Looking for Cambodia News: or Khmer News: , or current situation in Cambodia, Sronuk.com is the site for you. Sronuk.com is the site to providing relevant and informative information about Cambodia and its people., Khmer HOT News portal site of Cambodia, Easy to read on your Mobile Phone, iPhone, iPad, Android, Tablet and PC
សុរិយា ស៊ូប៊ែឌី៖ កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​ក្រៅ​ពី​ស្ថាប័ន​បោះ​ឆ្នោត

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​បញ្ចេញ​របាយការណ៍​ជាង ១០​ទំព័រ បន្ទាប់​ពី​លោក​បញ្ចប់​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា។

លោក ស៊ូប៊ែឌី បាន​សង្កត់​ធ្ងន់​ថា កម្ពុជា ត្រូវ​ធ្វើ​កំណែ​ទម្រង់​ជាច្រើន​ទៀត ក្រៅ​ពី​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​បោះ​ឆ្នោត​នោះ គឺ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​សភា ក្រុមប្រឹក្សា​ធម្មនុញ្ញ។ លោក​បញ្ជាក់​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​រួម​តូច និង​រឹតត្បិត។

លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ការ​ជាប់​គាំង​នយោបាយ​អូស​បន្លាយ​ពេល​ជិត ១​ឆ្នាំ​មក​នេះ ជា​ឧបសគ្គ​យ៉ាង​ខ្លាំង​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស។

លោក សុរិយា ស៊ូប៊ែឌី ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃ​ទី​២៤ មិថុនា ថា លំហូរ​ប្រជាធិបតេយ្យ​នៅ​ប៉ុន្មាន​ខែ​កន្លង​មក​នេះ បាន​រួម​តូច។ លោក​បញ្ជាក់​ថា ការ​យក​ទីលាន​ប្រជាធិបតេយ្យ​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស និង​រថពាសដែក និង​យក​ទីលាន​ប្រជាធិបតេយ្យ​ជា​ទីតាំង​យោធា ពុំ​មាន​មូលហេតុ​ផ្លូវ​ច្បាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ។

ទន្ទឹម​នឹង​នេះ លោក សុរិយា ស៊ូប៊ែឌី អំពាវនាវ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​លទ្ធផល​ស៊ើប​អង្កេត លើ​ករណី​ផ្ទុះ​អំពើ​ហិង្សា​បាញ់​មនុស្ស​ស្លាប់​កន្លង​មក​នោះ។ លោក​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ដូច្នេះ៖ «ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើ​ព្រឹត្តិការណ៍​ហិង្សា ដែល​បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី​១៥ កញ្ញា ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣ និង​នៅ​ថ្ងៃ​ទី​៣ មករា និង​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៧​នាក់ របួស​ជាច្រើន​នាក់ និង​បាត់​ខ្លួន​ម្នាក់​នោះ»

ក្រៅ​ពី​នេះ​ទៀត លោក សុរិយា ស៊ូប៊ែឌី ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​មួយ​ចំនួន​ទៀត ដូចជា ប្រព័ន្ធ​តុលាការ សភា​បាន​អនុម័ត​ច្បាប់​៣​ថ្មីៗ​នេះ ជា​ចំណុច​ស្នូល​នៃ​អនុសាសន៍​របស់​លោក​កន្លង​មក តែ​លោក​ព្រួយ​បារម្ភ​ថា ច្បាប់​ទាំង​បី​នេះ​ជា​ឧបសគ្គ​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ និង​គោលការណ៍​បែង​ចែក​អំណាច។ ការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត និង​សភា ការ​កំណែ​ទម្រង់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​ឯករាជ្យ​ពិត​ប្រាកដ និង​មិន​ប្រកាន់​គណបក្ស​នយោបាយ។

ក្រៅ​ពី​នេះ​ទៀត លោក​សង្កត់​ធ្ងន់​ថា ស្ថាប័ន​រដ្ឋ​មិន​បាន​ការពារ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើយ បញ្ហា​នេះ​ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម និង​ការ​ដាក់​ញត្តិ​មក​លោក​នោះ៖ «ខ្ញុំ​បាន​ដឹង​ថា ការ​បរាជ័យ​របស់​ស្ថាប័ន​រដ្ឋ​ក្នុង​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ គឺ​ជា​មូលហេតុ​ដែល​ប្រជាពលរដ្ឋ​សាមញ្ញ​មក​រក​ខ្ញុំ ដោយសារ​ការ​អស់​សង្ឃឹម​ក្នុង​ការ​បង្ហាញ​ពី​ស្ថានភាព​លំបាក​របស់​គេ និង​បាន​ដាក់​ញត្តិ​ឲ្យ​ខ្ញុំ​ជួយ»

មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​នៃ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា ការ​សំណូមពរ​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ នេះ មិន​មែន​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​សំណូមពរ​របស់​លោក​នេះ​ទេ ហើយ​ការ​សម្រេច​របស់​រដ្ឋាភិបាល​នោះ គឺ​ឋិត​នៅ​លើ​នីតិវិធី និង​ការ​ទទួល​ខុស​ត្រូវ​របស់​តុលាការ៖ «ចំពោះ​ការ​បរាជ័យ​របស់​សភា អា​នេះ​ជា​ការ​ប្រើ​ភាសា​មួយ​អាក្រក់​ស្ដាប់​ណាស់ ក៏ប៉ុន្តែ​ចំពោះ​បញ្ហា​ហ្នឹង​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​បាន​ចាប់​ចំណាប់​ខ្មាំង​ទៅ​លើ​ការងារ​ប្រជាធិបតេយ្យ ដែល​គេ​មិន​បាន​ចូល​សភា»

បន្ថែម​ពី​នេះ​ទៀត លោក សុរិយា ស៊ូប៊ែឌី បាន​លើក​ពី​លំហូរ​ប្រជាធិបតេយ្យ សិទ្ធិ​ការងារ សិទ្ធិ​ដីធ្លី ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​កន្លែង​រងគ្រោះ ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ការ​បញ្ជូន​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ បណ្ដាល​ឲ្យ​ស្លាប់ ដែល​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ជា​ស្ថាប័ន​ឯករាជ្យ ជាដើម។

លោក សុរិយា ស៊ូប៊ែឌី សង្កត់​ធ្ងន់​ថា ប្រទេស​កម្ពុជា ប្រសិន​បើ​មិន​មាន​ការ​កែ​ទម្រង់​ឲ្យ​បាន​ឆាប់​ទេ ប្រទេស​នឹង​មាន​ការ​ប្រថុយប្រថាន​នៃ​ការ​វិល​ត្រឡប់​ទៅ​ជា​អំពើ​ហិង្សា។ លោក​អះអាង​ថា របាយការណ៍​គ្រឹះ​សំខាន់ៗ​របស់​លោក​ចំនួន​៤ ដែល​បាន​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ នោះ ជុំវិញ​នឹង​ការងារ​របស់​លោក​បាន​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ៥​ឆ្នាំ​កន្លង​មក​នេះ លោក​មាន​បំណង​ជួយ​ដល់​រដ្ឋាភិបាល គណបក្ស​ប្រឆាំង ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា ដើម្បី​ទទួល​បាន​ការ​ផ្លាស់​ប្ដូរ។ លោក​បញ្ជាក់​ទៀត​ថា ការ​សន្និដ្ឋាន និង​អនុសាសន៍​របស់​លោក​ដែល​មាន​នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ​នេះ លោក​នឹង​បង្ហាញ​ជូន​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៤ ខាង​មុខ៕


------------

Source from: rfa.org/khmer

Loading...

View all

Post a Comment

Follow Us

Continue Movies

Text Widget







Latest Videos

Last Songs

item