
ជិះម៉ូតូទៅបុកឡានដឹកកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតអូលែរ ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម

ខេត្តកណ្តាល ៖ យុវជនម្នាក់បានជិះម៉ូតូ បុកពីក្រោយរថយន្ត ដឹកកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតអូលែរ ដែលខូចចតស្ងៀមនៅលើផ្លូវ បណ្តាលឲ្យស្លាប់ យ៉ាងអាណោចអាធ័ម នៅលើផ្លូវជាតិលេខ១ កាលពីវេលាម៉ោង ១២និង២០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ ចន្លោះគីឡូម៉ែត្រលេខ ៣០-៣១ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនរងគ្រោះមានឈ្មោះ យាន់ សុភា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ ជិះម៉ូតូម៉ាក ស៊ុយហ្ស៊ូគីស្មាស់រីវ៉ូ ពណ៌ខៀវ ពាក់ស្លាកលេខ សៀមរាប 1E-0939 ។ ចំណែករថយន្កកុងតឺន័រ ដែលខូចឈប់ចត នៅលើចិញ្ចើមផ្លូវ ម៉ាកនីសាន់ ពណ៌បៃតងខ្ចី ពាក់ស្លាកលេខបាត់ដំបង 3A-0673 នៅលើក្បាលរថយន្ត មានសរសេរថា ក្រុមហ៊ុនផែស្ងួតអូលែរ ហើយអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ស្រមោល។
សាក្សីបានឲ្យដឹងថា មុនពេលគ្រោះថ្នាក់ ជនរងគ្រោះជិះម៉ូតូយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើត ចំណែករថយន្តកុងតឺន័រ បានឈប់ចតលើចិញ្ចើមផ្លូវ ក្នុងទិសដៅស្របគ្នា ប៉ុន្តែមិនបានដាក់ភ្លើង ឬសញ្ញាសម្គាល់នោះទេ ។ ពេលនោះស្រាប់តែ ជនរងគ្រោះបានជិះម៉ូតូ ទៅបុកចំពីក្រោយរថយន្ត យ៉ាងពេញទំហឹង បណ្តាលឲ្យបោកក្បាល ផ្ទប់ជាមួយនឹងតួរថយន្ត ស្លាប់នៅនឹងកន្លែង កើតហេតុតែម្តង៕
Source from: watphnom-news.com
Post a Comment