ប្រព័ន្ធការពារប្រឆាំងមីស៊ីលរយៈឆ្ងាយត្រូវបានអាមេរិកធ្វើការសាកល្បងដោយជោគជ័យ
ស្របពេលបណ្តាប្រទេសមហាអំណាចខាងសព្វាវុធនៅលើសកលលោកកំពុងសម្ញែងនូវសក្តានុពលសព្វាវុធរៀងៗខ្លួននោះ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤ មន្ទីរប៉ង់តាហ្គោនរបស់សហរដ្ឋអាមេរិកបានធ្វើការប្រកាសឲ្យដឹងថា ការសាកល្បងប្រព័ន្ធការពារប្រឆាំងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិកឋិតក្នុងកម្មវិធីសាកល្បងចាប់តាំងពីឆ្នាំ ២០០៨មកនោះ បានសម្រេចជោគជ័យហើយ ក្រោយការបរាជ័យចំនួន៥លើករួចមក ។
ប្រព័ន្ធការពារប្រឆាំងមីស៊ីលរបស់សហរដ្ឋអាមេរិកដែលសាកល្បងបានជោគជ័យនោះ មានឈ្មោះ Ground-Based Midcourse Defense (GMD) រត់បានចម្ងាយពី៣.០០០គីឡូម៉ែត្រ ទៅ ៥.០០០គីឡូម៉ែត្រ ផលិតដោយក្រុមហ៊ុនBoeing គឺជាប្រព័ន្ធការពារអាមេរិកប្រឆាំងទៅនឹងបណ្តាមីស៊ីលរយៈចម្ងាយឆ្ងាយ ។
ដំណើរការសាកល្បងប្រព័ន្ធការពារប្រឆាំងមីស៊ីលរបស់អាមេរិកនេះ គឺបានប្រើប្រាស់កាំជ្រូចស្ទាក់កម្ទេច១មានមូលដ្ឋាននៅលើដីបាញ់ចេញពីមូលដ្ឋានអាកាសចរណ៍ Yandenberg រដ្ឋកាលីហ្វ័ញ៉ា បានរត់ទៅកម្ទេចចំគោលដៅលើមីស៊ីលផលិតដោយក្រុមហ៊ុន Lockheed Martin បាញ់ចេញពីទីតាំងសាកល្បង Reagan របស់កងទ័ពអាមេរិកឋិតនៅ Kwajalein នៃប្រជុំកោះម៉ាសាល់ និងអាចស្ទាក់កម្ទេចមីស៊ីលEKV CE-II ផលិតនៅក្រុមហ៊ុន Raytheon ។
សូមបញ្ជាក់ជូនថា ទីបញ្ជាការយោធារបស់សហរដ្ឋអាមេរិក គឺមន្ទីរប៉ង់តាហ្គោនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនBoeing លើទំហំទឹកប្រាក់រហូតដល់ទៅចំនួន៣,៤៨ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការពារប្រឆាំងមីស៊ីលរយៈចម្ងាយឆ្ងាយនេះ ៕
Source from: www.dtn7.com
Post a Comment