អ្នកសិក្សានិងអ្នកលេង Facebook នាំគ្នាចាប់អារម្មណ៍ទៅនឹងចំណារលាយលក្ខណ៍អក្សររបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ដែលសរសេរខុសឆ្គងច្រើនពេក

ក្រុមអ្នកសិក្សារៀនសូត្រ និងអ្នកលេងបណ្តាញព័ត៌មានសង្គម Facebook បាននាំគ្មាចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់ថ្នាក់ដាក់ជាប្រធានបទល្បងប្រាជ្ញារកមើលតួអក្សរដែលសរសេរខុស ទាក់ទងទៅនឹងចំណារលាយលក្ខណ៍អក្សរ ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០១កន្លងមក របស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាគណៈសង្ឃគណៈមហានិកាយ ដែលបានសរសេរតួអក្សរខុសច្រើនពេក ។
អ្នកសិក្សារៀនសូត្រ និងអ្នកលេង Facebook ទាំងនោះបានយកព្រះរាជចំណារលាយលក្ខណ៍អក្សររបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០១ មកធ្វើការពិចារណា ដែលមានខ្លឹមសារថា "បានឃើញនិងអនុញ្ញាតឲ្យផ្សព្វផ្សាយរៀនសូត្រតាមសទ្ធាជ្រះថ្លា ។" ប៉ុន្តែព្រះរាជចំណាររបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស មានការសរសេរខុសតួអក្សរយ៉ាងច្រើនចំណុច ដូចគេហទំព័រសារព័ត៌មានដើមត្នោតភ្ជាប់មកជាមួយជាព័ស្តុតាងស្រាប់ ។
មជ្ឈដ្ឋានអ្នកសិក្សារៀនសូត្របានលើកឡើងថា អនុលោមតាមមាត្រា៥នៃរដ្មធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា "ភាសា និងអក្សរដែលប្រើជាផ្លូវការ គឺភាសា និងអក្សរខ្មែរ ។ " ដូច្នេះ ទោះបីអ្នកសរសេរអក្សរទាំងឡាយ ធ្លាប់សរសេរតាមអក្ខរាវិរុទ្ធរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ក្តី ធ្លាប់សរសេរតាមទំនាញសូររបស់លោក កេង វ៉ាន់សាក់ ក្តី ក៏ត្រូវតែសរសេរអក្សរខ្មែរឲ្យត្រឹមត្រូវតាមអក្ខរាវិរុទ្ធឲ្យបានច្រើនដែរ ដើម្បីលើកស្ទួយតម្លៃអក្សរសាស្ត្រខ្មែរដែលជាអង្គឯករាជ្យរបស់ប្រទេសជាតិខ្មែរ ដោយឡែក ការធ្វើព្រះរាជចំណាររបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ដែលមានការខុសឆ្គងទៅនឹងអក្ខរាវិរុទ្ធអក្សរខ្មែរច្រើនហួសហេតុបែបនេះពេក គឺពិតជាគួរឲ្យសោកស្តាយពន់ពេកណាស់ និងគួរឲ្យរិះគន់ទៀតផង ដោយសារសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស គឺជាសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល ៕

Source from: www.dtn7.com























Loading...




Post a Comment