អ្នកភូមិសាមគ្គី ឃុំព្រែកដំបូក ស្រុកមុខកំពូល ខេត្តកណ្ដាល មួយគ្រួសារ បារម្ភពីបាត់បងប្អូនដែលធ្វើពលករនៅថៃ ហើយយោធាថៃ បញ្ជូនមកប្រទេសកម្ពុជា តាំងពីថ្ងៃទី១៩ មិថុនា មិនបានឃើញមកផ្ទះ។
លោក ធីម សុផល ថ្លែងថា បងស្រីឈ្មោះ ធីម ចាន់ណា អាយុ ២៥ឆ្នាំ និងស្វាមីឈ្មោះ ពូន សុធា អាយុ ២៤ឆ្នាំ មុនថៃ បញ្ជូនមកស្រុកខ្មែរ បានទាក់ទងតាមទូរស័ព្ទប្រាប់ថា យោធាថៃ បញ្ជូនពួកគាត់មកនៅថ្ងៃទី១៩ ខែមិថុនា។ នៅថ្ងៃទី២៣ មិថុនា គាត់បានទាក់ទងលេខទូរស័ព្ទថៃ ដែលបងស្រីបានប្រើ តែគ្មានអ្នកឆ្លើយឆ្លង។ ប៉ុន្តែនៅថ្ងៃទី២៥ មិថុនា ទូរស័ព្ទនោះមិនអាចទាក់ទងបាន ហើយមនុស្សមិនឃើញមកដល់ផ្ទះ ទើបបារម្ភពីការបាត់ខ្លួន។
លោក ធីម សុផល៖ «ដាច់ទំនាក់ទំនងត្រឹមថ្ងៃ១៩ ក្នុងខែ៦ហ្នឹង បារម្ភហ្នឹងលក្ខណៈថាគិត គាត់គេចាប់ឬមួយក៏គេធ្វើអីគាត់។ ខ្ញុំអត់ដឹងដែរ ប៉ុន្តែខ្ញុំគិតថា បើសិនគេបញ្ជូនមក គឺមកយូរហើយ។ បើថាស្លាប់ ឲ្យឃើញសាកសព តែនេះភាគច្រើនគេបញ្ជូនមក តែគាត់ឃើញគាត់មកអ៊ីចឹង»។
ពលករខ្មែរដែលយោធាថៃ បញ្ជូនមកវិញ មានប្រមាណជាង ២០ម៉ឺននាក់ហើយ៕
------------
Source from: rfa.org/khmer
Post a Comment