ជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេច ហ៊ុន សែន និងថ្នាក់ជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោក សម រង្ស៊ី រយៈពេលជិតកន្លះម៉ោង នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ក្រោមព្រះរាជធិបតីរបស់ព្រះមហាក្សត្រ មិនទាន់បានលទ្ធផលជាដុំកំភួននៅឡើយទេ ប៉ុន្ដែបានបង្ហាញតំរុយខ្លះៗ ដែលអាចបញ្ចប់បញ្ហាជាប់គាំងនយោបាយ។
នៅក្នុងជំនួបនោះ សម្ដេចហ៊ុន សែន និងលោក សម រង្ស៊ី បានយល់ព្រមទទួល លិខិតកោះអញ្ជើញតំណាងរាស្ត្រជាប់ឆ្នោតពីព្រះមហាក្សត្រ ដែលលិខិតនោះសម្ដេច ហ៊ុន សែន ទទួលបានចំនួន៦៨ និងលោកសមរង្ស៊ីទទួលបានចំនួន៥៥ដើម្បីចូលរួមបើកសម័យប្រជុំសភាជាលើកដំបូងនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣ខាងមុខនេះ។
បន្ថែមពីលើនេះ មេដឹកនាំជាន់ខ្ពស់គណបក្សទាំងពីរ ក៏គ្រោងជួបគ្នាលើកទីពីរទៀតនៅថ្ងៃចន្ទទី១៦ខែកញ្ញាឆ្នាំ២០១៣ ដែលគណបក្សនីមួយៗ មានអ្នកចូលរួមចំនួន៦នាក់ ដើម្បីស្វែងរកផ្លូវដោះស្រាយបញ្ហានយោបាយនេះ។
ពាក់ព័ន្ធ នឹងជំនួបលើកទីមួយ រវាងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនេះ ប្រធានអង្គការឃ្លាំមើល ការបោះឆ្នោតនិចហ្វិក លោក ហង្ស ពុទ្ធា លើកឡើង ថា នេះជាជំហាន រីកចំរើនមួយ ដែលមេដឹកនាំជាន់ខ្ពស់គណបក្សទាំងពីរ យល់ព្រមជួបមុខគ្នា តាមការកោះអញ្ជើញរបស់ព្រះមហាក្សត្រ ទោះបីមិនទាន់មានលទ្ធផលភ្លាមៗ ក៏ដោយ។
លោកហង្ស ពុទ្ធា មានសង្ឃឹម ថា ការជួបគ្នាលើកទ២ នៅថ្ងៃច័ន្ទដើមសប្ហាហ៍ក្រោយនេះ មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងអាចដោះស្រាយបញ្ហាបាន ដើម្បីផលប្រយោជន៍ជាតិទាំងមូល។
សំលេងៈ
ចំណែកលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសារទរចំពោះការជួបគ្នាលើកទីមួយនេះ រវាងមេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ ចាប់តាំងពីការបោះឆ្នោតជាតិអណ្ណត្ដិទី៥ បានបញ្ចប់ ហើយលោកស្នើឲ្យការជួបគ្នាលើកទីពីរ នៅថ្ងៃច័ន្ទ ត្រូវលើកយករបៀបវារៈណាមួយ ដែលអាចដោះស្រាយបញ្ហាបាន។
សំលេងៈ
យ៉ាងណាក៏ដោយ គេនៅមិនប្រាកដ ថា ការជួបគ្នាលើកទីពីរ អាចដោះស្រាយបញ្ហាបាននោះទេ ព្រោះថា ជំហរគណបក្សទាំងពីរ នៅតែខ្វែងគ្នាដដែល ដោយគណបក្សសង្គ្រោះជាតិ នៅតែចង់បង្កើតគណៈកម្មការឯករាជ្យ ដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតដដែល និងគណបក្សប្រជាជនកម្ពុជា ចង់បង្កើតរដ្ឋាភិបាលថ្មីក្នុងពេលឆាប់ៗនេះ៕(ដោយៈឃួន សុភ័ក្រ)
Source from: Vayofm























Loading...




Post a Comment