សម្ព័ន្ធស្នេហារបស់ពិធីការិនីល្បីឈ្មោះ យុគ ចិន្តា ធ្វើឲ្យផ្អើលដល់ស្ថាប័នព្រឹទ្ធសភា
សម្ព័ន្ធសេ្នហារបស់ពិធិការិនីស្ថានីយ៍ទូរទស្សន៍CTNដ៏ល្បីឈ្មោះ យុគ ចិន្តា ជាមួយឯកឧត្តមមួយរូបជាអណិកជនមកពីបរទេស គឺពិតជាល្បីល្បាញ និងមានប្រជាប្រិយភាពដូចឈ្មោះមែន ដ្បិតទំនាក់ទំនងនេះបានធ្វើឲ្យភ្ញាក់ផ្អើលដល់ស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយធ្លាប់ត្រូវបានអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រកាសថា មិនមានឈ្មោះតួអង្គប្រុសដែលជាដៃគូសម្ព័ន្ធសេ្នហាជាមួយពិធីការិនី យុគ ចិន្តា ធ្វើជា ប្រធានក្រុមទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភានោះឡើយ បន្ទាប់ពីបណ្តាញសារព័ត៌មានមួយចំនួនចុះផ្សាយថា នាង យុគ ចិន្តា ចាប់ផ្តើមកសាងពន្លកស្នេហាជាមួយឯកឧត្តម វុទ្ធី បណ្ឌិត ។
តាមការពិត ឯកឧត្តម វុទ្ធី បណ្ឌិត ដែលល្បីល្បាញថា មានទំនាក់ទំនងស្នេហាជាមួយនាង យុគ ចិន្តា ពិធីការិនីស្ថានីយ៍ទូរទស្សន៍ CTN ដ៏ល្បីឈ្មោះនោះ មិនមែនជាប្រធានក្រុមទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ដូចសារព័ត៌មានមួយចំនួនចុះផ្សាយ ធ្វើឲ្យមានប្រតិកម្មពីស្ថាប័នព្រឹទ្ធសភានោះទេ គឺឯកឧត្តមជាទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៣ មានឋានៈស្មើរដ្ឋលេខាធិការ ដែលទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១២/៤២២ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១២ ។
ទោះយ៉ាងណាក៏ដោយ រាល់ការចុះផ្សាយរបស់សារព័ត៌មាននានាទាក់ទងនឹងសម្ព័ន្ធស្នេហារបស់នាង យុគ ចិន្តា ដែលជាពិធីការិនីដ៏ល្បីឈ្មោះជាមួយឯកឧត្តម វុទ្ធី បណ្ឌិត ហៅ សម័យ ជាទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា និងជាអណិកជនផងនោះ គឺមិនបានធ្វើឲ្យនាង យុគ ចិន្តា រីករាយសប្បាយចិត្តឡើយ ហើយនាងតែងតែប្រកាសបដិសេធថាមិនពិត ថែមទាំងចោទប្រកាន់ថា ជាការចុះផ្សាយរឿងរ៉ាវអាក្រក់អំពីនាងទៅវិញ ។
សូមប្រិយមិត្តអ្នកអានទាំងឡាយ មេត្តាធ្វើការពិចារណា និងបន្តតាមដានទុកជាការកម្សាន្តអារម្មណ៍ក្នុងពិភពសិល្បៈតទៅទៀត ៕
Source from: www.dtn7.com
Post a Comment