ខេត្តកំពង់ចាម ៖ កុមារាឈ្មោះ សេង ពេជ្រ អាយុ៥ឆ្នាំ នៅភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ត្រូវរថយន្តម៉ាកតាកូម៉ា ពណ៌ឈាមជ្រូកមួយគ្រឿង ពាក់ស្លាកលេខកំពង់ចាម2A-0423 បើកបុកពេញទំហឹងនិងកិនបែកក្បាលខ្ទេច ខណៈពេលកុមារារូបនេះរត់កាត់ថ្នល់ជាតិលេខ៧ ។
ហេតុការណ៏នេះបានកើតឡើង នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ មិថុនា ។ ក្រោយពីកើតហេតុ រថយន្តបានបើករត់គេចយកទៅប្លុងចោលនៅក្រោយវត្តរលួស ស្ថិតនៅភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម ហើយអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
លោកអនុសេនីយ៏ឯក សេង ណា អធិការរងនគរបាលស្រុកព្រៃឈរ ទទួលផែនសណ្តាប់ធ្នាប់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជីដូនចាស់ម្នាក់បានដឹកដៃចៅប្រុសឈ្មោះ ពេជ្រ ដើរចេញពីផ្ទះនៅខាងជើង ឆ្លងថ្នល់ទៅខាងត្បូងដើម្បីយកហ្គាសទៅប្តូរនៅផ្ទះលក់គ្រឿងទេសមួយកន្លែង ។ ក្រោយពីប្តូររួចជីដូននិងចៅបានដើរត្រឡប់មកផ្ទះវិញ ចំណែកចៅបានរត់មកតាមក្រោយឆ្លងថ្នល់មិនទាន់ផុតផង ក៏ត្រូវរថយន្តបុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង៕
------------
Source from: kohsantepheapdaily
Post a Comment