ទិដ្ឋភាពជាក់ស្តែងដែលកម្របានឃើញមានការចុះផ្សាយនៅលើទំព័រសារព័ត៌មាន គឺស្ថានភាពប្រែប្រួលយ៉ាងខ្លាំងនៃរូបរាងទាំងនៅខាងក្នុង ទាំងនៅផ្ទៃខាងក្រៅនៃពហុកីឡដ្ឋានជាតិអូឡាំពិក "ស្តាដ" នាសម័យព្រះរាជាណាចក្រកម្ពុជាទី២នៃយើងនេះ ដែលត្រូវបានគេពុះច្រៀក លក់ ដូរ និងជួលស្ទើរតែគ្មានសល់កន្លែងឲ្យក្រុមកីឡាករជម្រើសជាតិហ្វឹកហាត់បានស្រួលបួលឡើយ ។
ឥឡូវនេះ និងម៉ោងនេះ នៅបរិវេណស្តាដអូឡាំពិកភាគខាងត្បូងផ្សារស៊ីធីម៉ល គឺគេកំពុងតែព័ទ្ធរបងធ្វើការសាងសង់ចូលទៅក្នុងទីតាំងដីស្តាដយ៉ាងជ្រៅ និងដែលគេចោទជាសំណួរថា តើជាគម្រោងចាស់របស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាអាណត្តិមុន ឬជាគម្រោងថ្មីរបស់ថ្នាក់ដឹកនាំកាន់តំណែងថ្មីតែមុខចាស់ ដូចជាឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកផ្នែកកីឡា ?
ប្រធានបទ "លក់ ឬ ជួល" ក្រោមស្លាក"អភិវឌ្ឍន៍"នៅបរិវេណជុំវិញស្តាដអូឡាំពិកនេះ បានកើតមានឡើងក្តៅគគុកចាប់តាំងពីឆ្នាំ១៩៩៥មកម្ល៉េះ និងមកដល់ឆ្នាំ២០០៣ ប្រធានបទដ៏ក្តៅដដែលនេះបានធ្វើឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ និងអតីតជាប្រធានរដ្ឋសភា ទាស់ពាក្យសម្តីគ្នាឡើងបែកផ្សែងផ្អើលដល់ព្រះមហាក្សត្រ ។ ប៉ុន្តែនៅទីបំផុត ការអនុវត្តគម្រោងពុះច្រៀកទីតាំងដី និងលក់ ដូរ ជួល ស្តាដអូឡាំពិកជាក់ស្តែង បានកើតមានឡើងនៅក្នុងអាណត្តិដឹកនាំរបស់"សម្តេចតេជោសែន" ជានាយករដ្ឋមន្ត្រីម្នាក់ឯង ។
បើនិយាយអំពីស្តាដអូឡាំពិកដ៏ល្បីល្បាញរបស់ខ្មែរ គឺអ្នកស្នេហាជាតិទាំងឡាយដែលបានដឹងអំពីសាវតារនៃស្តាដ តែងនឹកទៅដល់លោកតា វណ្ណ មូលីវណ្ណ ដែលជាស្ថាបត្យករស្ថាបនាស្តាដខ្មែរដ៏ល្បីនាសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់អង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ជាព្រះប្រមុខ ។
ដោយមិនបាច់រៀបរាប់ច្រើននោះ គេហទំព័រសារព័ត៌មានដើមត្នោត សូមទាញអារម្មណ៍ប្រិយមិត្តអ្នកអានមេត្តាអានអត្ថបទកំណាព្យខ្លីមួយ មានចំណងជើងថា "អនិច្ចាស្តាដខ្មែរ!" ដូចខាងក្រោម ៖
Source from: www.dtn7.com
Post a Comment