រាជធានីភ្នំពេញ ៖ តាមការគ្រោងទុកលោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងដឹកនាំបេក្ខជនជាប់ឆ្នោត ជាតំណាងរាស្ត្រនីតិកាលទី៥ ចូលថ្វាយបង្គំគាល់ និងដាក់ញ្ញត្តិថ្វាយ ព្រះមហាក្សត្រ ក្នុងព្រះបរម ក្នុងព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣នេះ ហើយនឹងបន្តដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីធ្វើពិធីស្បថសច្ចា គោរពឆន្ទៈប្រជារាស្ត្រ ចំពោះវត្ថុស័ក្តិសិទ្ធិ នៅអង្គរវត្ត នៅថ្ងៃទី២២ ខែកញ្ញា ។
កាលពីថ្ងៃទី២០ ខែកញ្ញា លោក សម រង្ស៊ី បានសរសេរលិខិត ទូលថ្វាយព្រះមហាក្សត្រ ដោយបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងមិនចូលរួមប្រជុំសភា លើកដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះទេ ដោយហេតុដូចដែល បេក្ខេជនជាប់ឆ្នោតតំណាងរាស្ត្រទាំង ៥៥ រូប របស់គណបក្ស សង្គ្រោះជាតិ បានទូលថ្វាយរួចហើយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ។
លោក សម រង្ស៊ី ក៏បានទូលថ្វាយទៀតថា បេក្ខជនតំណាងរាស្ត្រទាំង ៥៥ រូបរបស់គណបក្ស សង្គ្រោះជាតិ នឹងចូលរួមប្រជុំ នៅពេលណា ដែលគណបក្ស សង្គ្រោះជាតិ និងគណបក្ស ប្រជាជនកម្ពុជា មានការឯកភាពគ្នាជាមុនសិន ក្នុងការដោះស្រាយបញ្ហាជាតិធំៗ ស្របតាមព្រះរាជតម្រិះរបស់ព្រះអង្គ និងបានស្នើសុំ ឲ្យព្រះមហាក្សត្រ ពន្យារពេលប្រជុំសភាលើកដំបូងនេះ ។
បើតាមការបញ្ជាក់របស់លោក សម រង្ស៊ី បានឲ្យដឹងថា ការធ្វើដំណើរទៅកាន់ខេត្តសៀមរាប របស់ក្រុមតំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ធ្វើឡើងក្នុងគោលបំណង ដើម្បីស្បថសច្ចា គោរពឆន្ទៈប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត នៅចំពោះមុខវត្ថុ ស័ក្តិសិទ្ធិ នៅថ្ងៃទី២២ ខែកញ្ញា ថានឹងមិនចូលរួមប្រជុំសភាលើកដំបូង ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះទេ ដរាបណានៅមិនទាន់មានដំណោះស្រាយ ផ្នែកនយោបាយ ដែលកំពុងជាប់គាំង៕
Source from: watphnom-news.com























Loading...




Post a Comment