ខេត្តបាត់ដំបង ៖ នគរបាលសេដ្ឋកិច្ច សហការជាមួយកម្លាំង អន្តរាគមន៍ពិសេស កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ បានធ្វើការបង្ក្រាប រថយន្តកាមរីមួយគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ ៥៧អា ស្ថិតក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលដឹកឈើគ្រញូង ចំនួន ២១ ដុំទម្ងន់ ៣១៨ គីឡូក្រាមប្រគល់ឲ្យមន្ត្រីជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នៅស្នងការរដ្ឋាន នគរបាលខេត្តបាត់ដំបង។
លោក ម៉ៅ រង្សី នាយការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា រថយន្តដែលសមត្ថកិច្ច បង្ក្រាបបានគឺម៉ាកកាមរី ស៊េរីឆ្នាំ១៩៩៣ ចង្កូតស្តាំពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A1681 ហើយនៅក្នុងរថយន្ត មានឈើគ្រញូងចំនួន ២១ ដុំទម្ងន់ ៣១៨ គីឡូក្រាម ហើយក្នុងនោះសមត្ថកិច្ច បានរកឃើញស្លាកលេខ កណ្តាល 2A2528 ចំនួនមួយផ្ទាំង ដែលគេទុកសម្រាប់ ផ្លាស់ប្តូរតាមផ្លូវ។
លោក ម៉ៅ រង្សី បានបញ្ជាក់ថា រថយន្តដឹកឈើ បានធ្វើដំណើរ ពីទិសខាងលិច ចូលក្រុងបាត់ដំបង ហើយមិនដឹងមកតាម ច្រករបៀងព្រំដែនណាមួយទេ ដូចជាច្រករបៀង នៅស្រុកសំឡូត ច្រករបៀងរបស់ខេត្តប៉ៃលិន ច្រករបៀងស្រុកកំរៀង ភ្នំព្រឹក សំពៅលូន និងច្រករបៀងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាដើម។ រថយន្តនិងឈើគ្រញូង ដែលបង្ក្រាប ត្រូវបានប្រគល់ឲ្យជំនាញខណ្ឌរដ្ឋបាលព្រៃឈើ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ នេះដើម្បីចាត់ចែង តាមផ្លូវច្បាប់៕
Source from: watphnom-news.com























Loading...




Post a Comment