ខេត្តកំពង់ឆ្នាំង ៖ ព្រោះតែខឹងនឹងប្តីមានស្រី និងដើរផឹកស៊ីស្រវឹងរាល់ថ្ងៃ មិនគិតគូរប្រពន្ធកូន ស្ត្រីម្នាក់បានគិតខ្លីក៏សម្រេចចិត្តផឹកថ្នាំ ជ្រលក់មុងប៉ុនប៉ងសម្លាប់ខ្លួន កាលពីវេលាម៉ោង ៥ទៀបភ្លឺ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣ ក្នុងភូមិត្រពាំងជុំ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង តែត្រូវអ្នកភូមិ ដឹកស្ត្រីរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត បានទាន់ពេលវេលា។
ស្ត្រីរងគ្រោះមានឈ្មោះ ដួង សារ៉ាត់ អាយុ ៣៧ឆ្នាំ មានប្តីឈ្មោះ សំណាង អាយុ ៣៥ឆ្នាំ ជាកសិកររស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ មានកូនក្នុងបន្ទុកចំនួន ២នាក់។ មុនពេលកើតហេតុឈ្មោះ ដួង សារ៉ាត់ អាយុ បានងើបពីព្រលឹមស្រាងៗ មកបង្កាត់ភ្លើងចង្ក្រានដាំខ្លាញ់ បង់ចេកចៀនលក់នៅមុខផ្ទះ ដូចសព្វមួយដង។ ខណៈនោះនាងបានវិលមុខដួល ក្អួតចង្អោរហើយនិយាយប្រាប់អ្នកជិតខាងថា នាងបានផឹកថ្នាំជ្រលក់មុង បំណងអោយពុលស្លាប់ ព្រោះតែខឹងនឹងប្តី ស៊ីផឹកស្រវឹងរាល់ថ្ងៃ ព្រមទាំងលួចលាក់មានស្រីទៀតផង។
នៅពេលជាតិធ្វើទុក្ខខ្លាំងឈ្មោះ ដួង សារ៉ាត់ អាយុ បានស្រែកឲ្យគេជួយ បន្ទាប់មកក្រុមគ្រួសារ ក៏បានជួលរថយន្តតាក់ស៊ីនៅក្នុងភូមិ ដឹកបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត នៅវេលាម៉ោង ៧ និង៤០នាទីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣។ តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យ សភាពពុលរបស់ស្ត្រីរងគ្រោះ ពុំមានអាការៈធ្ងន់ធ្ងរនោះទេ គឺក្រុមគ្រូពេទ្យអាចជួយសង្គ្រោះជីវិតបាន។ គេបានសង្កេតឃើញថា កន្លងមកមានមនុស្សប្រុសស្រី មួយចំនួនបានយកថ្នាំពុលធ្វើ ជាអាវុធសម្លាប់ខ្លួន ព្រោះតែមានវិបត្តិផ្លូវចិត្តដែលពួកគេយល់ថា មិនអាចដោះស្រាយបាន៕
Source from: watphnom-news.com























Loading...




Post a Comment