ខេត្ដពោធិ៍សាត់ ៖ រថយន្តម៉ាកហាយឡេនឌ័រ មួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ ខណៈដែលម្ចាស់បើកបរមិនប្រុងប្រយ័ត្ន ត្រូវរថយន្តហ៊ីណូដឹកជ្រូកបើកបុកពេញទំហឹង បណ្តាលឲ្យក្រឡាប់ជាច្រើនជុំ កាលពីវេលាម៉ោង ៧និង១៥នាទី យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ទល់មុខផ្ទះលក់ម៉ាស៊ីនគូបូតា។
បើតាមប្រភពព័ត៌មានពីខេត្តពោធិ៍សាត់ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំ ពេញ2T-6066 បើកបរដោយបុរសម្នាក់ឈ្មោះ តែ សុងធី ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានបើករថយន្តក្នុងទិសដៅពីកើតមកលិច។ ខណៈពេលបើកមកដល់ចំណុចកើតហេតុ គេក៏បានឃើញរថយន្ដនោះ បានបត់ឆ្វេងដៃក្នុងបំណងចូលផ្ទះ ស្រាប់តែភ្លាមៗនោះមានរថយន្តម៉ាកហ៊ីណូ មួយគ្រឿង ពណ៌បៃតង ពាក់ស្លាកលេខ ស្វាយរៀង3A-0537 ដែលបើកបរក្នុងទិសដៅពីលិចមកកើត បានមកបុកចំពាក់កណ្តាលរថយន្ដពេញទំហឹង បណ្ដាលឱ្យរថយន្តហាយឡេនឌ័រ ក្រឡាប់ជាច្រើនជុំ និងធ្វើឲ្យអ្នកបើកបររងរបួសធ្ងន់។ ក្រោយពេលបង្កហេតុអ្នកបើករថយន្តហ៊ីណូ បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុ គេសង្កេតឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ដើម្បីធ្វើការវាស់វែង និងបានទំនាក់ទំនងហៅរថយន្តសង្គ្រោះ មកដឹកយកអ្នករបួសទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source from: watphnom-news.com























Loading...




Post a Comment