នាយករដ្ឋមន្ត្រីចាំផ្ទះ យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវតុលាការធម្មនុញ្ញថៃកាត់ក្តីឲ្យចុះចេញពីតំណែង

នៅរសៀលថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០១៤នេះ តុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ដែលមានចៅក្រមជំនុំជម្រះចំនួន៦នាក់ បានបើកសវនាការជំនុំជម្រះវិនិច្ឆ័យសេចក្តីឲ្យលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីចាំផ្ទះថៃ និងសមាជិកគណៈរដ្ឋមន្ត្រីចំនួន៩នាក់ផ្សេងទៀត ដែលពាក់ព័ន្ធចុះចេញពីមុខតំណែងក្រោមការចោទប្រកាន់ពីបទប្រើអំណាចផ្លាស់ប្តូរតំណែង និងផ្តល់តួនាទីមន្ត្រីរាជការជាន់ខ្ពស់រំលោភលើច្បាប់រដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ។
លោក Charoon Intachan ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការធម្មនុញ្ញថៃ បានថ្លែងថា "លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា បានរំលោភលើអំណាចនាយករដ្ឋមន្ត្រីរបស់លោកជំទាវ ដោយមានការដកហូតតួនាទី និងផ្លាស់ប្តូរតំណែងមន្ត្រីរាជការជាន់ខ្ពស់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផ្ទុយនឹងច្បាប់ ។ ដូច្នេះ តំណែងនាយករដ្ឋមន្ត្រីរបស់លោកជំទាវត្រូវតែបញ្ចប់ …" ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឲ្យដឹងថា ឯកឧត្តម Niwatthamrong Boonsongpaisan ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះជំនួសលោកជំទាវ Yingluck Shinawatra ក្រោយពីតុលាការធម្មនុញ្ញថៃសម្រេចដកហូតតំណែងជានាយករដ្ឋមន្ត្រីរួចមក ។
ថ្វីដ្បិតបានច្រានចោលការសម្រេចរបស់តុលាការធម្មនុញ្ញក្តី ក៏លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា បានឯកភាពចុះចេញពីមុខតំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះនៃព្រះរាជាណាចក្រថៃផងដែរ ដោយគ្មានការក្រាញអំណាចរឹងទទឹងអ្វីឡើយ ៕


Source from: www.dtn7.com























Loading...




Post a Comment