អំពើពុករលួយជួញដូរឋានៈនិងឋានន្តរស័ក្តិដែលជាវប្បធម៌ពេញនិយមធ្វើឲ្យកក្រើកដល់ខុទ្ទកាល័យបុរសខ្លាំង

អំពើពុករលួយ បក្ខពួកនិយម ពាក់ព័ន្ធនឹងការជួញដូរឋានៈរបស់មន្ត្រីរាជការស៊ីវិល និងឋានន្តរស័ក្តិរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានកើតមានឡើងអស់ជាច្រើនឆ្នាំមកហើយៗបានក្លាយជាវប្បធម៌ដ៏ពេញនិយមក្នុងសម័យព្រះរាជាណាចក្រកម្ពុជាទី២ គ្រប់គ្រងអំណាចផ្តាច់មុខដោយសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី រហូតដល់ដំណាក់កាលចុងក្រោយ អំពើពុករលួយនេះបានធ្វើឲ្យកក្រើកដល់ខុទ្ទកាល័យរបស់បុរសខ្លាំងតែម្តង ដែលមានឯកឧត្តម ហូ សិទ្ធី ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយកខុទ្ទកាល័យបុរសខ្លាំង ។
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ម្សិលមិញនេះ ខុទ្ទកាល័យរបស់បុរសខ្លាំងបានចេញសេចក្តីជូនដំណឹងមួយចុះហត្ថលេខាដោយឯកឧត្តម ហូ សិទ្ធី ជានាយកខុទ្ទកាល័យ ដោយប្រកាសថា ក្នុងរយៈពេលចុងក្រោយនេះមានជនទុច្ចរិតភូតភរថា ខ្លួនធ្វើការនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឆបោកតាមទូរស័ព្ទទៅមន្ត្រីរាជការខេត្ត-ក្រុង និងកងកម្លាំងប្រដាប់អាវុធផ្ទេរលុយកាក់តាមប្រព័ន្ធផ្ទេរប្រាក់ Wing ជាថ្នូរនឹងការដំឡើងឋានន្តរស័ក្តិ ដំឡើងឋានៈ ឬរត់ការកិច្ចការផ្សេងៗទៀត…។
ដោយឡែក របាយការណ៍លេខពិសេសចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤របស់លោកឧត្តមសេនីយ៍ឯក ចៅ តុល មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្សដឹងឮដោយឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នាយករងការខុទ្ទកាល័យបុរសខ្លាំង និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សបុរសខ្លាំង និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលបានគោរពរាយការណ៍ជូនបុរសខ្លាំង និងភរិយាឲ្យដឹងថា លោក ឌឿន សុវណ្ណ អតីតនាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) និងជាអតីតទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរដ្ឋលេខាធិការ ធ្លាប់បានធ្វើឯកសារសុំហត្ថលេខាពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្នើសុំដំឡើងឋានន្តរស័ក្តិផ្ទាល់ខ្លួន ដោយមិនបានឆ្លងតាមរយៈរាជរដ្ឋាភិបាលនោះទេ ។
ព័ស្តុតាងបានបង្ហាញថា លោក ឌឿន សុវណ្ណ អតីតនាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្លាប់ត្រូវបានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី(ផ្កាយ១)ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០៨/៧០៩ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៨(ដាក់អត្តលេខ០២១៩៦) និងរយៈពេលប្រមាណ២ខែ១៣ថ្ងៃក្រោយមក លោក ឌឿន សុវណ្ណ ត្រូវបានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដោយព្រះរាជក្រឹត្យលេខនស/រកត/០៨០៨/៩៦៦ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០០៨ (ដាក់អត្តលេខ០២១៦៩) ដែលក្នុងពិភពលោកគ្មានរូបភាពត្រឹមរយៈពេល២ខែបានឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ពីផ្កាយ១(ឧត្តមសេនីយ៍ត្រី)ទៅជាផ្កាយ២(ឧត្តមសេនីយ៍ទោ)បែបនេះទេ ។ មានន័យថា ការបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ជូនលោក ឌឿន សុវណ្ណ នេះមានភាពមិនប្រក្រតី បង្កប់ដោយអំពើពុករលួយ និងបក្ខពួកនិយមនៅក្នុងនោះ ។ បន្តមកទៀត លោក ឌឿន សុវណ្ណ ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១១/៣៩៦ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១១ ។
នៅមានព័ស្តុតាងជាច្រើនទៀតបានបង្ហាញឲ្យឃើញដែរថា មន្ត្រីរាជការក្នុងមុខងារសាធារណៈមួយចំនួនដែលមានលុយកាក់ និងមានបក្ខពួក ត្រូវបានដំឡើងឋានៈផ្លោះរំលងពី៣ថ្នាក់ទៅ៤ថ្នាក់ មិនតាមលំដាប់លំដោយនោះទេ គឺពីឧត្តមមន្ត្រីថ្នាក់លេខ៥ទៅជាឧត្តមមន្ត្រីថ្នាក់លេខ១ ជាដើម ដោយរាជរដ្ឋាភិបាលអះអាងបញ្ជាក់ថា ជាករណីពិសេស(Sic!) ។
សរុបសេចក្តីមក យោងតាមរបាយការណ៍លេខពិសេសចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ របស់បញ្ជាការដ្ឋានអង្គរក្ស និងសេចក្តីជូនដំណឹងលេខ៦០៤ខ.ន/០១៤ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ របស់ខុទ្ទកាល័យបុរសខ្លាំង បានឆ្លុះបញ្ចាំងឲ្យឃើញថា អំពើពុករលួយ និងបក្ខពួកនិយមក្នុងការជួញដូរឋានៈ និងឋានន្តរស័ក្តិដែលជាវប្បធម៌ដ៏ពេញនិយមអស់រយៈពេលរាប់ឆ្នាំនៅកម្ពុជានោះ គឺពិតជាបានកើតមានឡើងមែន ហើយធ្វើឲ្យកក្រើករញ្ជួយដល់ខុទ្ទកាល័យរបស់បុរសខ្លាំងថែមទៀត ៕



Source from: www.dtn7.com























Loading...




Post a Comment