ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបង្ហាញវត្តមានចូលរួមគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា និងជំរុញឲ្យអាជ្ញាធរស្វែងរកចាប់ខ្លួនឃាតកយកមកផ្តន្ទាទោស

នៅវេលាព្រឹកមិញ ថ្នាក់ដឹកនាំ សមាជិក សមាជិកាសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ បានរៀបចំពិធីដង្ហែកម្រងផ្កាចេញពីទីស្នាក់ការកណ្តាលសហជីព ឋិតនៅផ្ទះលេខ១៦AEo ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ មកដាក់គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដ៏ល្បីឈ្មោះ នៅទីតាំងតម្កល់រូបសំណាកលោក ជា វិជ្ជា ឋិតនៅចុងសួនខាងលិចវិមានឯករាជ្យ ក្បែរវត្តលង្កា ក្នុងឱកាសគម្រប់ខួប១០ឆ្នាំគត់នៃមរណភាពរបស់លោក ទោះបីអាជ្ញាធររាជធានីភ្នំពេញមិនអនុញ្ញាតឲ្យសហជីពធ្វើការជួបជុំគ្នាហែក្បួនក៏ដោយ ប៉ុន្តែមិនមានការប៉ះទង្គិចគ្នាទេជាមួយអាជ្ញាធរក្នុងពិធីដង្ហែកម្រងផ្កាទៅដាក់គោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នេះ ។
ដើម្បីរំលឹកនូវគុណូបការៈដ៏ថ្លៃថ្លារបស់លោក ជា វិជ្ជា កាលនៅរស់រានមានជីវិត ដែលបានបង្ហាញនូវវីរភាពដ៏អង់អាចក្លាហាន ក្នុងការទាមទារសិទ្ធិសេរីភាព និងលក្ខណ្ឌការងារល្អប្រសើរជូនកម្មករ កម្មការិនីខ្មែរគ្រប់រូប ជាពិសេសលោកបានចូលរួមយ៉ាងសកម្មក្នុងការជំរុញឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រួមមាន ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ប្រធាន និងអនុប្រធានគណបក្ស ព្រមទាំងមន្ត្រីជាន់ខ្ពស់គណបក្សមួយចំនួនទៀត ក៏បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ជាវីរជនកម្មករ ក្រោមការរៀបចំរបស់លោក ជា មុនី ត្រូវជាប្អូនប្រុសបង្កើតលោក ជា វិជ្ជា និងជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ននេះដែរ ។
ទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងលោក ជា មុនី បានសំណូមពរឲ្យរាជរដ្ឋាភិបាល និងស្ថាប័នតុលាការ ធ្វើការស៊ើបអង្កេតតាមនីតិវិធី ស្វែងរកមុខឃាតកពិតប្រាកដ និងអ្នកបញ្ជាពីក្រោយខ្នងដែលបានសម្លាប់លោក ជា មុនី យកមកផ្តន្ទាទោស ដើម្បីលុបបំបាត់វប្បធម៌និរទណ្ឌភាព និងពង្រឹងយុត្តិធម៌សង្គមនៅកម្ពុជា តាមការបង្គាប់របស់តុលាការកំពូល តាមអំណាចសាលដីកាព្រហ្មទណ្ឌលេខ២៣៩ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ។ លើសពីនេះ លោក ជា មុនី ក៏បានសំណូមពរឲ្យអាជ្ញាធររាជរដ្ឋាភិបាល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មេត្តាបញ្ឈប់នូវការប្រើប្រាស់អំពើហិង្សាគ្រប់រូបភាពទៅលើថ្នាក់ដឹកនាំសហជីព កម្មករ កម្មការិនីខ្មែរតទៅទៀត ដើម្បីពង្រឹងការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងលើកស្ទួយតម្លៃនីតិរដ្ឋនៅកម្ពុជា ។
សូមរំលឹកជូនថា លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដ៏ល្បីឈ្មោះ ត្រូវបានឃាតកបាញ់សម្លាប់យ៉ាងព្រៃផ្សៃ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ខណៈលោកកំពុងអានកាសែតនៅមុខតូបលក់កាសែតក្បែរវត្តលង្កា សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រយៈពេល១០ឆ្នាំមកហើយនៃមរណភាពរបស់លោក ជា វិជ្ជា គឺអាជ្ញាធរមិនទាន់បានស្វែងរកមុខឃាតកចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាននៅឡើយ ៕ 




Source from: www.dtn7.com























Loading...




Post a Comment