ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានរងរបួសធ្ងន់ ដោយសារតែត្រូវម៉ូតូមួយគ្រឿង បើកបុកពេញទំហឹង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវជាតិ លេខ៥ ម្តុំមុខវត្តមុងចិន ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុំ យឹង ភេទស្រី អាយុ៥២ឆ្នាំ មានទីលំនៅម្តុំកន្លែងកើតហេតុ។ ចំណែកអ្នកម៉ូតូបង្កមានឈ្មោះ ផាន ញ៉ូវ ភេទប្រុស អាយុ២៥ឆ្នាំ ជាកម្មករចូកខ្សាច់ នៅកន្លែងលក់គ្រឿងសំណង់មួយកន្លែង។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ គេបានឃើញយុវជនបង្កបានបើកម៉ូតូមួយគ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១J-៥០៧២ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនដូចផ្លេកបន្ទោរ។ ខណៈពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែជនបង្កបានវ៉ាកនឹងឆ្កែមួយក្បាលដែលរត់កាត់ពីមុខ គេក៏បានទាញចង្កូតគេច ក៏ស្រាប់តែជ្រុលទៅបុកជនរងគ្រោះពេញទំហឹង បណ្តាលឲ្យអ្នកបើកបរ និងជនរងគ្រោះ ដួលរងរបួស ដូចគ្នា។
បន្ទាប់ពីកើតហេតុ អាជ្ញាធរមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីអន្តរាគមន៍ ដោយបានបញ្ជូនអ្នករបួសទាំង២នាក់ទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source from: watphnom-news.com























Loading...




Post a Comment