កូនបង្កើតអភិបាលខេត្តព្រះសីហនុជាប់សង្ស័យក្នុងបទរំលោភបំពានហ៊ុំព័ទ្ធយកដីឧទ្យានជាតិរាមអស់ទំហំ៤០ហិកតា

កូនប្រុស-ស្រីបង្កើតរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដ៏មានឥទ្ធិពល ត្រូវបានក្រុមប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួន ផ្តោតការសង្ស័យថា បាននាំគ្នាធ្វើសកម្មភាពដឹកនាំកម្លាំងកាប់ឆ្ការហ៊ុំព័ទ្ធធ្វើរបងយ៉ាងរឹងមាំ រំលោភបំពានយកដីធ្លីឧទ្យានជាតិរាម ទល់មុខព្រលានយន្តហោះកងកេង ឋិតនៅចំណុចភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាដីធ្លីឋិតក្នុងតំបន់ហាមឃាត់ និងការពារដោយព្រះរាជក្រឹត្យអស់ទំហំ៤០ហិកតា ខណៈដែលមន្ត្រីអាជ្ញាធរដែនដី និងមន្ត្រីជំនាញគ្រប់គ្រងតំបន់ឧទ្យានជាតិរាម មិនហ៊ានហើបមាត់ធ្វើដឹងធ្វើឮឡើយ ដ្បិតខ្លបខ្លាចអំណាចឯកឧត្តមអភិបាលខេត្ត។
ក្រុមប្រជាពលរដ្ឋរស់នៅក្បែរតំបន់ឧទ្យានជាតិរាម បានឲ្យដឹងថា មនុស្សដែលដឹកនាំកម្លាំងមកកាប់ឆ្ការព្រៃ និងធ្វើរបងហ៊ុំព័ទ្ធយកដីធ្លីឧទ្យានជាតិរាម ជាតំបន់ហាមឃាត់នោះមានឈ្មោះ សារ៉ាត ច័ន្ទវិរៈ ភេទប្រុស និងឈ្មោះ សារ៉ាត និមល ភេទស្រី ត្រូវជាកូនបង្កើតរបស់ឯកឧត្តម ស្បោង សារ៉ាត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដ៏មានអំណាច។
អតីតមេឃុំរាម គឺលោក ចាន់ រិទ្ធិ បានទទួលស្គាល់ថា ដីធ្លីខាងលើនេះ ពិតជាត្រូវបានកាន់កាប់ដោយកូនបង្កើតឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ស្បោង សារ៉ាត ប្រាកដមែន ប៉ុន្តែបើតាមលោកដឹងចំពោះការកាន់កាប់ដីនេះ គឺធ្វើឡើងតាមរយៈលទ្ធកម្មនៃការទិញពីប្រជាពលរដ្ឋ។
កូនប្រុស-ស្រី បង្កើតរបស់ឯកឧត្តម ស្បោង សារ៉ាត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ គឺឈ្មោះ សារ៉ាត ច័ន្ទវិរៈ និងឈ្មោះ សារ៉ាត និមល គេហទំព័រសារព័ត៌មានដើមត្នោត មិនទាន់អាចសុំការបំភ្លឺបញ្ជាក់ទាក់ទងនឹងការកាន់កាប់ដីធ្លីឧទ្យានជាតិរាមនេះនៅឡើងទេ ត្រឹមថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៤។
គួររម្លឹកជូនថា កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ឈ្មោះ សារ៉ាត ច័ន្ទវិរៈ ត្រូវជាកូនប្រុសបង្កើតរបស់ឯកឧត្តម ស្បោង សារ៉ាត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដ៏មានឥទ្ធិពលធ្លាប់បានដាក់ពាក្យស្នើសុំធ្វើប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២កន្លែង ដែលជាដីផ្លូវសាធារណៈ និងជាដីសាធារណៈរបស់រដ្ឋ ឋិតនៅភូមិ៤ និងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយត្រូវបានឯកឧត្តម ស្បោង សារ៉ាត ជាឪពុក និងជាអភិបាលខេត្តចុះហត្ថលេខា ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយបានបញ្ជាក់ថា «បានឃើញ និងយល់ព្រម។ សូមលោកប្រធានមន្ទីរ ដនសស ខេត្តវាស់វែង និងផ្តល់ប័ណ្ណជូនតាមសំណើ។»។
ឯកឧត្តម ស្បោង សារ៉ាត កើតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៥៤ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អស់ជាច្រើនឆ្នាំ ដែលល្បីល្បាញខាងមានរឿងអាស្រូវក្នុងការចុះហត្ថលេខាលើបញ្ហាដីធ្លីមានភាពមិនប្រក្រតីនោះ ត្រូវបានដាក់ឲ្យចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤តទៅ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២១៤/២១១ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ពោលគឺឯកឧត្តម ស្បោង សារ៉ាត លែងមានសុពលភាពធ្វើជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុតទៅទៀតហើយ៕

Source from: www.dtn7.com























Loading...




Post a Comment