អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានឲ្យដឹង នៅថ្ងៃទី១៦ ខែកញ្ញា ថា បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងនៅតែបន្ដធ្វើដដែល បើទោះបីជា មានជំនួបកំពូលរវាងមេដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ជាមួយមេដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក៏ដោយ និងបើទោះបីជា គណបក្សទាំងពីរ បានឯកភាពគ្នាលើចំណុចមួយចំនួនក៏ដោយ។
លោក យឹម សុវណ្ណ បានបន្ដ ថា នៅក្រោយបាតុកម្មរយៈពេល៣ថ្ងៃនេះ គណបក្សសង្គ្រោះជាតិ នឹងគិតគូរ ថា នឹងធ្វើអ្វីបន្ដទៀត។
គួរបញ្ជាក់ ថា គណបក្សសង្គ្រោះជាតិ បានប្រកាសធ្វើបាតុកម្មរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ដើម្បីស្វែងរកយុត្ដធម៌ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត តាមរយៈការទាមទារ ឲ្យបង្កើតគណៈកម្មការឯករាជ្យ ស៊ើបអង្កេតភាពមិនប្រក្រតី នៃការបោះឆ្នោត។ បាតុកម្មថ្ងៃទី១ កាលពីថ្ងៃទី១៥ ខែកញ្ញា មានការផ្ទុះអំពើហិង្សា រវាងក្រុមបាតុករ និងសមត្ថកិច្ច ដោយនៅក្នុងអំពើហិង្សានោះ បានបណ្ដាលឲ្យយុវជនម្នាក់បានស្លាប់ និងរងរបួសមួយចំនួនទៀត។
ដោយឡែក បាតុកម្មថ្ងៃទី២ កាលពីថ្ងៃទី១៦ ខែកញ្ញា ហាក់មានភាពស្ងប់ស្ងាត់ មិនមានអំពើហិង្សាផ្ទុះឡើងនោះទេ ដោយបាតុករ មិនមានការដើរក្បួនឡើយ គ្រាន់តែជួបគ្នា នៅទីលានប្រជាធិបតេយ្យប៉ុណ្ណោះ។
បាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នឹងបញ្ចប់នៅថ្ងៃទី១៧ ខែកញ្ញានេះ ហើយបាតុកម្មរយៈពេល២ថ្ងៃចុងក្រោយនេះ ជាបាតុកម្មដែលធ្វើឡើង ដោយគ្មានការអនុញ្ញាតពីសាលារាជធានីភ្នំពេញឡើយ។
ស្ថានភាពបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី២ ហាក់មានភាពស្ងប់ស្ងាត់ ដោយសារមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងមេដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានជួបពិភាក្សាគ្នា និងបានឯកភាពគ្នាចំនួន៣ចំណុច ដោយគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ ចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ ដែលអំពាវនាវឲ្យ ក្រុមបាតុករ និងសមត្ថកិច្ចបញ្ឈប់ការប្រើអំហិង្សា តាមគ្រប់រូបភាព។ ភាគីទាំងពីរព្រម ព្រៀងគ្នា ថា នឹងបង្កើតយន្ដការមួយ ដើម្បីកែទម្រង់ការបោះឆ្នោត នាពេលខាងមុខ។ និងភាគីទាំងពីរ បានសម្រេច ថា នឹងបន្ដជួបចរចាទៅទៀត តាមគ្រប់កំរិត ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ៕(ដោយៈឃួន សុភ័ក្រ)
Source from: Vayofm























Loading...




Post a Comment