តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បានទទួលរងនូវការឈឺចាប់ផ្នែកផ្លូវចិត្ត ដោយសារអ្នកសារព័ត៌មានក្នុងស្រុកមួយបានសរសេរអត្ថបទភ្ជាប់អំពើសប្បុរសធម៌របស់នាងក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅប្រទេសកម្ពុជា ទៅនឹងគណបក្សនយោបាយប្រឆាំង ។
តាមរយៈ Video Clip របស់នាង តារាចម្រៀង ពេជ្រ សោភា បានបង្ហាញឲ្យឃើញអំពីទឹកចិត្តសប្បុរសរបស់នាងក្នុងការនាំយកអំណោយជួយដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ប៉ុណ្ណោះ គឺមិនពាក់ព័ន្ធទៅនឹងគណបក្សនយោបាយណាមួយទេ ប៉ុន្តែបែរជាអ្នកកាសែតសរសេរចុះផ្សាយភ្ជាប់ទឹកចិត្តរបស់នាងទៅនឹងគណបក្សនយោបាយ ជាពិសេសគណបក្សប្រឆាំងទៅវិញ ។
តារាចម្រៀងរូបនេះបានបញ្ជាក់ថា នាងជាអ្នកចម្រៀង ទោះបីគណបក្សនយោបាយណាមួយជាប់ឆ្នោតក៏ដោយ ក៏នាងនៅតែជាអ្នកចម្រៀងដដែល ។ នាងឋិតនៅកណ្តាល ឬមួយពួកគេជាអ្នកកាសែតចង់ឃើញនាងឥតការងារធ្វើ ដើម្បីចិញ្ចឹមជីវិត និងគ្រួសារ ។
អ្នកនាង ពេជ្រ សោភា ធ្លាប់បានប្រកាសថា ពេលនាងវិលត្រឡប់ពីសម្តែងនៅសហរដ្ឋអាមេរិកមកដល់ប្រទេសកម្ពុជាវិញ នាងនឹងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយសារទឹកជំនន់ ។ នាងសូមស្វាគមន៍ចំពោះសប្បុរសជននានាដែលមានបំណងចង់ចូលរួមជាមួយនាង ដោយនាងបានតម្រូវឲ្យទាក់ទងទៅលោក Peypey Dy ដែលមានលេខទូរស័ព្ទ ០១០ ៥៧០ ០៦៧ និងជាម្ចាស់ Page ដ៏ធំមួយក្នុងបណ្តាញសង្គម Facebook មានអ្នក Like Page ចំនួន125K "ជាង១២ម៉ឺននាក់" ។
មជ្ឈដ្ឋានអ្នកតាមដានកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ប្រសិនបើផលិតកម្មរស្មីហង្សមាសបញ្ឈប់តារាចម្រៀង ពេជ្រ សោភា ពីក្នុងផលិតកម្ម ព្រោះតែហេតុផលទឹកចិត្តសប្បុរសរបស់នាងជួយដល់ជនរងគ្រោះដោយទឹកជំនន់តាមម្ចាស់ Page មួយឈ្មោះ Peypey Dy នោះ គឺជារឿងអយុត្តិធម៌ណាស់សម្រាប់រូបនាង ហើយក៏មានន័យថា នៅស្រុកខ្មែរមានអំពើរើសអើងដល់កម្រិតកំពូលកែលែងកើតតែម្តង ៕
Source from: www.dtn7.com
Post a Comment