
អភិបាលខេត្តនិងអភិបាលក្រុងព្រះសីហនុប្រើអំណាចយកដីសាធារណៈរបស់រដ្ឋប្រគល់ឲ្យកូនរៀងៗខ្លួន

ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីខេត្តព្រះសីហនុ គឺឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកអភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានប្រើប្រាស់អំណាចច្បាមយកដីធ្លីសាធារណៈរបស់រដ្ឋចំនួន២កន្លែង គឺដីឋិតនៅភូមិ៤ សង្កាត់លេខ៤ និងដីឋិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រគល់ឲ្យទៅកូនរៀងៗខ្លួនកាន់កាប់ជាកម្មសិទ្ធិ ។
យោងតាមឯកសារជាព័ស្តុតាងបានបង្ហាញឲ្យឃើញថា អភិបាលខេត្ត និងអភិបាលក្រុងព្រះសីហនុដែលប្រើអំណាចចុះហត្ថលេខាយកដីធ្លីសាធារណៈរបស់ចំនួន២កន្លែងប្រគល់ឲ្យកូនរៀងៗខ្លួនកាន់កាប់ជាកម្មសិទ្ធិនោះ គឺឯកឧត្តម ស្បោង សារ៉ាត និងលោក ជិន សារិន ។ រីឯអ្នកទទួលបានដីធ្លីជាកម្មសិទ្ធិតាមរយៈអំណាចរបស់ឪពុកនោះ គឺឈ្មោះ សារ៉ាត ច័ន្ទវីរៈ ជាកូនឯកឧត្តម ស្បោង សារ៉ាត និងឈ្មោះ សារិន បូបូ ជាកូនរបស់លោក ជិន សារិន ។
ឯកឧត្តម ស្បោង សារ៉ាត ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ត្រូវបានតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥០៩/៥៦១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០០៩ ។
លោក ជិន សារិន ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ២ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាអភិបាលក្រុងព្រះសីហនុដោយអនុក្រឹត្យលេខ៧០៦អនក្រ.តត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៩ ៕
Source from: www.dtn7.com
Post a Comment