ក្រុមបាតុកររបស់គណបក្សសង្គ្រោះជាតិដែលបានសម្រាកស្នាក់នៅពេញមួយយប់ នៅក្រោមតង់កៅស៊ូ និងម្លប់ដើមឈើព្រមទាំងបាតុករខ្លះដែលបានសម្រាកនៅផ្ទះរបស់ខ្លួននៅភ្នំពេញ។
បានបន្តប្រមូលផ្តុំគ្នាសាជាថ្មីនៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើមហាបាតុកម្មនៅថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី១៦កញ្ញានេះ។ ក្រុមបាតុករទាំងនោះក៏មានព្រះសង្ឃនិមន្តចូលរួមផងដែរ។
ក្រុមបាតុករដែលបានចូលរួមនៅក្នុងមហាបាតុកម្ម បានឡើងសម្តែងមតិដោយបញ្ចេញពីទុក្ខកង្វល់រៀងៗខ្លួន និងជាពិសេសគឺគោលដៅនៃការចូលរូមធ្វើមហាតុកម្ម គឺចង់ទាមទារឲ្យបង្កើតគណៈកម្មការចម្រុះ ដើម្បីស៊ើបអង្កេតនូវភាពមិនប្រក្រតីនៃការបោះឆ្នោត។ ការបោះឆ្នោតដែលត្រូវបានក្រុមបាតុករទាំងនោះ អះអាងថា ជាការបោះឆ្នោតដោយមិនយុត្តិធម៌។
នៅច្រកផ្លូវចេញចូលទីលានប្រជាធិបតេយ្យត្រូវបានបិទជាបន្តដោយរបាំងដែករបស់ប៉ូលិសនិងកន្លែងសំខាន់ៗផ្សេងទៀត ដូចជានៅទីស្តីការគណៈរដ្ឋមន្ត្រី កងកម្លាំងប្រដាប់អាវុធ ប៉ូលិសប៉េអឹមត្រូវបានដាក់ពង្រាយជាមួយនឹងរបាំងដែក បារ៉ាសបន្លាលួស ដាក់កាត់ទទឹងផ្លូវ និងលើសួនច្បារ។
តែចរាចរណ៍មិនទាន់បិទទាំងស្រុងនៅឡើយទេ។ ចំណែកផ្លូវសំខាន់ៗជាច្រើនទៀត ក៏ត្រូវបានដាក់របាំងដែក និងបារ៉ាស់ បិទផ្លូវផងដែរដូចជា នៅស្ពានអាកាសក្បាលថ្នល់ និងផ្លូវជិតវិមានឯករាជ្យជាដើម។
ស្របពេលដែលបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅតែបន្តនៅទីលានប្រជាធិបតេយ្យតាមការគ្រោងទុក មេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន និងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសម រង្ស៊ី នៅរដ្ឋសភា។
ដោយបានសម្រេចនូវកិច្ចព្រមព្រៀងគ្នាចំនួន៣ចំណុចផងដែរ ប៉ុន្តែកិច្ចប្រជុំនោះមិនបានលើកឡើងពីការផ្អាកបាតុកម្មរបស់គណបក្សសង្គ្រោះជាតិទេ គ្រាន់តែសម្រេចថាដោះស្រាយដោយអហិង្សា។(ដោយៈជា ធីរិទ្ធ)
Source from: Vayofm























Loading...




Post a Comment