ខេត្តបាត់ដំបង ៖ ដោយសារមានគំនុំជាមួយគូជម្លោះ បុរសម្នាក់បានដាក់ចានថ្ម តាមខ្លួនពេលចូលរាំធុងបាស់ ឃើញបុរសម្នាក់ទៀត ស្រដៀងគូជម្លោះ បានយកចានវាយសំពង ចំក្បាលបែកហូរឈាម ក្រោយមកក៏ត្រូវនគរបាលឃាត់ខ្លួនទើបដឹងថា ជាករណីវាយមនុស្សច្រឡំ កាលពីកាលពី ២២និង៣០ នាទីយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នៅចំណុចបរិវេណវត្តភ្នំប្រាំពីរ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ សម្បត្តិ បូរ អាយុ ២៣ ឆ្នាំរស់ក្នុងភូមិកើតហេតុ ដោយដកហូតបាន ចានថ្មចំនួនមួយ ដែលជាវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿង ពីបទហិង្សាដោយចេតនា ទៅស្នងការរដ្ឋាននគរបាលខេត្ត កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៣ ចាត់ការតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះមានឈ្មោះ ឆេង សុភ័ក្ត្រ អាយុ ២០ ឆ្នាំរបួសក្បាលចំនួន ១២ ថ្នេរមានទីលំនៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
មុនពេលកើតហេតុនៅម៉ោង ២២និង៣០ នាទីថ្ងៃទី១៥ ខែតុលា ពេលរាំធុងបាស់គេឃើញឈ្មោះ សម្បត្តិ បូរ បានយកចានវាយក្បាលឈ្មោះ ឆេង សុភ័ក្ត្រ ដែលកំពុងតែរាំ តែមិនដឹងថាវាយដោយមូលហេតុអ្វីនោះទេ។ ឈ្មោះ សម្បត្តិ បូរ បានសារភាពថា ខ្លួនចេញពីផ្ទះបានលាក់ចានថ្ម នៅក្នុងអាវទុកវាយឈ្មោះ អ៊ែរ ដែលធ្លាប់ឈ្លោះគ្នាពីមុន ហើយពេលកំពុងតែរាំស្រាប់តែឃើញមនុស្សម្នាក់ ពាក់មួកទាហានមានភិនភាគដូចឈ្មោះ អ៊ែរ ខ្លួនក៏យកចានថ្មវាយក្បាល រួចគេចខ្លួន។ តែពេលនោះបានជ្រុះអាវ មួយសន្ទុះក្រោយមក ខ្លួនបានត្រឡប់មកយកអាវវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕
Source from: watphnom-news.com
Post a Comment