ទំហំទឹកប្រាក់ដែល FIFA ចំណាយសម្រាប់ World Cup 2014 និងទឹកប្រាក់ដែលក្រុមជម្រើសជាតិនីមួយៗត្រូវទទួលបាន

ដំណើរការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក (World Cup)លើកទី២០ នៅប្រទេសប្រេស៊ីលឆ្នាំ២០១៤នេះ សហព័ន្ធសមាគមកីឡាបាល់ទាត់អន្តរជាតិ(FIFA) ដែលមានលោក Sepp Blatter ជាប្រធាន បានត្រៀមទឹកប្រាក់ចំនួន៥៧៦លានដុល្លារអាមេរិក ចែកចាយជូនដល់ក្រុមជម្រើសជាតិនីមួយៗដែលបានឈានមកកាន់វគ្គ៣២ក្រុមចុងក្រោយ ។ ទំហំទឹកប្រាក់នេះបានកើនឡើងចំនួន៣៧ភាគរយ បើធៀបទៅនឹងកម្មវិធីប្រកួត World Cup លើកទី១៩ នាឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូងកន្លងទៅ ដែលក្នុងនោះក៏រួមបញ្ចូលផងដែរនូវទឹកប្រាក់ចំនួន៧០លានដុល្លារអាមេរិក ដែល FIFA បានផ្តល់ឲ្យប្រទេសប្រេស៊ីលក្នុងការធ្វើជាម្ចាស់ផ្ទះ ខណៈ FIFA នឹងទទួលបានមកវិញនូវទឹកប្រាក់ចំនួន១,៥លានដុល្លារអាមេរិកក្នុងមួយក្រុម ជាថ្លៃត្រូវបង់ដើម្បីត្រៀមលេងនៅវគ្គជម្រុះ៣២ក្រុមផ្តាច់ព្រ័ត្រក្នុង World Cup ។
គេហទំព័ររបស់ FIFA បានធ្វើការបែងចែកប្រាក់រង្វាន់ទៅតាមដំណាក់កាលនៃការប្រកួតតាមវគ្គនីមួយៗ មានវគ្គ១៦ក្រុម(ជម្រុះក្នុងពូល) វគ្គ៨ក្រុម, វគ្គ៤ក្រុម(ពាក់កណ្តាលផ្តាច់ព្រ័ត្រ) និងវគ្គផ្តាច់ព្រ័ត្រ ដូចតទៅ ៖
១-ក្រុមធ្លាក់ការប្រកួតជម្រុះក្នុងពូល(ពូលA ដល់ពូល H) ដោយក្រុមនីមួយៗទទួលបានទឹកប្រាក់ចំនួន៨លានដុល្លារអាមេរិក ។
២-ក្រុមឆ្លងផុតវគ្គជម្រុះក្នុងពេលឈានដល់វគ្គ១៦ក្រុមចុងក្រោយ ទទួលបានទឹកប្រាក់ចំនួន៩លានដុល្លារអាមេរិក ។
៣-ក្រុមឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយ ឡើងមកដល់វគ្គ៨ក្រុម ទទួលបានទឹកប្រាក់ចំនួន១៥លានដុល្លារអាមេរិក ។
៤-ក្រុមឆ្លងផុតវគ្គ៨ក្រុម ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទទួលបានទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិក ។
៥-ក្រុមឈ្នះជើងឯក(Winner) ទទួលបានទឹកប្រាក់ចំនួន៣៥លានដុល្លារអាមេរិក ខណៈក្រុមជើងឯករង(លេខ២)ទទួលបានទឹកប្រាក់ចំនួន២៥លានដុល្លារអាមេរិក និងក្រុមជាប់ចំណាត់លេខ៣ ទទួលបានទឹកប្រាក់ចំនួន២២លានដុល្លារអាមេរិក ។
គួរបញ្ជាក់ជូនបន្ថែមដែរថា ចាប់ពីដំណើរការប្រកួតជម្រុះក្នុងពូល រហូតវគ្គផ្តាច់ព្រ័ត្រដែលមាន៦៤ប្រកួតក្នុងរយៈពេល១ខែពេញនោះ ក្រុមឈ្នះជើងឯកត្រូវទទួលបានទឹកប្រាក់សរុបចំនួន៧៨លានដុល្លារអាមេរិក ពានមាស១ និងមេដាយមាសចំនួន១ សម្រាប់កីឡាករម្នាក់ៗ ខណៈដែលក្រុមជើងឯករងត្រូវទទួលបានទឹកប្រាក់រសរុបចំនួន៦៨លានដុល្លារអាមេរិក និងក្រុមជាប់ចំណាត់ថ្នាក់លេខ៣ ត្រូវទទួលបានទឹកប្រាក់សរុបចំនួន៦៥លានដុល្លារអាមេរិក ។
ក្រៅពីនេះ នៅមានរង្វាន់សម្រាប់កីឡាករលេងល្អបំផុត, អ្នកចាំទីល្អដែលឈ្នះទទួលបានស្រោមដៃមាស, កីឡាករឈ្នះ ទទួលបានស្បែកជើងមាសពីការស៊ុតបញ្ចូលទីបានច្រើនជាងគេ, គ្រូបង្វឹកដឹកនាំល្អ និងក្រុមជម្រើសជាតិលេងល្អជាងគេ (Fair Play) ផងដែរ ៕

Source from: www.dtn7.com























Loading...




Post a Comment