អំណាចថៅកែកាស៊ីណូ NAGA WORLD ធ្វើឲ្យរបងនិងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យខេ្ទចខ្ទី
របង និងខ្លោងទ្វាររបស់ពុទ្ធសាសនបណ្ឌិត្យផ្នែកខាងជើង ត្រូវបានក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារ NAGA WORLD រុះរើវាយកម្ទេចចោលខ្ទេចខ្ទីអស់កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤កន្លងទៅ ដើម្បីអនុវត្តន៍គម្រោងស្ថាបនាផ្លូវ និងផ្សារក្រោមដីរបស់ក្រុមហ៊ុន ហើយទីតាំងដីមួយផ្នែករបស់ពុទ្ធសាសនបណ្ឌិត្យក៏ត្រូវបានជួលឲ្យទៅក្រុមហ៊ុនកាស៊ីណូ NAGA WORLD នេះអភិវឌ្ឍន៍ផងដែរ ខណៈដែលសកម្មភាពនៃការរុះរើ និងវាយកម្ទេចរបង និងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យភ្លាមៗនោះ ធ្វើឲ្យមជ្ឈដ្ឋាននានាភ្ញាក់ផ្អើល និងរិះគន់យ៉ាងពេញទំហឹង ។
ការណ៍ដែលរបង និងខ្លោងទ្វារផ្នែកខាងជើងរបស់ពុទ្ធសាសនបណ្ឌិត្យត្រូវបានទទួលរងការរុះរើ និងវាយកម្ទេចចោលឲ្យខ្ទេចខ្ទីដោយក្រុមហ៊ុនកាស៊ីណូ NAGA WORLD នោះ គឺដោយសារក្រសួងធម្មការនិងសាសនា ដែលមានឯកឧត្តម មិន ឃិន ជារដ្ឋមន្ត្រី អនុញ្ញាតតាមលិខិតចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ ។
ទន្ទឹមនឹងនេះ ក្រសួងធម្មការនិងសាសនាក៏បានបង្គាប់ឲ្យក្រុមហ៊ុនកាស៊ីណូ NAGA WORLD ធ្វើការសាងសង់របង និងខ្លោងទ្វារពុទ្ធសាសនបណ្ឌិត្យតាមរចនាប្ម័ទដើមឡើងវិញ បន្ទាប់ពីក្រុមហ៊ុនបញ្ចប់គម្រោងស្ថាបនាផ្លូវ និងផ្សារក្រោមដីរបស់ខ្លួន ។
ក្រុមអ្នករិះគន់បានលើកឡើងថា ដោយសារតែគ្មានផែនការអភិវឌ្ឍន៍រយៈពេលវែងឲ្យបានច្បាស់លាស់ជាមុនរបស់រាជរដ្ឋាភិបាល ទើបធ្វើឲ្យអគារកាស៊ីណូ និងសណ្ឋាគារ NAGA WORLD លេចធ្លោជាងអគារស្ថាប័នរដ្ឋដែលឋិតនៅក្បែរៗនោះក្នុងរាជធានីភ្នំពេញ ហើយក៏មានការរុះរើវាយកម្ទេចរបង និងខ្លោងទ្វារអគារស្ថាប័នរដ្ឋ និងសាសនា ដូចជាករណីពុទ្ធសាសនបណ្ឌិត្យ ជាដើម ដើម្បីបំពេញតម្រូវការអនុវត្តន៍គម្រោងអភិវឌ្ឍន័របស់ក្រុមហ៊ុនកាស៊ីណូ NAGA WORLD ដ៏មានឥទ្ធិពល ។
ក្រុមហ៊ុនកាស៊ីណូ និងសណ្ឋាគារ NAGA WORLD គ្រប់គ្រងដោយលោក Chen Lip Keong ជាអភិបាលដ៏មានអំណាច ដ្បិតលោក Chen Lip Keong ធ្លាប់ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល នីតិកាលទី៤នៃរដ្ឋសភា មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤០៩/៣៨១ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៩ ៕
Source from: www.dtn7.com
Post a Comment