យ៉ាងហោចណាស់មានកម្មករ កម្មការិនីចំនួន៥នាក់ ដែលក្នុងនោះមានអនីតិជនចំនួន៣នាក់់ផង ត្រូវបានថៅកែហាងនំមួយមានយីហោឈ្មោះ ឡាយ គាងហួរ បង្ខាំងចាក់សោនៅក្នុងហាងមិនអនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅផ្ទះសម្បែងវិញ ខណៈដែលពួកគេជាកម្មករ កម្មការិនីទាំងនោះលែងស៊ូទ្រាំងបម្រើការងារតទៅទៀតបាន ទោះបីជាកម្មករជាជនរងគ្រោះស្រែកយំអង្វរករយ៉ាងណាក៏ដោយ កាលពីថ្ងៃម្សិលមិញនេះ ។
ហាងនំយីហោ ឡាយ គាងហួរ ដែលបានបង្ខាំងកម្មករ កម្មការិនីតាមវិធីចាក់សោមិនឲ្យវិលត្រឡប់ទៅផ្ទះវិញកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ដល់ម៉ោងប្រមាណ១៥និង៣០នាទីរសៀល នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ម្សិលមិញ មានទីតាំងឋិតនៅក្នុងផ្ទះវិឡាមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលជាកម្មករ កម្មការិនីនៅក្នុងហេតុការណ៍បង្ខាំងមនុស្សខុសច្បាប់ រួមជាមួយនឹងការគំរាមកំហែងនោះ រួមមាន ៖ ១-ឈ្មោះ អាត ឡូត ភេទស្រី អាយុ២៥ឆ្នាំ, ២-ឈ្មោះ អ៊ុំ ណាវី ភេទស្រី អាយុ២៥ឆ្នាំ, ៣-ឈ្មោះ អាត អុង ភេទប្រុស អាយុ១៦ឆ្នាំ, ៤-ឈ្មោះ ស្រី ឃីស ភេទស្រី អាយុ១៥ឆ្នាំ និង៥-ឈ្មោះ សួស ស្រីណាត ភេទស្រី អាយុ១៥ឆ្នាំ ដោយពួកគេទាំងអស់គ្នាមានទីលំនៅភូមិអូរឈើទាល ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តកំពង់ចាម បាននិយាយឲ្យដឹងថា ពួកគេបាននាំគ្នាមកធ្វើការនៅហាងនំនេះអស់រយៈពេល០៦ថ្ងៃមកហើយៗពួកគេត្រូវបានថៅកែហាងនំបង្ខំឲ្យធ្វើការគ្មានពេលសម្រាក ចាប់តាំងពីម៉ោង០៦ព្រឹក រហូតដល់ម៉ោង១៨ល្ងាច ធ្វើ់ឲ្យពួកគេលែងស៊ូទ្រាំបានតទៅទៀត ទើបសុំឈប់ធ្វើការដើម្បីវិលត្រឡប់ទៅផ្ទះសម្បែងវិញ ប៉ុន្តែត្រូវបានអ្នកគ្រប់គ្រងហានំមិនអនុញ្ញាត និងចាក់សោបង្ខាំងពួកគេមិនឲ្យចេញក្រៅឡើយ ។
ក្រុមជនរងគ្រោះទាំងនោះបានបញ្ជាក់ថា ដោយអ្នកគ្រប់គ្រងហាងនំនេះចាក់សោបង្ខាំងពួកគេដូច្នេះ ទើបពួកគេលួចទូរស័ព្ទប្រាប់ទៅបងប្អូនឯស្រុកកំណើតឲ្យប្តឹងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍រំដោះចេញពីហាង រួចហើយក៏មានដំណោះស្រាយនៅថ្ងៃល្ងាចម្សិលមិញ ។ ក្រុមជនរងគ្រោះបានបង្ហើបប្រាប់ឲ្យដឹងទៀតថា នៅមានកម្មករក្មេងៗជាច្រើននាក់ទៀតត្រូវបានថៅកែហាងនំនេះបង្ខាំងឲ្យធ្វើការលើសម៉ោង ប៉ុន្តែពួកគេគ្មានឱកាសបានចេញរួច ដ្បិតមានអ្នកចាក់សោការពារផង និងគំរាមកំហែងផង ។
ចំណុចគួរឲ្យចាប់អារម្មណ៍នៅក្នុងករណីថៅកែហាងនំយីហោ ឡាយ គាងហួរ ប្រើប្រាស់កម្លាំងពលកម្មជាកម្មករមិនគ្រប់អាយុ"អនីតិជន" និងបង្ខាំងមនុស្សនោះ គឺនៅត្រង់ថា ពេលលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ មកចុះជួយអន្តរាគមន៍តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ បែរជាមិនបានធ្វើកំណត់ហេតុលើការអនុញ្ញាតចាក់សោពីអ្នកគ្រប់គ្រងហាងនំ ឡាយ គាងហួរ ឲ្យកម្មករទៅផ្ទះវិញ បានប្តឹងប្រឆាំងថៅកែហាងនំនេះទេ ដោយអះអាងថា ជារឿងតូចតាច "Sic!" ។
ដោយឡែក កូនប្រុសរបស់ថៅកែហាងនំ ឡាយ គាងហួរ បានបោះពាក្យសម្តីនាពេលកើតហេតុនោះថា "ហាងនំរបស់គេមិនអង្វរដល់អ្នករាល់គ្នាឲ្យមកធ្វើការទេ ហើយក៏មិនបង្ខាំងមនុស្សខុសច្បាប់អីដែរ គ្រាន់តែចាក់សោមិនឲ្យចេញទៅផ្ទះប៉ុណ្ណោះ" ៕
Source from: www.dtn7.com
Post a Comment