បុគ្គលិកអ្នកយកព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍អប្សរាម្នាក់ ខណៈកំពុងជិះម៉ូតូតាមផ្លូវសាធារណៈក្បែរមន្ទីររដ្ឋសភាចាស់(បច្ចុប្បន្នតុលាការកំពូល) ឆ្ពោះទៅផ្លូវព្រះស៊ីសុវត្ថិ ទល់មុខសាលសន្និសីទចតុមុខ នៅវេលាម៉ោងប្រមាណ០៨និង៥០នាទីព្រឹក នាថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០១៣នេះ ស្រាប់តែមានអ្នកបើកបររថយន្តទំនើបមួយគ្រឿងម៉ាករ៉ង់រ៉ូវែ ពណ៌ខ្មៅ ធ្វើដំណើរពីត្បូងទៅជើងតាមវិថីព្រះស៊ីសុវត្ថិ បើកកញ្ចក់ស្រែកចេញពីក្នុងរថយន្តថា "ជិះម៉ូតូដូចហ្អែងប្រយ័ត្នងាប់" ។
បន្ទាប់ពីឮសម្តីបែបប្រមាថដូច្នេះ ទើបអ្នកយកព័ត៌មានរូបនោះជិះម៉ូតូដេញតាមរថយន្ត ដើម្បីធ្វើការសួរនាំទៅអ្នកបើកបររថយន្តឲ្យបានច្បាស់ តែរថយន្តនោះមិនបានឈប់ទេ ហើយក៏បើកចូកទៅក្នុងហាងមួយឋិតនៅក្បែរវត្តឧណ្ណាលោមធ្វើព្រងើយបាត់ទៅ ដូចមិនបានដឹងខ្លួនថា ខ្លួនបានធ្វើអ្វីទាល់តែសោះ ។
បុរសដែលមិនស្គាល់អត្តសញ្ញាណជាអ្នកបើកបររថយន្តទំនើបម៉ាករ៉ង់រ៉ូវែ ពណ៌ខ្មៅ ដែលប្រមាថទៅលើអ្នកយកព័ត៌មានស្ថានីយ៍ទូរទស្សន៍អប្សរាកំពុងជិះម៉ូតូតាមផ្លូវនោះ មានអាយុប្រមាណ៥០ឆ្នាំ មានសក់ពណ៌ក្រហម និងរថយន្តពាក់ស្លាកលេខភ្នំពេញ 2Z-7777 ។
នេះគឺជាអំពើមួយដែលឆ្លុះបញ្ចាំងឲ្យឃើញថា នៅក្នុងសង្គមខ្មែរបច្ចុប្បន្នមានអ្នកមានទ្រព្យសម្បត្តិលុយកាក់ និងមានអំណាចមួយចំនួនជិះរថយន្តសុទ្ធតែទំនើបៗ ប៉ុន្តែមានចរិតថោកទាបជាទីបំផុត តួយ៉ាងដូចជាបុរសអ្នកបើកបររថយន្តទំនើបម៉ាករ៉ង់រ៉ូវែ ពាក់ស្លាកលេខភ្នំពេញ 2Z-7777 នេះជាដើម ហ៊ានប្រមាថអាយុជីវិតអ្នកជិះម៉ូតូតាមផ្លូវសាធារណៈដែលមិនមានការប៉ះពាល់ដល់ខ្លួនអ្វីបន្តិចសោះនោះ ៕
Source from: www.dtn7.com
Post a Comment