អ្នកភូមិខ្មែរក្រោមនៅស្រុកបូរីជលសារ ខេត្តតាកែវ ប្រមាណ ៧០គ្រួសារ ត្រូវសាលាដំបូងខេត្តកោះហៅទៅជំនុំជម្រះក្ដីនៅថ្ងៃទី២៥ មិថុនា ក្នុងសំណុំរឿងរុករានដីតំបន់ជលផលធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ អ្នកភូមិអះអាងថា ពួកគាត់សុំពន្យារពេលតុលាការ ដើម្បីស្វែងរកមេធាវីការពារក្ដីក្នុងរឿងនេះ ប៉ុន្តែត្រូវតុលាការបដិសេធ។
អ្នកភូមិទាំងនោះសម្ដែងក្ដីបារម្ភខ្លាចតុលាការកាត់ក្ដីទាំងបង្ខំ ហើយឃាត់ខ្លួនពួកគាត់ដាក់ពន្ធនាគារ នៅពេលជំនុំជម្រះក្ដីក្នុងសវនាការនោះ។ អ្នកភូមិបង្ហាញថា ដីដែលពួកគាត់រស់នៅមានប្រមាណជិត ៣០០ហិកតារ ស្ថិតនៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។
ប្រជាពលរដ្ឋទាំង ៧០គ្រួសារនោះ ត្រូវអាជ្ញាធរខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ប្ដឹងចោទប្រកាន់ទៅតុលាការ។
អ្នកភូមិម្នាក់ លោក វី ម៉ៃ រស់នៅភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ថ្លែងនៅថ្ងៃទី២៤ មិថុនា ថា ពួកគាត់បានកាន់កាប់ និងដាំដុះអាស្រ័យផលលើដីដែលមានទំនាស់នោះតាំងពីឆ្នាំ១៩៩៧ ជាបន្តបន្ទាប់។ រហូតដល់ឆ្នាំ២០០៤ ពេលនោះមានក្រុមឈ្មួញមកដណ្ដើមកាន់កាប់លើដីនោះ។ ក្រោយមកនៅឆ្នាំ២០១៣ មន្ត្រីជលផលប្ដឹងពួកគាត់ទៅតុលាការពីបទរុករានដីតំបន់ឡូនេសាទដោយខុសច្បាប់។
លោក វី ម៉ៃ ចាត់ទុកការប្ដឹងចោទប្រកាន់របស់អាជ្ញាធរនេះ ថាជារឿងអយុត្តិធម៌គាបសង្កត់មកលើប្រជាពលរដ្ឋក្រីក្រគ្មានអំណាច។ លោកថា ពួកគាត់ធ្វើលិខិតស្នើសុំពន្យារពេលតុលាការ ដើម្បីស្វែងរកមេធាវីការពារក្ដីក្នុងរឿងទំនាស់នេះ ប៉ុន្តែត្រូវតុលាការបដិសេធ៖ «ថ្ងៃ៥ឡើងម៉ាសាហើយ ឥឡូវដល់ថ្ងៃស្អែកហ្នឹងឡើងម៉ាសាទៀតហើយ។ ពួកខ្ញុំមកដាក់ពាក្យឥឡូវក្រឡាបញ្ជី គេអត់ព្រម ឥឡូវពួកខ្ញុំត្រូវស្អែកហ្នឹងត្រូវឡើងមកដល់តុលាការគេជំនុំជម្រះ»។
ទាក់ទងនឹងបញ្ហានេះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ លោក ជិន សុចិត្រា មានប្រសាសន៍បញ្ជាក់ថា តុលាការកោះហៅពួកគាត់ទាំង ៧០គ្រួសារមកជំនុំជម្រះក្ដីតាមពាក្យបណ្ដឹងរបស់ជលផលខេត្ត ដោយរកឃើញថា ពួកគាត់ទាំងនោះរុករានដីដោយខុសច្បាប់។ លោកថា តុលាការមិនអាចពន្យារពេលជំនុំជម្រះក្ដីក្នុងរឿងនេះដល់ពួកគាត់ ដោយសារការសុំពន្យារពេលនោះរយៈពេលខ្លី មិនអាចរៀបចំបែបបទតាមសំណើនោះបាន។
លោក ជិន សុចិត្រា៖ «ហើយការពន្យារហ្នឹងពន្យារពេលណាអ៊ីចឹងវិញ ហើយបើសិនយើងចេះតែឲ្យគាត់ ៧០គ្រួសារចេះតែគាត់ម្នាក់សុំពន្យារម្ដងម៉ាគ្រួសារសុំពន្យារម្ដង តើនីតិវិធីវាប៉ះពាល់ដល់សិទ្ធិបុគ្គលដែលឋិតនៅក្នុងឃុំណាលោក បានជាប្រធានក្រុមប្រឹក្សាខាងចៅក្រមគាត់ព្យាយាម ជំរុញធ្វើម៉េចឲ្យរឿងហ្នឹងជម្រះឲ្យលឿន ព្រោះវាពាក់ព័ន្ធហ្នឹងបុគ្គលដែលស្ថិតនៅក្នុងឃុំ»។
នាយកប្រតិបត្តិអង្គការការពារសិទ្ធិជនជាតិភាគតិច លោក អាង ច័ន្ទឫទ្ធិ ចាត់ទុកការកោះហៅរបស់តុលាការនេះថា ជារឿងតក់ក្រហល់ ដើម្បីដាក់សម្ពាធធ្វើឲ្យប្រជាពលរដ្ឋទាំងនោះភ័យខ្លាច ដើម្បីប្រគល់ដីស្រែដែលពួកគាត់កាន់កាប់នោះទៅឲ្យអាជ្ញាធរវិញ៖ «យកដីពីគាត់ហើយមធ្យោបាយមួយ គឺឲ្យតុលាការកាត់ក្ដីគាត់ ឬដាក់សម្ពាធដើម្បីសុំដើម្បីយកដីគាត់ ហើយឲ្យគាត់ហ្នឹងមួយចំណែកតូច ដីដែលគាត់កំពុងកាន់កាប់ធ្វើស្រែប្រាំង ហើយរស់នៅលើដីហ្នឹង»។
ក្នុងចំណោមអ្នកភូមិទាំង ៧០គ្រួសារនោះ មានម្នាក់ត្រូវតុលាការខេត្តតាកែវ ឃុំខ្លួន ដោយចោទប្រកាន់ពីបទរុករានលើដីតំបន់ជលផលដោយខុសច្បាប់៕
------------
Source from: rfa.org/khmer
Post a Comment