រយៈពេល៩ថ្ងៃ អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញជិត១ម៉ឺននាក់

ឯកឧត្តម កុយ គួង អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជានោះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤នេះ បានធ្វើការបញ្ជាក់ទាក់ទងទៅនឹងករណីអាជ្ញាធរថៃបញ្ជូនពលករខ្មែរខុសច្បាប់ឲ្យត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញចំនួន៤ចំណុច ដូចតទៅ ៖
១-អាជ្ញាធរយោធាថៃបានដាក់កំហិតឲ្យក្រុហ៊ុន រោងចក្រ សហគ្រាសឯកជនថៃបញ្ឈប់ការប្រើប្រាស់ពលករខុសច្បាប់តទៅទៀត ។ ដូច្នេះ ក្រុមហ៊ុន រោងចក្រ សហគ្រាសទាំងនោះសម្រេចឲ្យពលករខុសច្បាប់ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ រួមទាំងពលករខ្មែរខុសច្បាប់ផងដែរ ។
២-ករណីដែលអាជ្ញាធរថៃបច្ចុប្បន្នបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញនោះ មនមែនជាលើកទី១ទេ ។ កន្លងមក ទោះជានៅមុនពេលប្រទេសថៃគ្រប់គ្រងដោយអាជ្ញាធរយោធាក៏ដោយ ក៏អាជ្ញាធរថៃបានធ្វើការបញ្ជូនពលករខ្មែរខុសច្បាប់មកកម្ពុជាវិញដែរ ដោយជារៀងរាល់២ខែ ឬ៣ខែម្តង អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរខុសច្បាប់ចំនួនរាប់រយនាក់មកកម្ពុជាវិញ ។
៣-នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ ឯកឧត្តម អ៊ុង ស៊ាន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយឯកឧត្តមឯកអគ្គរាជទូតថៃប្រចាំកម្ពុជា អំពីស្ថានការណ៍បច្ចុប្បន្ននៅប្រទេសថៃ ។ ក្នុងជំនួបនោះ ឯកឧត្តម អ៊ុង ស៊ាន បានស្នើឲ្យភាគីថៃអនុវត្តន៍ក្នុងការបញ្ជូនពលករខ្មែរដែលចូលធ្វើការខុសច្បាប់នៅប្រទេសថៃមកកម្ពុជាវិញ មានលក្ខណៈមនុស្សធម៌ ដោយមិនត្រូវដាក់ឲ្យឈរប្រជ្រៀតគ្នាក្នុងរថយន្តទ្រុងព័ទ្ធដោយសំណាញ់ដែកឡើយ ។
៤-ក្នុងរយៈពេល៩ថ្ងៃ គិតចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៤ អាជ្ញាធថៃបានបញ្ជូនពលករខ្មែរខុសច្បាប់ចំនួន៧.៥០៧នាក់ មកកម្ពុជាវិញ ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ដោយកម្រិតជីវភាពទីទ័លក្រ បូករួមទាំងការប្រកបរបរកសិកម្មមិនសូវបានផលផង ទើបធ្វើឲ្យពលរដ្ឋខ្មែរជាច្រើននាក់ប្រថុយខ្លួនចូលទៅរកការងារធ្វើទាំាំងខុសច្បាប់នៅប្រទេសថៃ ទោះបីដឹងថា អាជ្ញាធរថៃបានប្រមាថមកលើខ្លួនយ៉ាងណាក៏ដោយ ៕ 

Source from: www.dtn7.com























Loading...




Post a Comment