
ក្រុមចោរថ្លើមធំ ចាក់អ្នកបើកបរដេកសន្លប់ក្នុងថ្លុកឈាម ប៉ុនប៉ងប្លន់ឡានតាក់ស៊ីទំនើប

រាជធានីភ្នំពេញ ៖ ក្រុមចោរថ្លើមពាសមេឃ មិនញញើតសមត្ថកិច្ច ២នាក់ បានហៅរថយន្តតាក់ស៊ី Choice ជិះដល់កន្លែងស្ងាត់ បាននាំគ្នាយកកាំបិតចាក់ អ្នកបើកបរជាច្រើនកាំបិត សង្ស័យប៉ងប្លន់រថយន្ត តែមិនបានសម្រេចនោះឡើយគ្រាន់តែធ្វើឲ្យអ្នកបើកបររថយន្ត រងរបួសធ្ងន់ និងបានស្លាប់ក្នុងមន្ទីរពេទ្យ កាលពីវេលាម៉ោង ០៧និង២០ នាទីយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវលេខ៥៣៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមចោរមានគ្នា ០២នាក់ បានហៅរថយន្តតាក់ស៊ីស៊េរីទំនើប មួយគ្រឿង របស់ក្រុមហ៊ុន តាក់ស៊ី Choice ពណ៌ខ្មៅ ពាក់ស្លាក់លេខ AT14 2.0508 ជិះទៅតាមគោលដៅ ដែលពួកគេបានគ្រោងទុក។ លុះពេលធ្វើដំណើរដល់កន្លែងស្ងាត់ ក្រុមចោរក៏បានធ្វើសកម្មភាព ចាក់ទៅលើអ្នកបើកបរ ជាច្រើនកាំបិត តែភ្លាមៗនោះ ជនរងគ្រោះ បានហៅអ្នកបើករថយន្ត តាក់ស៊ីផ្សេងទៀត តាមវិទ្យុទាក់ទង ដោយប្រាប់ថា មានចោរប្លន់ រួចហើយក៏ខំរើបំរះ ស្ទុះចេញពីរថយន្ត ដួលសន្លប់នៅជិតនោះតែម្តង។
ក្រោយមកអ្នកបើកបររថយន្ត តាក់ស៊ី ជាច្រើននាក់ ក៏បានមកដល់កើតហេតុ ហើយដឹកជនរងគ្រោះ ឈ្មោះ សុន វ៉ាទី អាយុ ៣២ឆ្នាំ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ហើយក្រុមចោរទាំង ២នាក់ បានរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព។ ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចមិនទាន់អាចសន្និដ្ឋាន ជាករណីប្លន់រថយន្ត ឬគំនុំនៅឡើយនោះទេ តែមានការសង្ស័យថា អាចជាករណីចាក់ប្លន់ បម្រុងប្លន់ទូរស័ព្ទដៃ ជនរងគ្រោះក៏ថាបាន។ យ៉ាងណាក៏ដោយ កម្លាំងសមត្ថកិច្ច កំពុងញាប់ដៃញាប់ជើង តាមស៊ើបអង្កេតលើករណីនេះ និងតាមវែកមុខជនដៃដល់ មកផ្តន្ទាទោសទៅតាមច្បាប់៕
Source from: watphnom-news.com
Post a Comment