថា បើនរណាហ៊ានរំលោភរដ្ឋធម្មនុញ្ញ គឺបុរសខ្លាំងនឹងធ្វើការផ្ទុះអាវុធ ដើម្បីការពាររដ្ឋធម្មនុញ្ញទៀតផង ។
ចំពោះស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ននេះ បុរសខ្លាំងបានប្រកាសថា សំណើដែលសុំឲ្យមានការបង្កើតគណៈកម្មការចម្រុះឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត និងការតវ៉ារបស់គណបក្សនយោបាយប្រឆាំងទាមទារឲ្យមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥សាជាថ្មីឡើងវិញ គឺជាការខុសច្បាប់ ព្រមទាំងអំពើណាមួយដែលទាមទារឲ្យបុរសខ្លាំងចុះចេញពីអំណាច គឺជាការខុស ឬរំលោភលើរដ្ឋធម្មនុញ្ញ ស្មើនឹងរដ្ឋប្រហារ ។
ផ្ទុយពីការអះអាងទាំងអំនួតរបស់បុរសខ្លាំង គឺមានព័ស្តុតាងជាច្រើនដែលបានបង្ហាញថា បុរសខ្លាំងក្នុងការដឹកនាំប្រទេសជាតិក្លាយជាតួអង្គរំលោភរដ្ឋធម្មនុញ្ញ និងបំពានច្បាប់យ៉ាងគឃ្លើនដូចខាងក្រោម ៖
១-មាត្រា២ និងមាត្រា១៥០ថ្មី វាក្យខណ្ឌទី២នៃរដ្ឋធម្មនុញ្ញបានចែងថា "បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ។ " "ច្បាប់និងសេចក្តីសម្រេចទាំងឡាយនៃស្ថាប័ននានារបស់រដ្ឋ ត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត ។ " ប៉ុន្តែនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ នៅទីក្រុងហាណូយប្រទេសវៀតណាម បុរសខ្លាំងបានចុះហត្ថលេខាជាមួយឯកឧត្តម ផាន វ៉ាន់ខាយ អតីតនាយករដ្ឋមន្ត្រីវៀតណាម នៅលើសន្ធិសញ្ញាបំពេញបន្ថែមរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដោយប្រើប្រាស់ផែនទីខ្នាត១/៥០.០០០វិញ ហើយសន្ធិសញ្ញាបំពេញបន្ថែមនេះបានក្លាយទៅជាច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាទៀតផង ដែលព្រះមហាក្សត្រឡាយព្រះហស្តលេខាប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១១០៥/០៣៩ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៥ ។ នេះគឺជាសន្ធិសញ្ញា និងច្បាប់ដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ ឬរំលោភបំពានលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
២-មាត្រា១២៨ថ្មី និងមាត្រា១៣០ថ្មី នៃរដ្ឋធម្មនុញ្ញបានចែងថា "អំណាចតុលាការជាអំណាចឯករាជ្យ ។ អំណាចតុលាការធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ។ អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង ។ អំណាចនេះត្រូវប្រគល់ឲ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ ។ " "គ្មានអង្គការណាមួយនៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិ អាចទទួលអំណាចតុលាការអ្វីបានឡើយ ។ " ប៉ុន្តែព័ស្តុតាងជាក់ស្តែងមួយចំនួនដែលគេហទំព័រសារព័ត៌មានដើមត្នោតលើកឡើងនាពេលនេះ ក្នុងចំណោមព័ស្តុតាងជាច្រើនទៀត បានបង្ហាញថា បុរសខ្លាំងបានប្រើប្រាស់អំណាចក្នុងនាមជាប្រមុខស្ថាប័ននីតិប្រតិបត្តិ (នាយករដ្ឋមន្ត្រី) ធ្វើការសម្រេចរំលោភបំពានលើអំណាចស្ថាប័នតុលាការយ៉ាងកំរោល ដែលជាការមិនគោរពរដ្ឋធម្មនុញ្ញ ជាអាទិ៍ ៖
ក/សំណុំរឿងវិវាទដីធ្លីឋិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ (បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ) រាជធានីភ្នំពេញ រវាងបុគ្គលម្នាក់ឈ្មោះ កែវ ជីន និងអាជ្ញាធរភូមិជម្ពូវ័ន ត្រូវបានស្ថាប័នតុលាការសម្រេចរួចហើយ ដោយប្រគល់ដីទំនាស់ជូនអាជ្ញាធរភូមិជម្ពូវ័នគ្រប់គ្រងជាកម្មសិទ្ធិរួម ប្រើប្រាស់ជាផលប្រយោជន៍សាធារណៈ និងហាមឃាត់មិនឲ្យអាជ្ញាធរផ្ទេរសិទ្ធិ ឬលក់ដូរដីទំនាស់ឲ្យទៅអ្នកដទៃឡើយ តាមអំណាចសាលដីការដ្ឋប្បវេណីស្ថាពរលេខ១៤១ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៥ របស់តុលាការកំពូល ។ ប៉ុន្តែក្រោយមក ដោយយោងតាមចំណារចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់បុរសខ្លាំង ទើបរាជរដ្ឋាភិបាលសម្រេចប្រគល់់ដីទំនាស់ដដែលនេះឲ្យទៅបុគ្គលឈ្មោះ កែវ ជីន ដែលធ្លាប់ចាញ់ក្តីនៅស្ថាប័នតុលាការរួចហើយ បានកាន់កាប់ជាកម្មសិទ្ធិវិញតាមស្មារតីលិខិតលេខ១៩៦៩សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។ ក្នុងសំណុំរឿងក្តីនេះ នៅទីបំផុតត្រូវបានស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបដិសេធលិខិតលេខ១៩៦៩សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រីចោលជាអសារបង់ និងបង្គាប់ឲ្យអនុវត្តន៍សាលដីការដ្ឋប្បវេណីស្ថាពរលេខ១៤១ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៥ របស់តុលាការកំពូល ដែលត្រូវមានអានុភាពអនុវត្តន៍តាមលិខិតលេខ០៣២/០១/២០១៣ កបធ.សជណ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ។
ខ/សំណុំរឿងវិវាទដីធ្លីឋិតនៅភូមិបាលិលេយ្យ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ (បច្ចុប្បន្នសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត) ខេត្តបន្ទាយមានជ័យ រវាងសមាគមអភិវឌ្ឍន៍កសិកម្មជាតិ និងប្រជាពលរដ្ឋចំនួន២១គ្រួសារ ត្រូវបានស្ថាប័នតុលាការសម្រេចរួចហើយ ដោយប្រគល់ដីទំនាស់ឲ្យទៅសមាគមអភិវឌ្ឍន៍កសិកម្មជាតិគ្រប់គ្រងជាកម្មសិទ្ធិ តាមអំណាចសាលក្រមរដ្ឋប្បវេណីស្ថាពរលេខ៧៨"ក" ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែក្រោយមក ដោយយោងតាមចំណារចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៨ របស់បុរសខ្លាំង ទើបរាជរដ្ឋាភិបាលសម្រេចប្រគល់ដីទំនាស់ដដែលនេះឲ្យទៅក្រុមប្រជាពលរដ្ឋចំនួន២១គ្រួសារដែលធ្លាប់ត្រូវបានស្ថាប័នតុលាការបដិសេធចោលរួចហើយ បានកាន់កាប់ជាកម្មសិទ្ធិវិញ តាមស្មារតីលិខិតលេខ៤៦១សជណ.ឧស ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីមានការសម្រេចសាចុះសាឡើង ត្រឡប់ត្រឡិនរួចមក ។
គ/ សំណុំរឿងវិវាទដីធ្លីឋិតនៅភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង (បច្ចុប្បន្នឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ) រវាងលោកឧកញ៉ា ជៀម ផែន ថៅកែក្រុមហ៊ុនស្រាបៀរលីអូ និងប្រជាពលរដ្ឋចំនួន៤៩គ្រួសារ ត្រូវបានស្ថាប័នតុលាការសម្រេចជាសមត្ថកិច្ចរួចហើយ ដោយប្រគល់ដីទំនាស់ឲ្យទៅលោកឧកញ៉ា ជៀម ផែន គ្រប់គ្រងកាន់កាប់ជាកម្មសិទ្ធិ តាមអំណាចសាលក្រមរដ្ឋប្បវេណីស្ថាពរលេខ០៦ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧ របស់សាលាដំបូងខេត្តកោះកុង និងសាលក្រមរដ្ឋប្បវេណីលេខ០៤"ក១" ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១២ របស់សាលាដំបូងខេត្តព្រះសីហនុ ។ ប៉ុន្តែក្រោយមក ដោយយោងតាមចំណារ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ របស់បុរសខ្លាំង ទើបរាជរដ្ឋាភិបាលសម្រេចប្រគល់ដីទំនាស់ដដែលនេះឲ្យប្រជាពលរដ្ឋចំនួន៤៩គ្រួសារដែលធ្លាប់ចាញ់ក្តីនៅស្ថាប័នតុលាការររួចហើយ បានកាន់កាប់គ្រប់គ្រងជាកម្មសិទ្ធិស្របច្បាប់វិញ តាមស្មារតីលិខិតលេខ៤៩៦សជណ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពីមានការសម្រេចសាចុះសាឡើង ត្រឡប់ត្រឡិនច្រើដងរួចមក ។ មានន័យថា លិខិតសេចក្តីជូនដំណឹង (ស.ជ.ណ) ទីស្តីការគណៈរដ្ឋមន្ត្រីជាស្ថាប័ននីតិប្រតិបត្តិ មានអំណាចលុបលើសាលក្រម ឬសាលដីការបស់ស្ថាប័នតុលាការទាំងស្រុង ដែលជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញ ។
៣-មាត្រា១៣៥ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងតម្រូវឲ្យមានការបង្កើតច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ។ ប៉ុន្តែរហូតមកទល់បច្ចុប្បន្ននេះ មានរយៈពេលជាង២០ឆ្នាំហើយ ច្បាប់ដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងស្ថាប័នតុលាការទាំង២នេះ មិនទាន់បានបង្កើតឲ្យចេញជារូបរាងនៅឡើយ ។ មានន័យថា បុរសខ្លាំងគ្មានឆន្ទៈបង្កើតឲ្យមានច្បាប់ដ៏សំខាន់ទាំង២នេះអស់រយៈពេលជាង២០ឆ្នាំ តាមការបញ្ញត្តិរបស់រដ្ឋធម្មនុញ្ញ ។
៤-មាត្រា៣៨៧ និងមាត្រា៣៨៨នៃច្បាប់ស្តីពីការងារ បានចែងតម្រូវឲ្យបង្កើតតុលាការការងារ ដែលជាតុលាការឯកទេសដ៏សំខាន់សម្រាប់ជំនុំជម្រះវិវាទការងារ ។ ប៉ុន្តែចាប់តាំងពីមានច្បាប់ស្តីពីការងារដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧នោះរួចមក មានរយៈពេលជិត២០ឆ្នាំហើយ គឺច្បាប់ស្តីពីការបង្កើតតុលាការការងារមិនទាន់បានចេញជារូបរាងនៅឡើយទេ ។
៥-មាត្រា១៦ វាក្យខណ្ឌទី៥នៃច្បាប់ភូមិបាល ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខនស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ បានចែងថា "ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅពេលបាត់បង់ផលប្រយោជន៍សាធារណៈ អាចត្រូវចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ តាមរយៈច្បាប់អនុបយោគ ។ " ប៉ុន្តែបុរសខ្លាំងបានប្រគល់សិទ្ធិឲ្យឯកឧត្តម កែប ជុតិមា អតីតអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមលិខិតសិទ្ធិប្រទានលេខ១០សប្រទ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០០៧ ធ្វើការចុះហត្ថលេខាជាមួយឯកឧត្តមឧកញ៉ា ឡាវ ម៉េងឃីន ប្រធានក្រុមហ៊ុនស៊ូកាគូអ៊ីន (SHUKAKU INC.) ជាសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាស្វាមីលោកជំទាវឧកញ៉ា ជឹង សុភាព ហៅយាយភូ ជាអនុប្រធានទី២កាកបាទក្រហមកម្ពុជា និងជាឈ្មួញដ៏មានឥទ្ធិពលនៅកម្ពុជា ស្និទ្ធនឹងគ្រួសារបុរសខ្លាំង នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០០៧ លើកិច្ចសន្យាជួលទីតាំងបឹងកក់ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ រយៈពេល៩៩ឆ្នាំ ដោយមិនទាន់បានធ្វើអនុបយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនៅឡើយ ហើយមិនឆ្លងតាមរយៈច្បាប់អនុបយោគថែមទៀត ។ នៅមានទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាច្រើនទៀតដែលបុរសខ្លាំងសម្រេចធ្វើអនុបយោគទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ តាមរយៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មិនតាមរយៈច្បាប់អនុបយោគដូចមានចែងក្នុងច្បាប់ភូមិបាល ដើម្បីយកទៅជួលរយៈពេល៩៩ឆ្នាំ ឲ្យក្រុមហ៊ុនឯកជននានា ។
ទាំងនេះគឺជាព័ស្តុតាងមួយចំនួនប៉ុណ្ណោះ ក្នុងចំណោមព័ស្តុតាងដ៏ច្រើនទៀតដែលបង្ហាញឲ្យឃើញថា បុរសខ្លាំងដែលតែងតែអួតថា ជាអ្នកការពាររដ្ឋធម្មនុញ្ញ និងគោរពច្បាប់នោះ តាមពិតជាអ្នករំលោភរដ្ឋធម្មនុញ្ញ និងបំពានច្បាប់យ៉ាងគឃ្លើន ដើម្បីពង្រឹងនិងការពារអំណាចរបស់ខ្លួនឲ្យបានយូរអង្វែង ៕

Source from: www.dtn7.com























Loading...




Post a Comment