តុលាការកំពូលគ្រោងនឹងលើកយកសំណុំរឿងក្តីវិវាទដីធ្លីមួយកន្លែងទំហំប្រមាណ៨៨០ម៉ែត្រក្រឡា ឋិតនៅភូមិត្រពាំងផ្លុង១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម រវាងប៉ូលិសក្រីក្រម្នាក់ឈ្មោះ ទូច ញ៉ និងអ្នកមានលុយឈ្មោះ សៀង ស៊ីថា ដែលមានលោកឧកញ៉ាជាន់ដីខេត្តកំពង់ចាមផ្អៀងម្នាក់ឈ្មោះ លឹម ហុងឈាង នៅពីក្រោយខ្នង មកបើកសវនាការជំនុំជម្រះ"បំពេញនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់" នៅលើបណ្តឹងសាទុក្ខលើកទី២ ដែលមានចៅក្រមជំនុំជម្រះរហូតដល់ទៅចំនួន៩រូប នៅថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៣ស្អែកនេះ ។
ដំណើរការនីតិវិធីជម្រះក្តីនៅក្នុងសំណុំរឿងវិវាទដីធ្លីមានរយៈពេល៧ឆ្នាំ០២ខែមកហើយនេះ គឺធ្លាប់ត្រូវបានសាលាដំបូងខេត្តកំពង់ចាម និងសាលាឧទ្ធរណ៍"កាត់ក្តីនៅសាលាឧទ្ធរណ៍ចំនួន២ដង" សម្រេចឲ្យប៉ូលិសក្រីក្រឈ្មោះ ទូច ញ៉ ចាញ់ក្តីអ្នកមានលុយឈ្មោះ សៀង ស៊ីថា ជាប់ៗគ្នា ។ ប៉ុន្តែមកដល់តុលាការកំពូល"កាត់ក្តីលើបណ្តឹងសាទុក្ខលើកទី១" សម្រេចឲ្យឈ្មោះ ទូច ញ៉ បានឈ្នះក្តីលើឈ្មោះ សៀង ស៊ីថា វិញ "បង្វិលឲ្យសាលាឧទ្ធរណ៍កាត់ក្តីសាជាថ្មី" ។ ឥឡូវវគ្គនេះគឺជាការជម្រះក្តីបញ្ចប់លើបណ្តឹងសាទុក្ខលើកទី២នៅតុលាការកំពូល ក្នុងសំណុំរឿងតែម្តង ។
រឿងហេតុនៃករណីវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះមានដូចតទៅ ៖
១-ឈ្មោះ ទូច ញ៉ បានកាន់កាប់ គ្រប់គ្រង និងរស់នៅលើទីតាំងដីទំនាស់ទំហំប្រមាណ៨៨០ម៉ែត្រក្រឡា ចាប់តាំងពីឆ្នាំ១៩៩៣ ដោយមិនមានជំទាស់អ្វីឡើយ ។
២-នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៦ ឈ្មោះ សៀង ស៊ីថា "អះអាងថា បានទិញដីមានប្លង់ទំហំ៨.៥៦២ម៉ែត្រក្រឡាពីឈ្មោះ នៅ ធា នាឆ្នាំ២០០១" បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពង់ចាម ដោយប្តឹងឲ្យឈ្មោះ ទូច ញ៉ រុះរើលំនៅឋានចេញពីទីតាំងដីទំនាស់ដែលមានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ កច០០៦០៦៩(BI0025) ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០០ ។
៣-តាមចម្លើយបំភ្លឺរបស់ឈ្មោះ នៅ ធា បានឲ្យដឹងថា ខ្លួនបានទិញដីទំហំ៨.៥៦២ម៉ែត្រក្រឡាពីឈ្មោះ ទូច សំហ៊ន នាអំឡុងឆ្នាំ១៩៩៧ រួចហើយខ្លួនក៏បានលក់ដីនេះបន្តឲ្យទៅឈ្មោះ សៀង ស៊ីថា ។
៤-តាមចម្លើយបំភ្លឺរបស់ឈ្មោះ ទូច សំហ៊ន បានឲ្យដឹងថា ខ្លួនមានដីមួយកន្លែងទំហំប្រមាណ៨.០០០ម៉ែត្រក្រឡា ឋិតនៅជាប់ព្រំប្រទល់គ្នានឹងដីរបស់ឈ្មោះ ទូច ញ៉ ។ ខ្លួនបានលក់ដីនេះឲ្យទៅឈ្មោះ នៅ ធា ប្រាកដមែន ប៉ុន្តែមិនមានទំហំដល់ទៅ៨.៥៦២ម៉ែត្រក្រឡាដែលប៉ះពាល់ដល់ដីរបស់ឈ្មោះ ទូច ញ៉ នោះឡើយ ។
ចំណុចវិវាទនៅក្នុងសំណុំរឿងក្តីនេះ គឺ ៖ ឈ្មោះ ទូច ញ៉ បានកាន់កាប់ គ្រប់គ្រង និងរស់នៅលើទីតាំងដីទំនាស់ទំហំប្រមាណ៨៨០ម៉ែត្រក្រឡា ចាប់តាំងពីឆ្នាំ១៩៩៣ ។ រីឯឈ្មោះ សៀង ស៊ីថា ទទួលបានដីមានប្លង់ទំហំ៨.៥៦២ម៉ែត្រក្រឡាតាមរយៈលទ្ធកម្មនៃការទិញពីឈ្មោះ នៅ ធា និងឈ្មោះ នៅ ធា ទទួលបានដីនេះតាមការទិញពីឈ្មោះ ទូច សំហ៊ន ខណៈដែលឈ្មោះ ទូច សំហ៊ន អះអាងថា បានលក់ដីឲ្យឈ្មោះ នៅ ធា មានទំហំត្រឹមប្រមាណ៨.០០០ម៉ែត្រក្រឡាប៉ុណ្ណោះ ដែលមានព្រំប្រទល់ជាប់គ្នានឹងដីរបស់ឈ្មោះ ទូច ញ៉ ។
ពាក់ព័ន្ធនឹងសំណុំរឿងក្តីនេះដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអង្កេតស្រាវជ្រាវរកឃើញថា ឈ្មោះ ទូច ញ៉ ពិតជាបានកាន់កាប់ និងរស់នៅលើដីទំហំប្រមាណ៨៨០ម៉ែត្រក្រឡាទល់បច្ចុប្បន្ន ។ រីឯដំណើរការកសាងប្លង់ដីលេខ កច០០៦០៦៩ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០០ មានភាពខ្វះចន្លោះពាក់ព័ន្ធនឹងចម្លើយរបស់អ្នកស្នើសុំចុះបញ្ជី និងការស្រង់ព័ត៌មានជុំវិញដីស្នើសុំចុះបញ្ជី ជាហេតុនាំឲ្យជាន់លើដីរបស់ឈ្មោះ ទូច ញ៉ ដែលកំពុងរស់នៅបច្ចុប្បន្ន ដូចមានបញ្ជាក់នៅក្នុងស្មារតីលិខិតលេខ០១សជណ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាល ចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ប្រការដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនៅក្នុងសំណុំរឿងក្តីនេះ គឺ ៖ ទាំងឈ្មោះ សៀង ស៊ីថា ដែលមានលោកឧកញ៉ា លឹម ហុងឈាង ជាន់ដីផ្អៀងនៅខេត្តកំពង់ចាម ឋិតនៅពីក្រោយខ្នងជាបង្អែក ទាំងឈ្មោះ នៅ ធា មិនបានផ្តល់នូវកិច្ចសន្យាលក់-ទិញដីរវាងឈ្មោះ ទូច សំហ៊ន និងឈ្មោះ នៅ ធា មកបង្ហាញឲ្យបានច្បាស់លាស់អំពីទំហំដីពិតប្រាកដ ដើម្បីបញ្ចប់ទំនាស់ និងផ្តល់យុត្តិធម៌ជូនភាគីទាំងសងខាងតាមសំណើរបស់ឈ្មោះ ទូច ញ៉ និងឈ្មោះ ទូច សំហ៊ន ទេ ។
មជ្ឈដ្ឋានអ្នកច្បាប់និងអ្នកតាមដានសំណុំរឿងវិវាទដីធ្លីនេះ បានលើកឡើងថា អនុលោមតាមច្បាប់ភូមិបាល និងអង្គហេតុខាងលើ គឺឈ្មោះ ទូច ញ៉ ពិតជាអាចឡើងជាកម្មសិទ្ធិករនៃដីទំនាស់ទំហំប្រមាណ៨៨០ម៉ែត្រក្រឡា"មន្ត្រីជំនាញវាស់វែងឃើញមានទំហំ៦៤៣,៣១ម៉ែត្រក្រឡា"ប្រាកដមែន ។ រីឯការកសាងប្លង់ដីលេខកច០០៦០៦៩ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០០ មានទំហំ៨.៥៦២ម៉ែត្រក្រឡា"មន្ត្រីជំនាញវាស់វែងឃើញមានទំហំ៦.១១៤,៩០ម៉ែត្រក្រឡា" ដែលមានភាពខ្វះចន្លោះនោះ គឺជាកំហុសឆ្គងរបស់មន្ត្រីជំនាញសុរិយោដី ដែលធ្វើឲ្យជាន់ត្រួតគ្នាទៅលើដីរបស់ឈ្មោះ ទូច ញ៉ ។
ឈ្មោះ ទូច ញ៉ ដែលជាមន្ត្រីប៉ូលិសក្រីក្រ តូចតាច បានសំណូមពរចំពោះក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលដែលមានចៅ ក្រមជំនុំជម្រះចំនួន៩រូបនោះ មេត្តាវិនិច្ឆ័យសេចក្តីផ្តល់យុត្តិធម៌ជូនដល់រូបគាត់ និងក្រុមគ្រួសារគាត់ដែលជាជនក្រីក្រផង៕
Source from: www.dtn7.com
Post a Comment