
តាំងពីថ្ងៃឡើងធ្វើជា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក ឈាង តុលា ព្យាយាមប្រមូលលុយស្រង់ដើម ទៅតាមទម្លាប់ចាស់

ខេត្តស្ទឹងត្រែង ៖ បើទោះបីជាមានការតែងតាំងលោក ឈាង តុលា ជានាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង ជំនួសលោក អ៊ីវ ឯកសាវត្តី រួចហើយក៏ដោយ ក៏សកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់ របស់ក្រុមឈ្មួញទាំងតូចទាំងធំ នៅតែបន្តកើតមានយ៉ាងអនាធិបតេយ្យដដែល ជាពិសេសការរកស៊ី ដឹកជញ្ជូនឈើទ្រង់ទ្រាយធំ របស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលបានមកពីការកាប់បំផ្លាញ តាមតំបន់អភិរក្ស និងតំបន់ព្រៃការពារ ឬជ្រកក្រោមស្លាក ស្តារបាតអាងទំនប់វារីអគ្គិសនី នៅតែគ្មាននរណាហ៊ានប៉ះពាល់។
លោក ឈាង តុលា អំឡុងពេលធ្វើជា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តសៀមរាប ធ្លាប់មានពាក់ព័ន្ធរឿងអាស្រូវ ក្នុងការប្រមូលលុយពីជំនួញឈើខុសច្បាប់ រហូតមានការផ្លាស់ប្តូរ ទៅកាន់តំណែងជា ប្រធានការិយាល័យស៊ើបអង្កេត និងឆ្លើយតបរហ័ស នាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តន៍ច្បាប់ នៃរដ្ឋបាលព្រៃឈើ។ ដូច្នេះឱកាសដែលលោក ឈាង តុលា មកធ្វើជា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង គឺជាពេលវេលាដែលគាត់ ព្យាយាមប្រមូលលុយ យកទៅស្រង់ដើម ទៅតាមទម្លាប់ចាស់។
ប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តស្ទឹងត្រែង បានឱ្យដឹងថា សកម្មភាពកាប់ឈើប្រណីត និងឈើប្រភេទលេខ១ លេខ២ ធ្វើអាជីវកម្ម ខុសច្បាប់ នៅតំបន់ព្រំដែន ខេត្តស្ទឹងត្រែង ជាប់ជាមួយប្រទេសឡាវ កំពុងកើតឡើងយ៉ាងពេញបន្ទុក ហើយឈើមួយផ្នែក ដែលក្រុមជនល្មើសកាប់បំផ្លាញនោះ ត្រូវបានដឹកជញ្ជូនទៅលក់ ឱ្យឈ្មួញឡាវ និងមួយផ្នែកទៀត ត្រូវគេដឹកចូលទៅស្តុកទុក នៅការដ្ឋានក្រុមហ៊ុន សម្បទាន ក្នុងតំបន់ដើម្បីនាំចេញទៅទីផ្សារ។ លោក កុល សំអុល អភិបាលខេត្តស្ទឹងត្រែង លោក ឈាង តុលា ហាក់ដូចជានាំគ្នាសម្ងំស្ងៀម ធ្វើមិនដឹងមិនឮអ្វីទាំងអស់។
ប្រការនេះធ្វើឱ្យព្រៃឈើ តាមព្រំដែន កម្ពុជា-ឡាវ ប្រឈមនឹងសេចក្តីវិនាស ហិនហោច ព្រោះមន្ត្រីអាជ្ញាធរខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើខេត្ត គិតគូរតែរឿង ផលប្រយោជន៍ប៉ុណ្ណោះ។ ឈើប្រណីតដូចជាធ្នង់ បេង នាងនួន និងឈើប្រភេទលេខ១ លេខ២ រាប់រយម៉ែត្រគូប ត្រូវបានកម្មករស៊ីឈ្នួល និងប្រជាពលរដ្ឋមួយចំនួន កាប់បំផ្លាញនៅក្នុង ព្រៃស្រោង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលមានចម្ងាយប្រមាណ ១០គីឡូម៉ែត្រ ពីព្រំដែនស្រុកមឿងខូង ខេត្តចំប៉ាសាក់ប្រទេសឡាវ កើតឡើងជាយូរមកហើយ ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធ មិនដែលយកចិត្តទុកដាក់ បង្ក្រាបបទល្មើសនោះទេ។
ដូច្នេះលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យមើលបទល្មើសបំផ្លាញព្រៃឈើ នៅខេត្តស្ទឹងត្រែងជាបន្ទាន់។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងពលរដ្ឋរស់នៅស្រុកសៀមប៉ាង បានឱ្យដឹងថា កម្មករស៊ីឈ្នួលជាច្រើនក្រុម ហើយក្នុងមួយក្រុម មានគ្នាប្រមាណ ១០នាក់ ប្រដាប់ដោយម៉ាស៊ីនកាត់ឈើស្វ័យប្រវត្តិ ត្រូវគេជួលនិងបំពាក់ឧបករណ៍ ឱ្យចូលព្រៃអាររំលំឈើ ហើយច្រៀកជាឈើជ្រុង បន្ទាប់មកគេប្រើប្រាស់រថយន្តធំៗ ដឹកជញ្ជូនចេញពីព្រៃ យកមកស្តុកទុកនៅការដ្ឋាន ក្រុមហ៊ុនដីសម្បទាន មួយក្បែរនោះ។
ប្រភពបានឱ្យដឹងទៀតថា ក្រៅពីកម្មករស៊ីឈ្នួល កាប់ឈើឱ្យក្រុមហ៊ុន នៅមានប្រជាពលរដ្ឋ រស់នៅតំបន់ព្រៃក្បែរនោះ នាំគ្នាជាក្រុមៗ ប្រដាប់ដោយម៉ាស៊ីន កាត់ឈើស្វ័យប្រវត្តិ រទេះ និងគោយន្តច្នៃ ចូលព្រៃកាប់អារច្រៀកឈើ ដឹកជញ្ជូនយកទៅលក់ឱ្យឈ្មួញ យ៉ាងគគ្រឹកគគ្រេង។ ប្រជាពលរដ្ឋបានរៀបរាប់ថា សមត្ថកិច្ចពាក់ព័ន្ធជាពិសេស មន្ត្រីរដ្ឋបាលព្រៃឈើ បង្ក្រាបតែប្រជាពលរដ្ឋ ដែលចូលព្រៃ កាប់ឈើបន្តិចបន្តួច យកទៅលក់ដើម្បីបានប្រាក់ យកមកដោះស្រាយជីវភាពប្រចាំថ្ងៃ ប៉ុណ្ណោះ។ រីឯកម្មករ របស់ក្រុមហ៊ុនដីសម្បទាន ដែលកាប់ឈើនៅក្រៅបរិវេណ ដីសម្បទានយ៉ាងពេញបន្ទុក ដើម្បីនាំចេញទៅលក់តាមទីផ្សារ មិនដែលឃើញមានសមត្ថកិច្ច ចាត់វិធានការ បង្ក្រាបម្តងណាទេ។
សកម្មភាពកាប់ឈើខុសច្បាប់ តាមតំបន់ព្រំដែន ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ គឺមានការបើកដៃពី មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ក្នុងនោះលោក ឈាង តុលា មេរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង ជាអ្នកទទួលខុសត្រូវធំជាងគេ ចំពោះបទល្មើសកាប់ឈើប្រណីត និងឈើប្រភេទលេខ១ លេខ២ នៅតាមតំបន់ព្រំដែននោះ។ ប្រសិនបើមន្ត្រីរដ្ឋបាលព្រៃឈើ បំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ គឺគ្មានជនល្មើសណា ហ៊ានកាប់ឈើតទៅទៀតឡើយ។ ហេតុនេះលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ មិនត្រូវមើលរំលង ពីបញ្ហាខាងលើនេះទេ។
សូមបញ្ជាក់ថា ក្នុងថ្ងៃទទួលតំណែងជា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែង លោក ឈាង តុលា បានឡើងធ្វើការប្តេជ្ញាចិត្ត ធ្វើយ៉ាងណាខិតខំ ក្នុងការបំពេញភារកិច្ច បង្កើនកិច្ចសហការ ជាមួយអាជ្ញាធរខេត្ត ស្ថាប័នតុលាការ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្តស្ទឹងត្រែង ទាំងអស់ ដើម្បីចូលរួមដោះស្រាយបញ្ហា ដែលមានការប្រឈម។ ជាងនេះទៅទៀតនោះ នឹងធ្វើការបង្ក្រាប ទប់ស្កាត់រាល់បទល្មើសព្រៃឈើ ដែលកើតមាននៅ ក្នុងតំបន់មូលដ្ឋាន ខេត្តស្ទឹងត្រែងទាំងមូល ។ គេរង់ចាំមើលថា តើការប្តេជ្ញាចិត្តរបស់លោក ឈាង តុលា ធ្វើបានជោគជ័យក្នុងកម្រិតណា ឬមួយស្រង់ដើមសិន ទើបគិតគូរការបង្ក្រាប យកស្នាដៃ…៕
Source from: watphnom-news.com
Post a Comment