Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC

មនុស្ស​រង​គ្រោះ​ស្លាប់​និង​របួស​ជា​ច្រើន​នាក់​បាន​ទទួល​ភាព​អយុត្តិធម៌​ក្នុង​របប​គ្រប់គ្រង​អំណាច​របស់​បុរស​ខ្លាំង​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ បណ្ឌិត​សភាចា​រ្យ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ បាន​ឡើង​កាន់កាប់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​របប​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​តែ​ម្នាក់ឯង​នៅ​អាណត្តិ​ទី​២​ ឆ្នាំ​១៩៩៨​ បន្ទាប់​ពី​បញ្ចេញថ្វីដៃ​វាយ​ផ្តួលរំលំ​សម្តេចក្រុមព្រះ​ នរោត្តម​ រណឫទ្ធិ​ អតីត​ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ និង​ជា​អតីត​នាយក​រដ្ឋមន្ត្រី​ទី​១​ នា​ថ្ងៃ​ទី​០៥-០៦​ ខែកក្កដា​ ឆ្នាំ​១៩៩៧​បាន​សម្រេច​ និង​ទទួល​បាន​ជោគជ័យ​ក្នុង​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​២​ (១៩៩៨-២០០៣)​រួច​មក​ ។​ មាន​ន័យ​ថា​ បុរស​ខ្លាំង​បាន​ទទួល​ឱកាស​មាស​ ឱកាស​ពេជ្រ​ពី​ការ​ចាញ់ឆ្នោត​នៅ​អាណត្តិ​ទី​១​ បាន​ឡើង​កាន់កាប់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ទី​២​ រួច​ហើយ​វាយ​ផ្តួលរំលំ​នាយក​រដ្ឋមន្ត្រី​ទី​១​បាន​យ៉ាង​ជោគជ័យ​ ទើប​ឡើង​កាន់កាប់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ម្នាក់ឯង​នៅ​អាណត្តិ​ទី​២​ ។​

​ក្រៅពី​មាន​មនុស្ស​រង​គ្រោះ​ដោយ​ការ​បាត់បង់​ដីធ្លី​ បាត់បង់​ផ្ទះសម្បែង​ និង​បាត់បង់​ទ្រព្យសម្បត្តិ​ទាំង​អយុត្តិធម៌​ ដោយសារ​អំពើ​របស់​អ្នកមាន​អំណាច​ អ្នកមាន​លុយ​ តុលាការ​ពុក​រលួយ​ កងកម្លាំង​នគរបាល​យុត្តិធម៌​ "​ដើរតួ​ជា​ចោរ​"​ គឺ​នៅ​មាន​មនុស្ស​ជា​ច្រើន​នាក់​ទៀត​ជា​សកម្មជន​សហជីព​ ជា​សកម្មជន​ព្រៃឈើ​ ជា​អ្នក​សារព័ត៌មាន​ និង​ជា​សិល្ប​ការិនី​…​បាន​ទទួល​រង​ការ​វាយប្រហារ​បាញ់​សម្លាប់​ និង​ការ​ប្រើ​អំពើ​ហិង្សា​ផ្សេងៗ​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ និង​រង​របួស​ទាំង​អយុត្តិធម៌​ ដោយ​អាជ្ញាធរ​មិន​អាច​ចាប់​ឃាតក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ មិន​អាច​កាត់ទោស​ជន​ដៃដល់​ឲ្យ​សម​នឹង​ការ​ប្រព្រឹត្ត​ល្មើស​…​នៅ​ក្នុង​របប​កាន់កាប់​អំណាច​របស់​បុរស​ខ្លាំង​ (​នេះ​មិន​និយាយ​ដល់​ការ​ចាប់ខ្លួន​សកម្មជន​ព្រំដែន​ សកម្មជន​សហជីព​ សកម្មជន​សិទ្ធិ​មនុស្ស​ អ្នក​សារព័ត៌មាន​ដាក់​ពន្ធនាគារ​ផង​)​ ។​

​កាលពី​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​ថ្មីៗ​នេះ​ទៀត​សោត​ កងកម្លាំង​សមត្ថកិច្ច​ប្រដាប់​អាវុធ​ ក្រោម​ការ​គ្រប់គ្រង​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៥​ កើត​ចេញពី​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ចំនួន​អ្នកតំណាង​រាស្ត្រ​ត្រឹម​៦៨​នាក់​នោះ​ បាន​ធ្វើ​សកម្មភាព​បាញ់ប្រហារ​យ៉ាង​សាហាវឃោរឃៅ​ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ​ស៊ី​វិល​ ដែល​ជា​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​នៅ​រោងចក្រ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា​ ។​

​មនុស្ស​ស្លាប់​ និង​រង​របួស​ដែល​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​នៅ​ក្នុង​របប​កាន់កាប់​អំណាច​របស់​បុរស​ខ្លាំង​នោះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ សូម​រៀបរាប់​ឈ្មោះ​ត្រួសៗ​ដូច​ខាងក្រោម​ ៖

១-​អ្នកស្រី​ ពិសិដ្ឋ​ ពិ​លិ​កា​ ជា​តារា​សម្តែង​ដ៏​ល្បីឈ្មោះ​ ដែល​មជ្ឈដ្ឋាន​មួយ​ចំនួន​បាន​សង្ស័យ​ថា​ មាន​ទំនាក់ទំនង​ស្នេហា​ត្រីកោណ​ជាមួយ​បុរស​ខ្លាំង​ផង​នោះ​ ត្រូវ​បាន​ឃាតក​បាញ់ប្រហារ​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​១៩៩៩​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ។​ រយៈពេល​ជិត​១៥​ឆ្នាំ​ហើយ​ អាជ្ញាធរ​រក​ឃាតក​មិន​ទាន់​ឃើញ​នៅឡើយ​ ហើយ​ទំនងជា​អាច​រក​មិនឃើញ​ជា​រៀង​រហូត​ផង​ក៏​មិនដឹង​ ។​

២-​អតីត​តារា​សម្តែង​ និង​ចម្រៀង​ តាត​ ម៉ា​រី​ណា​ ត្រូវ​បាន​ភរិយា​ឯកឧត្តម​ ស្វាយ​ ស៊ី​ថា​ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​បច្ចុប្បន្ន​ គឺ​លោក​ជំទាវ​ ឃួ​ន​ សុផល​ និង​គូកន​ចំនួន​៥​នាក់​ផ្សេង​ទៀត​ បាន​វាយប្រហារ​ដោយ​ទឹក​អាស៊ី​ដ​ បណ្តាល​ឲ្យ​រង​របួស​ពេញ​ផ្ទៃមុខ​ និង​ដងខ្លួន​ កាលពី​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​១៩៩៩​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ។​ លោក​ជំទាវ​ ឃួ​ន​ សុផល​ ដែល​ជា​ជន​ដៃដល់​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​ដែល​ល្បីល្បាញ​ខាង​មិន​ឯករាជ្យ​ វិនិច្ឆ័យ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ត្រឹម​រយៈពេល​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​ត្រូវ​ព្យួរទោស​ថែម​ទៀត​ ។​ ពោល​គឺ​ អតីត​តារាចម្រៀង​ និង​សម្តែង​ តាត​ ម៉ា​រី​ណា​ ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក​សព្វថ្ងៃ​ បាន​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​អស់​រយៈពេល​ជិត​១៥​ឆ្នាំ​ហើយ​ ។​

៣-​កញ្ញា​ ទូច​ ស៊ុន​និ​ច​ ជា​តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​ឲ្យ​រង​របួសធ្ងន់​ កាលពី​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០០៣​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ។​ រយៈពេល​ជិត​១១​ឆ្នាំ​ហើយ​ សមត្ថកិច្ច​មិន​ទាន់​អាច​ស្វែងរក​ជន​ដៃដល់​ឃើញ​នៅឡើយ​ ។​

៤-​លោក​ ជា​ វិជ្ជា​ អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​ល្បីឈ្មោះ​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០០៤​ ។​ អស់​រយៈពេល​ចំនួន​១០​ឆ្នាំ​មក​ហើយ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ទាន់​អាច​ស្វែងរក​ចាប់ខ្លួន​ឃាតក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​នៅឡើយ​ទេ​ ។​

៥-​កញ្ញា​ ពៅ​ បញ្ញា​ពេជ្រ​ តារាចម្រៀង​ដ៏​ល្បីឈ្មោះ​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​ឲ្យ​រង​របួសធ្ងន់​សឹង​បាត់បង់​ជីវិត​ កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០០៧​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ។​ ជន​ដៃដល់​ដែល​បាញ់ប្រហារ​ទៅ​លើ​កញ្ញា​ ពៅ​ បញ្ញា​ពេជ្រ​ មិន​ទាន់​បាន​វែកមុខ​ឃើញ​នៅឡើយ​អស់​រយៈពេល​ជិត​៧​ឆ្នាំ​ ខណៈ​ដែល​កញ្ញា​តារាចម្រៀង​រូប​នេះ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​សហរដ្ឋអាមេរិក​ ។​

៦-​លោក​ ឃឹម​ សម្បូរ​ណ៍​ ជា​អ្នកកាសែត​ជើង​ចាស់​ ស​ម្រើ​ការងារ​នៅ​ក្នុង​អង្គភាព​សារព័ត៌មាន​មនសិការ​ខ្មែរ​ (​កាល​ណោះ​កាសែត​មនសិការ​ខ្មែរ​សរសេរ​រិះគន់​ប្រឆាំង​ទៅ​លើ​រាជរដ្ឋាភិបាល​យ៉ាង​ខ្លាំងក្លា​ មិនមែន​លំៗ​សើៗ​ដូច​សព្វ​ថ្ងៃនេះ​ទេ​)​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​កាលពី​ថ្ងៃ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០០៨​ នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ ខណៈ​ដែល​កូនប្រុស​របស់​លោក​ម្នាក់​ក៏​ទទួល​រង​របួសធ្ងន់​នា​ឱកាស​បាញ់ប្រហារ​នេះ​ដែរ​ ។​ ឃាតក​ និង​អ្នកបញ្ជា​ពីក្រោយ​ខ្នង​មិន​ទាន់​ត្រូវ​បាន​វែកមុខ​ឃើញ​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​នៅឡើយ​ ។​

៧-​លោក​ ឈុត​ វុ​ទ្ធី​ ជា​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​សកម្ម​ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ កាលពី​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០១២​ នៅ​ខេត្តកោះកុង​ ខណៈ​លោក​កំពុង​ចុះ​ពិនិត្យ​មើល​ស្ថានភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នោះ​ ។​ ឃាតក​មិន​ទាន់​ត្រូវ​បាន​ស្វែងរក​ឃើញ​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​នៅឡើយ​ទេ​ ។​

​នេះ​គឺជា​ព័ស្តុតាង​បង្ហាញ​ថា​ មាន​មនុស្ស​រង​គ្រោះជា​អ្នក​ស្លាប់​បាត់បង់​ជីវិត​ និង​រង​របួស​ជា​ច្រើន​នាក់​ដែល​បាន​ទទួល​នូវ​ភាព​អយុត្តិធម៌​នៅ​ក្នុង​របប​កាន់កាប់​ គ្រប់គ្រង​អំណាច​របស់​បុរស​ខ្លាំង​ ៕​

The-Victim


Source from: www.dtn7.com

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item