អ្នកភូមិក្តៅក្រហាយរឿងអាជ្ញាធរនិងសុរិយោដី ឃុបឃិតគ្នាលក់ស្រះទឹក ឲ្យឈ្មោះ ម៉ឹក ដារ៉ូ និងឈ្មោះ ណង ប៊ុនធឿន យកធ្វើជាកម្មសិទ្ធិ
ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋរស់នៅភូមិចំការឬស្សីនិងភូមិព្រែកតាតន់បានចោទប្រកាន់ថាអាជ្ញាធរនិងមន្ត្រីជំនាញសុរិយោដីបានឃុបឃិតគ្នាលក់ស្រះទឹកដែលជាសម្បត្តិសមូហភាពខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅភូមិចំការឬស្សី និងភូមិព្រែកតាតន់ បានចោទប្រកាន់ថា អាជ្ញាធរនិងមន្ត្រីជំនាញសុរិយោដី បានឃុបឃិតគ្នា លក់ស្រះទឹកដែលជាសម្បត្តិសមូហភាព ប្រជាជនធ្លាប់ប្រើប្រាស់ អស់រយៈពេល ៣០ឆ្នាំមកហើយ ឲ្យឈ្មួញចាក់ដី យកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួន ហើយកាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្រុមទី១ ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ប្រជាពលរដ្ឋនាំគ្នាជួបជុំ សំណូមពរឲ្យ លោកអភិបាលខេត្ត ទើបឡើងថ្មី ជួយពិនិត្យនិងរក្សាស្រះទឹកនេះ អោយនៅគង់វង្សបានល្អ ដើម្បីជាប្រយោជន៍រួម ។
លោក យឹម ឌឿន អាយុ ៧៨ឆ្នាំ តំណាងអោយប្រជាពលរដ្ឋជាង ១០គ្រួសារ រស់នៅជុំវិញស្រះទឹក ដែលមានរាងជាត្រីកោណជ្រុងខ្លី ៤០ម៉ែត្រ និងជ្រុងវែង២ មានប្រវែង ៦០ម៉ែត្រ បានអោយដឹងថា ស្រះទឹកនៅចំណុចព្រំប្រទល់ ភូមិចំការឬស្សី និងភូមិព្រែកតាតន់នេះ ជាសម្បត្តិសមូហភាព សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ មិនមែនជាកម្មសិទ្ធិ របស់ជនណាម្នាក់ឡើយ ព្រោះប្រជាជន ធ្លាប់ប្រើប្រាស់ អស់រយៈពេល ៣០ឆ្នាំកន្លងមកហើយ។
ម្យ៉ាងទៀត កាលពីឆ្នាំ២០១១ ប្រជាពលរដ្ឋរស់នៅ ក្បែរផ្លូវរថភ្លើង និងជុំវិញស្រះទឹក ខាងសុរិយោដី មិនធ្វើប្លង់កម្មសិទ្ធិអោយទេ ព្រោះជាដីចំណីផ្លូវជាដីរដ្ឋ។ ស្រាប់តែនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២ ឈ្មោះ ម៉ឹក ដារ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ មានលិខិតបញ្ជាក់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ លេខ ០២០៣០២០៨-០៤៤៨ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ ចេញដោយលោកវិស្វករ ងួន រតនៈ ប្រធានមន្ទីររៀបចំដែនដី នគរូបីយកម្មសំណង់ និងសុរិយោដី។
លោក យឹម ឌឿន បានបញ្ជាក់ថា លោកបានដាក់បណ្តឹង ទៅសាលាក្រុងកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៤ ចំនួន១ច្បាប់ និងដាក់បណ្តឹងទៅ សង្កាត់ព្រែកស្តេច កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ចំនួន ១ច្បាប់ ចំពោះឈ្មោះ ម៉ឹក ដារ៉ូ និងឈ្មោះ ណង ប៊ុនធឿន ដែលបានចាក់ដី លុបស្រះទឹក។ ប្រជាពលរដ្ឋក៏បានសំណូមពរ ដល់អភិបាលខេត្តឡើងថ្មី ជួយពិនិត្យនិងរក្សាស្រះទឹកនេះ អោយនៅគង់វង្សបានល្អ ដើម្បីជាប្រយោជន៍រួម បន្តទៅទៀត។
លោក តោ ហុន ចៅសង្កាត់ព្រែកព្រះស្តេច បានអោយដឹងថា គាត់មានការលំបាកយ៉ាងខ្លាំង ចំពោះការដោះស្រាយ ព្រោះគាត់ទើបឡើង ធ្វើជាចៅសង្កាត់ ហើយឈ្មោះ ម៉ឹក ដារ៉ូ គេមានប័ណ្ណកម្មសិទ្ធិ ចេញមកពីថ្នាក់លើត្រឹមត្រូវ ដូច្នេះមិនដឹងថា ដោះស្រាយតាមណាទេ។ ចំណែកលោក អឿម សុខុន អភិបាលក្រុងបាត់ដំបង បានអោយដឹងថា លោកមិនទាន់បាន ទទួលព័ត៌មាន រឿងលុបស្រះទឹកនេះទេ ចាំសួរខាងរដ្ឋបាលសិន ហើយនឹងដាក់ទិសដៅ ចុះស្រាវជ្រាវចំពោះបញ្ហានេះ។
ពាក់ព័ន្ធករណីនេះលោក ម៉ាច គឹមឆាយ អតីតប្រធានសុរិយោដី ក្រុងបាត់ដំបង បានមានប្រសាសន៍ថា គាត់ចូលនិវត្តន៍ ២ឆ្នាំហើយ មិនមានសិទ្ធិបំភ្លឺរឿងនេះទេ។ ចំណែកលោកវិស្វករ ងួន រតនៈ ប្រធានមន្ទីររៀបចំដែនដី នគរូបីយកម្មសំណង់ និងសុរិយោដី ក៏ផ្លាស់ឡើងជា អភិបាលរង ខេត្តបាត់ដំបង អ្នកសារព័ត៌មាន មិនអាចទំនាក់ទំនង សុំការបំភ្លឺបានទេ៕ ដោយ សុខជា
Source from: watphnom-news.com
























Loading...




Post a Comment