
លួងលោមនារីវ័យក្មេងទៅរំលោភបានសម្រេច ២ដង ហើយប្រាប់ថា ជារឿងស្រុះស្រួលគ្នា

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ ត្រពាំងក្រសាំង បានឃាត់ខ្លួនយុវជនម្នាក់ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ នៅបន្ទប់ផ្ទះជួល ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដោយយោងតាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនារីរងគ្រោះ ដែលចោទប្រកាន់ថា ជនសង្ស័យបាន ចាប់រំលោភសេពសន្ថវៈ កូនស្រីរបស់គាត់ បានសម្រេច ២ដង ។
ជនសង្ស័យដែលត្រូវ ឃាត់ខ្លួននេះ មានឈ្មោះ អ៊ុន ជិនឡុង ហៅរស្មី អាយុ ២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិជង្រុក សង្កាត់ត្រពាំងងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ រីឯនារីរងគ្រោះឈ្មោះ ញ.ស.ហ អាយុ ២០ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ មុនពេលកើតហេតុ នៅវេលាម៉ោង ៤រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ជនសង្ស័យដែលស្គាល់ នារីរងគ្រោះជាយូរខែមកហើយនោះ បានទូរស័ព្ទហៅនាងមកលេងផ្ទះរបស់ខ្លួន នៅភូមិជង្រុក។
ក្រោយពេលទទួលបានទូរស័ព្ទ នារីរងគ្រោះក៏បានធ្វើដំណើរ មកកាន់ផ្ទះជួលរបស់ជនសង្ស័យ ហើយជនសង្ស័យឈ្មោះ អ៊ុន ជិន ឡុង ហៅរស្មី បានលួងលោមនាង ដើម្បីរំលោភសេពសន្ថវៈ បានសម្រេចដល់ទៅ ២លើក ។ បន្ទាប់ពីសេពសន្ថវៈរួច ជនសង្ស័យមានបំណងចង់គេចខ្លួន ត្រូវក្រុមគ្រួសារឃើញ ក៏ឃាត់ខ្លួននិងបានដាក់ពាក្យបណ្ដឹង ទៅនគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំង ដើម្បីចាត់ការតាមច្បាប់ ។ ឈ្មោះ អ៊ុន ជិនឡុង បានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈ លើនារីរងគ្រោះដល់ទៅ ២ដង ក្នុងថ្ងៃកើតហេតុ។
ប៉ុន្ដែការរួមរ័កជាមួយគ្នា នេះមិនមែនជាការចាប់បង្ខំនោះទេ ការពិតរវាងខ្លួន និងនារីរងគ្រោះធ្លាប់យល់ចិត្ដថ្លើមគ្នា អស់រយៈពេលច្រើនខែមកហើយ ទើបនៅថ្ងៃកើតហេតុ ឃើញនាងមកលេងផ្ទះមានឱកាសល្អ ទប់អារម្មណ៍មិនបាន ក៏បបួលគ្នារួមរ័ករហូត បានសម្រេចដល់ទៅ ២ដងប្រាកដមែន ។ ចំណែកនារីរងគ្រោះវិញ នៅតែបដិសេធថា នាងគ្រាន់តែរាប់អានគ្នា ជាធម្មតាប៉ុណ្ណោះ ប៉ុន្ដែជនសង្ស័យ បែរជាភ្លើតភ្លើនចាប់នាង រំលោភទាល់តែបានសម្រេច៕
Source from: watphnom-news.com
Post a Comment