លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញ និងគ្រឿងសំណង់ តាមច្រកក្អមសំណរ បង់ពន្ធប្រមាណ ៣០ទៅ៥០ ភាគរយប៉ុណ្ណោះ
ខេត្តកណ្តាល៖ការនាំចូលទំនិញមកពីស្រុកយួនគ្រប់ប្រភេទទាំងតាមផ្លូវទឹកនិងតាមផ្លូវគោកឆ្លងកាត់ច្រកក្អមសំណនៃស្រុកលើកដែកខេត្តកណ្តាល ៖ ការនាំចូលទំនិញ មកពីស្រុកយួនគ្រប់ប្រភេទ ទាំងតាមផ្លូវទឹក និងតាមផ្លូវគោក ឆ្លងកាត់ច្រកក្អមសំណ នៃស្រុកលើកដែក ខេត្តកណ្តាល នៅតែមានសកម្មភាព មមាញឹកគគ្រឹកគគ្រេង ហើយភាគច្រើនទំនិញ ដែលនាំចូលតាមច្រកនេះ បង់ពន្ធមិនគ្រប់ សុទ្ធសឹងជារបស់ឈ្មួញធំៗ ដែលមានទំនាក់ទំនងជិតដិត ជាមួយលោក អ៊ឹម សុវណ្ណា ហៅរ៉ូ ជាប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកក្អមសំណរ ឡើងដុះស្លែទៅហើយ ទើបអ្វីៗអាចដំណើរការ ដោយរលូនល្អ បើទោះបីជា អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ចេញបញ្ជាឲ្យមានការរឹតបន្តឹង លើការប្រមូលពន្ធ ១០០ ភាគរយ ក៏លោក អ៊ឹម សុវណ្ណា ហៅរ៉ូ មិនដែលឈឺក្បាលវិលមុខដែរ។
នៅច្រកក្អមសំណនេះ ឈ្មួញធំៗមួយចំនួនបានរកស៊ី នាំចូលគ្រឿងដែក ស៊ីម៉ងត៍ ក្បឿង ឥដ្ឋការ៉ូ មកពីស្រុកយួន ដោយបង់ពន្ធប្រមាណ ៣០ទៅ៥០ ភាគរយប៉ុណ្ណោះ ដោយមានលោក អ៊ឹម សុវណ្ណា ហៅរ៉ូ ជាអ្នកជួយសម្របសម្រួល ក្លែងបន្លំប្រភេទទំនិញ បញ្ចុះបរិមាណទំនិញ តាមរបៀបពុករលួយ។ ភាគច្រើន ឈ្មួញធំៗបានរត់ឯកសារ ឆ្លងកាត់ជំនាញគយ របស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ មុនពេលទូកដឹកទំនិញរបស់ពួកគេ ឆ្លងដែនចូលក្នុង ទឹកដីប្រទេសកម្ពុជា ទើបអ្វីៗដំណើរការ ដោយរលូនល្អ ហើយក្នុងអង្គភាពគយច្រកក្អមសំណរ លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ប្រើប្រាស់តែមន្ត្រី ២ទៅ៣ នាក់ ជាមនុស្សជំនិតរបស់គាត់ សម្រាប់ការងារប្រមូលលុយ កុំឲ្យបែករឿងវែងឆ្ងាយ ។
ការហូរចូលនូវទំនិញជា ប្រភេទគ្រឿងសំណង់ ជាពិសេសការនាំចូលដែក ភាគច្រើនមានការក្លែងទៅជាប្រភេទទំនិញវិនិយោគ ដែលបន្ទុកពន្ធអាករ ជារបស់រដ្ឋ ហើយលោក អ៊ឹម សុវណ្ណា ហៅរ៉ូ ក៏មានឱកាសកោសរូស បង្ខំឲ្យក្រុមឈ្មួញទាំងនោះ បង់លុយក្រោមតុ ក្នុងកម្រិតខ្ពស់ ដើម្បីចៀសផុតពីការបង្ក្រាប។ ឈ្មួញទាំងតូចទាំងធំ ដែលរកស៊ីនាំចូល ទំនិញគ្រប់ប្រភេទ មកពីសុទ្ធយួន សុទ្ធសឹងតែក្លាយជា សាច់ញាតិរបស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ដោយសារមានការទំនាក់ទំនង ឃុបឃិតគ្នាពុករលួយ លួចបន្លំចំណូលពន្ធរដ្ឋ តាមជំនាញបច្ចេកទេស ហើយមន្ត្រីគយតូចតាចជាច្រើន មួយថ្ងៃៗបន់ ១០ដង សឹងថាពេលត្រឡប់មកផ្ទះវិញ សែនជ្រូកខ្វៃ ដើម្បីឲ្យថ្នាក់លើ ដោះដូរតំណែងលោក អ៊ឹម សុវណ្ណា ហៅរ៉ូ ដែលគាបសង្កត់កេងប្រវ័ញ្ច លើកម្លាំងញើសឈាម របស់មន្ត្រីតូចតាច ច្រើនអាណត្តិមកហើយ។
រឿងដែលគួរឲ្យរសើបបំផុតនោះ លោក អ៊ឹម សុវណ្ណា ហៅរ៉ូ បានឃុបឃិតឲ្យឈ្មួញនាំចូលបារី តាមរបៀបគេចពន្ធ ដូចជាកាលពីថ្ងៃទី៣០ ខែធ្នូ កន្លងទៅនេះ មានទូកប៉ុកចាយមួយគ្រឿង បង្កប់បារីជាង ៣ពាន់ប៊ិច ក្នុងបំណងនាំចេញទៅស្រុកយួន ប៉ុន្តែទីបំផុតមានការបង់ពន្ធ ប្រមាណ ៥០០ប៊ិចប៉ុណ្ណោះ ហើយករណីនេះ ប្រសិនបើក្រុមគយចល័ត មិនបង្ក្រាបទេ ក៏មិនបែកធ្លាយ រឿងអាស្រូវពុករលួយ នៃការឃុបឃិតលួចបន្លំពន្ធ របស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ជាមួយឈ្មួញខិលខូចនោះដែរ។ នេះគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ ប៉ុន្តែបើគេពិនិត្យដល់ការ បង្កើតប៉ុស្តិ៍ជជុះចាំគាបជំរិត ក្រុមអ្នករកស៊ីដឹកជញ្ជូន កសិផល ចេញទៅស្រុកយួន ផ្ទុយពីការណែនាំរបស់ថ្នាក់លើ ក៏ជាប្រភពចំណូល យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ជំនាញគយ នៅច្រកក្អមសំណ។
នៅមានការឃុបឃិត ឲ្យក្រុមឈ្មួញនាំចូល ជ្រូកត្រចៀកខៀវ ផលិតផលពីបក្សី ជាពិសេសសកម្មភាពនាំចេញ ឈើគ្រញូងទៅលក់នៅស្រុកយួន ដែលមានរូបភាព កាន់តែអនាធិបតេយ្យ នៅច្រកក្អមសំណនេះ ក៏កើតឡើងដោយសារតែ ការឃុបឃិតបើកភ្លើងខៀវ ពីសំណាក់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ផងដែរ ព្រោះថា បើជំនាញគយ មិនផ្តល់ភ្លើងខៀវពីបញ្ហានេះ ច្បាស់ណាស់ដែលថា ក្រុមឈ្មួញមិនអាចធ្វើអ្វីៗ តាមតែអំពើចិត្តបានទេ។ គេចង់ឃើញអង្គភាព ប្រឆាំងអំពើពុករលួយ ជាពិសេស អគ្គនាយកគយនិងរដ្ឋាករ ពិនិត្យមើលឡើងវិញផង ពីភាពអសកម្ម និងការឃុបឃិត ឲ្យក្រុមឈ្មួញនាំចូល ទំនិញខុសច្បាប់ ឬទំនិញ បង់ពន្ធមិនគ្រប់ តាមច្រកក្អមសំណ ក៏ព្រោះតែគំនិតពុករលួយ របស់លោក អ៊ឹម សុវណ្ណា ហៅរ៉ូ ៕
Source from: watphnom-news.com























Loading...




Post a Comment